ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការពង្រីកកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ គឺត្រូវតែបន្តទៅមុនជានិច្ច ព្រោះវាជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា

51

 

ខេត្តព្រះ​សីហនុ ៖ ពីវេទិកា​ជួបសំណេះ​សំណាលជា​មួយ​កម្មករ និយោជិតនៅតំបន់សេដ្ឋកិច្ច​ពិសេស​ខេមបូឌា ចេជាង ហ្គ័រជី អេសអ៉ីហ្សេត ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះ​សីហនុ នៅព្រឹកថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសាទរ និងរីករាយ ចំពោះការចាប់ផ្តើមដំណើរការការដ្ឋានសាងសង់កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ដំណាក់កាលទី១ មុនដាច់ឆ្នាំ២០២៣។

សម្តេចធិបតី ក៏បានប្រកាសដាក់ចេញមហិច្ឆតា ប្រែក្លាយកំពង់ផែព្រះសីហនុ ជាកន្លែងផ្ទេរទំនិញដ៏សំខាន់របស់កម្ពុជា។ រាជរដ្ឋាភិបាលកំពុងដាក់ចេញផែនការមេ អភិវឌ្ឍន៍ខេត្តព្រះសីហនុ និងខេត្តជាប់សមុទ្រ ដោយមិនយកខេត្តជាប់សមុទ្រដទៃ មកប្រកួតប្រជែងជាមួយខេត្តព្រះសីហនុនោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រគល់ភារកិច្ចនេះ ជូនឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល គិតគូរពីការអភិវឌ្ឍន៍ផែ នៅខេត្តជាប់សមុទ្រមួយនេះ។ សម្តេចបានថ្លែងថា ដើម្បីទាក់ទាញទេសចរណ៍ចូលខេត្តព្រះសីហនុ ត្រូវភ្ជាប់ជើងហោះហើរ ជាមួយតំបន់ទេសចរណ៍ល្បីៗក្នុងតំបន់។

សម្តេចធិបតីបានបង្ហាញក្តីរំពឹងថា ៥ ទៅ១០ឆ្នាំខាងមុខទៀត ខេត្តព្រះសីហនុ ប្រែក្លាយទៅជាខេត្ត ដែលប្រជាពលរដ្ឋមានចំណូលខ្ពស់ ហើយដរាបណាបក្សប្រជាជនកម្ពុជា នៅតែដឹកនាំប្រទេស ខេត្តព្រះសីហនុ នឹងទទួលបានការអភិវឌ្ឍកាន់តែរីកចម្រើន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ខេត្តព្រះសីហនុ ជាមួយខេត្តជាប់មាត់សមុទ្រមានសក្តានុពលក្នុងការអភិវឌ្ឍកំពង់ផែទឹកជ្រៅ ហើយក៏ជាផែមួយដ៏សំខាន់របស់កម្ពុជា តាមពីមុនសម័យសង្គ្រាម ដូច្នេះហើយរាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំអភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុនេះឱ្យកាន់តែមានភារីចម្រើនបន្ថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា កំពង់ផែព្រះសីហនុ មានការចរាចរណ៍កុងតឺន័រ ខណៈដែលការគ្រោងទុកនឹងមានកុងតឺន័រតែ ៥៥ម៉ឺននោះទេ ក្នុងមួយឆ្នាំ ប៉ុន្តែ ប៉ុន្មានឆ្នាំនេះមានកុងតឺន័រចល័តជាង ៧៥ម៉ឺនកុងតឺន័រ។ ដូច្នេះ ដើម្បីបំពេញសេចក្តីត្រូវការរាជរដ្ឋាភិបាលពង្រីកកំពង់ផែនេះឱ្យមានទំហំធំ និងជ្រៅជាងមុន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «កន្លងទៅយើងបានធ្វើច្រើន អីឡូវយើងកំពុងតែកែប្រែកន្លែងកុងតឺន័រ ដើម្បីចូលកប៉ាល់​បប៉ុន្តែអ្វីដែលសំខាន់យើងបានធ្វើការជាមួយជប៉ុន ដើម្បីយកមកវិនិយោគពង្រីកផែទឹកជ្រៅរបស់យើង ដំណាក់កាលទី១ ខ្ញុំសង្ឃឹមថានឹងបានបុកគ្រឹះមុនដាច់ឆ្នាំ២០០២៣»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាជាមួយប្រធាន JICA ដើម្បីជំរុញការចរចាបញ្ចប់ការទម្លាក់ថវិកាសម្រាប់បុកគ្រឹះជំហានទី១ ក្នុងការពង្រីកផែទឹកជ្រៅខេត្តព្រះសីហនុ ឱ្យបានមុនដំណាច់ឆ្នាំ២០២៣ ដែលជាឆ្នាំដ៏សំខាន់សម្រាប់កម្ពុជា និងជប៉ុន គឺខួបអនុស្សាវរីយ ៧០ឆ្នាំ នៃការបង្កើតចំណងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា កម្ពុជា និងជប៉ុន នឹងរួមគ្នាធ្វើ ដើម្បីពង្រីកកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុនេះ ឱ្យមានលេចចេញជារូបរាងឡើង។ ខណៈកំពង់ផែខេត្តព្រះសីហនុ បច្ចុប្បន្ននេះ អាចឱ្យកុងតឺន័រដឹកទំនិញចូលចតបានតែ ៩.៥០ម៉ែត្រ ដូច្នេះ កំពង់ផែខេត្តព្រះសីហនុ ទទួលទំនិញបានតែជាង ១៨ភាគរយនៃទំនិញប៉ុណ្ណោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសដាក់ចេញមហិច្ឆតាប្រែក្លាយកំពង់ផែព្រះសីហនុ ជាកន្លែងផ្ទេរទំនិញ។ ប្រសិនបើការពង្រីកកំពង់ផែទឹកជ្រៅដំណាក់កាលទី១នេះ ទទួលបានជោគជ័យនោះកំពង់ផែទឹកជ្រៅនេះ អាចមានលទ្ធភាពទទួលកុងតឺន័រដឹកទំនិញប្រមាណ៩៣ភាគរយ វានឹងកាត់បបន្ថយតម្លៃការការដឹកជញ្ជូនតាមផ្លូវទឹក ដែលពីមានតម្លៃចន្លោះ៤០០ ឬ៥០០ដុល្លារ មកត្រឹម២០០ដុល្លារ ក្នុងមួយកុងតឺន័រ។

បន្ថែមពីនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ប្រសិនបើថ្ងៃអនាគតកម្ពុជា អាចពង្រីកកំពង់ទឹកជ្រៅជំហានទី២ ឬជំហានទី៣នោះ នៅថ្ងៃអនាគតកំពង់ផែនឹងអាចទទួលបានកុងតឺន័រកាន់តែច្រើន ដែលដឹកទំនិញឆ្លងកាត់ដែលវានឹងផ្តល់ឱកាសការងារកាន់តែច្រើនឡើង ដល់ប្រជាពលរដ្ឋ ជាពិសេសជំរុញកំណើនសេដ្ឋកិច្ចជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការពង្រីកកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ គឺត្រូវតែបន្តទៅមុនជានិច្ច ព្រោះវាជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅនេះ អាចជាចំណតកប៉ាល់ធំ ផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូន និងកាត់បន្ថយការដឹកជញ្ជូនឱ្យមានតម្លៃទាបនាពេលអនាគតផងដែរ។ ចំណតកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងជំហានទី១ ដែលមានប្រវែង ៣៥០ម៉ែត្រ និងជម្រៅទឹក ១៤.៥ម៉ែត្រ ដោយទទួលបានប្រាក់កម្ចីជាង ២០០លានដុល្លារពីជប៉ុន នឹងចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំ២០២២ និងបញ្ចប់ការសាង់សង់នៅដើមឆ្នាំ២០២៥ ខណៈបច្ចុប្បន្ននេះ សម្រេចបានការគូសប្លង់រួចរាល់ហើយ និងកំពុងដំណើរការដេញថ្លៃ។

នៅពេលដែលកំពង់ផែទឹកជ្រៅនេះ សាងសង់រួចរាល់នៅឆ្នាំ២០២៥ នឹងអាចអនុញ្ញាតឲ្យកប៉ាល់ដែលសមត្ថភាពផ្ទុក កុងតឺន័ររហូតដល់ជាង ៤ពាន់កុងតឺន័រ អាចចូលចតដែលពេលនោះកប៉ាល់ប្រមាណ ៩៣% នៃកប៉ាល់ក្នុងតំបន់អាស៉ី ចូលចតនៅកម្ពុជាបាន ដែលនឹងធ្វើឱ្យតម្លៃដឹកជញ្ជូនទាបជាងមុន ដែលតាមការប៉ាន់ស្មានតម្លៃដឹកជញ្ជូន អាចចុះជាង ២០០ដុល្លារក្នុងមួយកុងតឺន័រ។

បច្ចុប្បន្ននេះកំពង់ផែស្វយ័តក្រុងព្រះសីហនុ អាចអនុញ្ញាតឱ្យនាវាក្នុងតំបន់អាស៊ីប៉ាស៉ីហ្វិច ចូលបានតែប្រមាណតែ ១៨%ប៉ុណ្ណោះ មានន័យថា ក្នុងចំណោម ១០០កប៉ាល់ អាចចូលចតបានតែ១៨ ឬ ១៩កប៉ាល់ និងអនុញ្ញាតឱ្យនាវាដែលផ្តុកកុងតឺន័រ បានតែ ១៥០០ប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង