ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាឆ្នាំ ២០៣០៖ ការធ្លាក់ល្បឿនសេដ្ឋកិច្ច ជាឱកាសសម្រាប់បង្កើនល្បឿនកំណែទម្រង់

63

ភ្នំពេញ ៖ បើតាមរបាយការណ៍ដែលចេញផ្សាយដោយធនាគារពិភពលោកនាថ្ងៃទី 9 ខែមករាឆ្នាំ 2024បានឱ្យដឹងថា ប្រទេសកម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។ ក្នុងអំឡុងមួយទសវត្សរ៍មុននឹងមានការផ្ទុះជំងឺកូវីដ-១៩ ប្រទេសនេះរក្សាបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រាជាមធ្យម ៧ ភាគរយក្នុងមួយឆ្នាំ និងបំណុលសាធារណៈឱ្យនៅខាងក្រោម ៤០ភាគរយ នៃផលិតផលក្នុងស្រុកសរុប។ កំណើនដ៏ឆាប់រហ័សនេះ បាននាំមកនូវផលចំណេញលឿនដូចគ្នាដែរ នៅក្នុងការកាត់បន្ថយភាពក្រីក្រ ដែល ធ្លាក់ចុះមកនៅអត្រាត្រឹម ១៨ភាគរយ ក្នុងឆ្នាំ២០២០ ពី ២៦ភាគរយ កាលពីប្រាំមួយឆ្នាំមុន។

មានន័យថា ប្រជាជនកម្ពុជាចំនួន ១,២លាននាក់ថែមទៀត ត្រូវបានជួយឱ្យចាកផុតពីជីវភាពរស់នៅក្នុងកម្រិត២,៧ដុល្លារ ឬតិចជាងនេះ ក្នុងមួយថ្ងៃ។ ជាមួយនឹងសមិទ្ធផលជាទីចាប់អារម្មណ៍ទាំងនេះ ក៏នៅមាន៥០ ភាគរយនៃប្រជាជនកម្ពុជា ដែលរស់ក្នុងកម្រិតជីវភាពគិតជាប្រាក់ ៤,១៥ ដុល្លារ ឬតិចជាងនេះ ក្នុងមួយថ្ងៃនៅឡើយ។ ក្នុងន័យនេះ កម្ពុជាត្រូវខិតខំបន្តរក្សាអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ ដើម្បីឈានទៅសម្រេចចក្ខុវិស័យក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងដើម្បីកាត់បន្ថយភាពក្រីក្របន្ថែមទៀត។

ឆ្នាំ២០២៣ បានដល់ទីបញ្ចប់ហើយ ខណៈដែលសន្ទុះសេដ្ឋកិច្ចរបស់កម្ពុជានៅតែបន្តធ្លាក់ចុះ។ ធនាគារពិភពលោកបានព្យាករថា សេដ្ឋកិច្ចឆ្នាំនេះនឹងមានកំណើនក្នុងកម្រិត ៥,៤ភាគរយ ដែលខ្ពស់ជាងគេក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ប៉ុន្តែក៏នៅតែទាបជាងច្រើននៅឡើយ បើប្រៀបទៅនឹងកំណើនប្រចាំឆ្នាំជាមធ្យម ៧,២ភាគរយ ដែលកម្ពុជាសម្រេចបានក្នុងមួយទសវត្សរ៍មុនការរាតត្បាតនៃជំងឺកូវីដ-១៩ (គំនូសតាង 1a)។ ការធ្លាក់ចុះនេះ មួយផ្នែកធំ គឺទាក់ទងជាមួយបរិយាកាសសកលដែលកំពុងជួបការលំបាកច្រើន។ ដោយសារការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុ, បំណុលខ្ពស់ និងការកើនឡើងនូវភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច, កំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានរំពឹងទុកថា នឹងបន្តថយសន្ទុះនៅឆ្នាំក្រោយ ដែលជារយៈពេលបីឆ្នាំជាប់ៗគ្នា។ ចរន្តពាណិជ្ជកម្ម និងការវិនិយោគសកល ដែលកំពុងថយថាមពលស្រាប់ នឹងធ្វើឱ្យចក្ខុវិស័យមានភាពអាប់អួរក្នុងរយៈពេលខ្លី ប៉ុន្តែវាក៏បង្កើនក្តីបារម្ភអំពីទស្សនវិស័យរយៈពេលវែងផងដែរ ជាពិសេសសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ ក្នុងនាមជាប្រទេសមួយតូចមានសេដ្ឋកិច្ចបើកចំហ កម្ពុជាមិនអាចគេចផុតពីការរងផលជះរបស់សភាពការណ៍សកលទាំងនេះឡើយ។

បរិយាកាសនៅខាងក្រៅមិនត្រឹមតែមានចំណែកក្នុងការធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះទេ ប៉ុន្តែវាក៏បានបង្កបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធនៅក្នុងប្រទេសផងដែរ។ បញ្ហាប្រឈមទាំងនេះមានតាំងតែពីមុនផ្ទុះជំងឺរាតត្បាតម្ល៉េះ ប៉ុន្តែវាមិនសូវស្តែងឱ្យឃើញខ្លាំងប៉ុន្មានទេដោយសារ កាលនៅប៉ុន្មានឆ្នាំមុននោះ ទុនពីខាងក្រៅសម្រុកហូរចូល ប្រទេសកម្ពុជាយ៉ាងគគ្រឹកគគ្រេង ដែលធ្វើឱ្យវិស័យសំណង់មានសកម្មភាពស្ទុះឡើងយ៉ាងឆាប់រហ័ស នៅមុនសម័យកូវីដ-១៩។ នៅក្នុងការធ្វើបច្ចុប្បន្នកម្មរបស់ធនាគារពិភពលោកលើការវិភាគជាប្រព័ន្ធអំពីស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា (World Bank’s Systematic Country Diagnostic Update for Cambodia) កាលពីពេលថ្មីៗនេះ យើងបានបង្ហាញថា កំណើនសេដ្ឋកិច្ចខ្ពស់របស់កម្ពុជាក្នុងមួយទសវត្សរ៍ចុងក្រោយ គឺបានមកពីកំណើនលើកត្តាតែមួយមុខ (factor accumulation) អមដោយផលិតភាពអវិជ្ជមាន (គំនូសតាង 1b)។ ការវិនិយោគ ដែលភាគច្រើនត្រូវបានជំរុញដោយវិស័យសំណង់ មានចំនួនជាង ៩០ភាគរយនៃកំណើននៅក្នុងទសវត្សរ៍ចុងក្រោយនេះ។ ផ្ទុយទៅវិញ កំណើនផលិតភាពកត្តាសរុប ដែលជារង្វាស់នៃប្រសិទ្ធភាពនៃការបែងចែកធនធាន និងការច្នៃប្រឌិតក្នុងសេដ្ឋកិច្ច គឺមានភាពអវិជ្ជមាន។ កត្តាមួយដែលរួមចំណែកដល់ការថយចុះផលិតភាព គឺមកពីការផ្លាស់ប្តូររចនាសម្ព័ន្ធមានល្បឿនយឺត។ និយាយឱ្យចំ ការផ្លាស់ទីរបស់កម្លាំងពលកម្មពីវិស័យកសិកម្ម ដែលមានផលិតភាពទាប ទៅកាន់ផ្នែកផលិតកម្មដែលមានផលិតភាពខ្ពស់ មានចំនួនថយចុះក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ភាគចំណែកការងារក្នុងវិស័យកសិកម្មបានធ្លាក់ចុះពី ៥៦ភាគរយក្នុងឆ្នាំ២០១១ មកនៅត្រឹម ៣៦ភាគរយក្នុងឆ្នាំ២០១៦ ប៉ុន្តែភាគចំណែកពលកម្មក្នុងវិស័យនេះ នៅស្ថេរដដែលចាប់តាំងពីពេលនោះមក។ ស្ថានភាពនេះ គួបផ្សំជាមួយកំណើនក្នុងវិស័យសំណង់ សបញ្ជាក់ឱ្យឃើញថា កម្មករចំនួនតិចតួចណាស់ដែលផ្លាស់ចេញទៅធ្វើការក្នុងវិស័យមានផលិតភាពខ្ពស់ ដូចជាផ្នែកកម្មន្តកម្ម ជាដើម។ កំណើនផលិតភាពការងារសរុប – ដែលជាបុរេលក្ខខណ្ឌសម្រាប់កំណើនប្រកបដោយចីរភាពនៃប្រាក់ឈ្នួល – ក៏បានថយចុះខ្លាំងដែរក្នុង ពេល ៥ឆ្នាំចុងក្រោយនេះ ពីជាមធ្យម ៥,៥ភាគរយក្នុងមួយឆ្នាំ រវាងឆ្នាំ២០១១ និង២០១៦ មកនៅត្រឹម ២,៤ភាគរយ រវាងឆ្នាំ២០១៦ និង២០២១។ ទោះបីជាមានកំណើនផលិតភាពការងារក៏ដោយ ក៏កម្រិតផលិតភាពការងារសរុបជាក់ស្តែងរបស់កម្ពុជា នៅតែទាបជាងនៅវៀតណាម និងថៃ ដែលមានកម្រិតខ្ពស់ជាង ៣ និង ៥ ដង រៀងៗខ្លួន។

ស្ថានភាពដែលកំណើនសេដ្ឋកិច្ចមានសន្ទុះខ្សោយជាងមុន បានញ៉ាំងឱ្យមានការគិតគូរឡើងវិញជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច សម្រាប់រក្សាកំណើនប្រកបដោយចីរភាព កាត់បន្ថយភាពក្រីក្រដែលនៅសេសសល់ និងឈានទៅសម្រេចចក្ខុវិស័យរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ យុទ្ធសាស្ត្របានដាក់ចេញរបៀបវារៈកំណែទម្រង់។ ពេលនេះ គន្លឹះសំខាន់គឺការអនុវត្ត ប៉ុន្តែសួរថាតើមានអ្វីខ្លះជាអាទិភាពកំពូល?

ទីមួយ ការកែលម្អបន្ថែមទៀតលើបរិយាកាសធុរកិច្ច មានសារៈសំខាន់ណាស់សម្រាប់ជំរុញផលិតភាព និងការប្រកួតប្រជែងរបស់ក្រុមហ៊ុននៅកម្ពុជា។ ចំណាយថ្លៃដើមក្នុងការធ្វើអាជីវកម្មនៅកម្ពុជា នៅតែមានកម្រិតខ្ពស់ ដែលជាឧបសគ្គដល់សមត្ថភាពប្រកួតប្រជែងជាអន្តរជាតិ និងរារាំងដល់នវានុវត្តន៍ និងការងាកទៅរកសកម្មភាពសេដ្ឋកិច្ចមានតម្លៃខ្ពស់ជាងបច្ចុប្បន្ន។ ដើម្បីជួយដល់ការវិនិយោគរបស់វិស័យឯកជន កម្ពុជាចាំបាច់ត្រូវពង្រឹងភាពព្យាករណ៍បានរបស់បរិស្ថានបទប្បញ្ញត្តិ និងពង្រីកលទ្ធភាពរកបានធនធានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs)។ លើសពីនេះ កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីសម្រួលលក្ខខណ្ឌតម្រូវស្មុគស្មាញនិងតឹងរ៉ឹងសម្រាប់ការបើកធុរកិច្ច អមជាមួយនឹងការធ្វើឱ្យប្រសើរឡើងដល់ដំណើរការនៃក្របខណ្ឌក្ស័យធនផង វានឹងជួយកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុននៅពេលបើករកស៊ី និងពេលបិទទៅវិញ។ ការសម្រួលនីតិវិធីឱ្យសាមញ្ញ និងការធ្វើឌីជីថលកម្មនៃសេវាធុរកិច្ច ជាពិសេសការចេញអាជ្ញាបណ្ណ និងការអនុញ្ញាតសម្រាប់អាជីវកម្ម នឹងជួយកាត់បន្ថយការចំណាយនានាដែលពាក់ព័ន្ធថ្លៃដើម។ ការប្រកួតប្រជែងកាន់តែច្រើននឹងជំរុញការកាត់បន្ថយការចំណាយ និងលើកកម្ពស់នវានុវត្តន៍ និងកំណើនផលិតភាព ដោយបង្វែរទិសនៃចំណែកទីផ្សារធុរកិច្ចឆ្ពោះទៅរកផលិតករដែលមានប្រសិទ្ធភាពខ្ពស់ជាង ហើយក៏ជួយលើកទឹកចិត្តក្រុមហ៊ុនឱ្យកាន់តែមានផលិតភាពឡើងដែរ។ ដើម្បីជួយដល់វិស័យទេសចរណ៍ ការកាត់បន្ថយថ្លៃដើម និងថ្លៃសេវានានា (ដូចជា ទិដ្ឋាការ ការស្នាក់នៅ អាហារ ថ្លៃដឹកជញ្ជូន និងថ្លៃសំបុត្រចូល) រួមទាំងការលុបបំបាត់ថ្លៃសេវាក្រៅផ្លូវការផង នឹងជួយទាក់ទាញភ្ញៀវអន្តរជាតិឱ្យមកកម្ពុជាកាន់តែច្រើនឡើង។

ទីពីរ ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងឡូហ្ស៊ីស្ទិករបស់កម្ពុជា គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ការបង្កើនផលិតភាព និងសមត្ថភាពប្រកួតប្រជែងអន្តរជាតិ។ កម្ពុជានៅតែមានការខ្វះច្រើននូវហិរញ្ញប្បទានសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ អាស្រ័យហេតុនេះ សេវាហេដ្ឋារចនាសម្ព័ន្ធនៅតែមិនគ្រប់គ្រាន់ ហើយត្រូវប្រឹងយ៉ាងត្រដាបត្រដួស ដើម្បីបំពេញសេចក្តីត្រូវការដែលកំពុងកើនឡើងយ៉ាងលឿន។ វិស័យថាមពលត្រូវការការវិនិយោគខ្នាតធំថែមទៀត ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមពីរក្នុងពេលតែមួយគឺ៖ ការឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការអគ្គិសនី (តាមការព្យាករ តម្រូវការអគ្គិសនីនឹងកើនឡើង ៤ដង ពី ១២ ៤០០ហ្គីហ្កាវ៉ាត់ម៉ោង (GWh) នៅឆ្នាំ ២០២០ ទៅដល់ ៥៤ ៦០០ហ្គីហ្កាវ៉ាត់ម៉ោង នៅឆ្នាំ២០៤០) និងការបំពេញតាមការសន្យារបស់ប្រទេសក្នុងក្របខណ្ឌនៃការប្រែប្រួលអាកាសធាតុ។ ការវិនិយោគក៏ត្រូវការចាំបាច់ផងដែរ ដើម្បីកែលម្អឱ្យប្រសើរឡើងនូវសេវាជាមូលដ្ឋានក្នុងទីក្រុង មានដូចជា ប្រព័ន្ធទុយោទឹកស្អាត, អនាម័យ, ការគ្រប់គ្រងសំណល់រឹង, ទូរគមនាគមន៍ និងការដឹកជញ្ជូន និងការពង្រឹងផែនការរៀបចំក្រុង។ ជាងនេះទៅទៀត កង្វះបណ្តាញការតភ្ជាប់ក្នុងតំបន់ ក៏ជះឥទ្ធិពលមិនល្អទៅលើប្រសិទ្ធភាព និងថ្លៃដើមនៃការធ្វើពាណិជ្ជកម្មឆ្លងដែនដែរ ហើយនេះជាបញ្ហាដែលចាំបាច់ត្រូវតែដោះស្រាយ។ ការវិនិយោគគឺចាំបាច់ដើម្បីដោះស្រាយគម្លាតផ្នែកហេដ្ឋារចនាសម្ព័ន្ធជាក់លាក់ សម្រាប់ភ្ជាប់ការដឹកជញ្ជូនក្នុងស្រុក និងក្នុងតំបន់។ ការវិនិយោគទាំងនេះ នឹងធ្វើឱ្យប្រសើរឡើងនូវសកម្មភាពពាណិជ្ជកម្មតាមច្រករបៀងកើត-លិច ឆ្លងកាត់ប្រទេសថៃ កម្ពុជា និងវៀតណាម បន្ថែមពីលើផ្លូវច្រករបៀងតែមួយគត់ ដែលតភ្ជាប់ប្រទេសកម្ពុជា ជាមួយប្រទេសឡាវ។ តាមរយៈនេះ វាក៏នឹងធ្វើឱ្យប្រសើរឡើងផងដែរនូវការតភ្ជាប់ផ្លូវទឹកផ្ទៃក្នុងប្រទេសជាមួយវៀតណាម និងប្រតិបត្តិការផ្លូវដែក និងបណ្តាញភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ជាមួយប្រទេសថៃ។ ការកែលម្អការសម្របសម្រួលពាណិជ្ជកម្ម និងការអនុវត្តមុខងារផ្នែកឡូហ្ស៊ីស្ទិក ក៏មានសារៈសំខាន់ផងដែរ។ កិច្ចប្រឹងប្រែងគួរត្រូវបានធ្វើបន្ថែមទៀត ដើម្បីកាត់បន្ថយថ្លៃចំណាយលើការដឹកជញ្ជូន និងសេវាឡូហ្ស៊ីស្ទិក តាមរយៈការតាមដានត្រួតពិនិត្យប្រសិទ្ធភាពនៃច្រកទ្វារពាណិជ្ជកម្មសំខាន់ៗ ដូចជាកំពង់ផែ និងច្រកព្រំដែន។

ទីបី ជាកិច្ចការសំខាន់មួយទៀតដែលកម្ពុជាត្រូវបង្កើនលទ្ធផលនៃការរៀន ដើម្បីឆ្លើយតបទៅនឹងកង្វះជំនាញ, បង្កើតកម្លាំងពលកម្មដែលមានសមត្ថភាពត្រៀមសម្រាប់អនាគត និងជំរុញកំណើនផលិតភាពរបស់ប្រទេស។ កំណើនផលិតភាពពលកម្មបានធ្លាក់ចុះយ៉ាងគំហុកក្នុងអំឡុងប្រាំឆ្នាំចុងក្រោយនេះ ហើយបណ្តាក្រុមហ៊ុនក៏បានរាយការណ៍ឱ្យដឹងដែរអំពីការកើនឡើងនៃកង្វះជំនាញ។ មានកុមារកម្ពុជាមិនច្រើនប៉ុន្មានទេដែលបានចុះឈ្មោះទទួលការអប់រំកូនក្មេង ដែលមានន័យថាជាការបាត់បង់ឱកាសសម្រាប់ការវិវឌ្ឍរបស់កុមារក្នុងវ័យដំបូង ហើយវាក៏ជាឧបសគ្គដល់ការវិលត្រឡប់របស់ម្តាយទៅធ្វើការដើម្បីរកប្រាក់ចំណូលដែរ។ សាលាកម្រិតបឋមសិក្សាកំពុងជួបប្រទះនូវការធ្លាក់ចុះលទ្ធផលនៃការសិក្សា បើទោះជាលទ្ធភាពចូលរៀនរបស់ក្មេងមានភាពប្រសើរជាងមុនក៏ដោយ។ សិស្សមានចំនួនមិនច្រើនទេដែលរៀនបានឡើងថ្នាក់ទៅកម្រិតអនុវិទ្យាល័យ ហើយអ្នកដែលបានឡើងទៅនោះច្រើនតែមានមូលដ្ឋានមិនគ្រប់គ្រាន់ ហើយឈប់រៀនក៏ច្រើនដែរ។ កូនសិស្សមកពីគ្រួសារក្រីក្រ រងផលប៉ះពាល់ក្នុងសមាមាត្រមួយខ្លាំងជាងគេ។ យោងតាមសូចនាករមូលធនមនុស្សរបស់ធនាគារពិភពលោក កុមារម្នាក់ដែលកើននៅកម្ពុជាក្នុងថ្ងៃនេះ ត្រូវបានគេរំពឹងថាអាចសម្រេចបានតែពាក់កណ្តាលនៃសក្តានុពលផលិតភាពការងារទេ ក្នុងមួយជីវិតរបស់ខ្លួន ប៉ុន្តែទាល់តែកុមារនោះទទួលបានការអប់រំ និងសេវាថែទាំងសុខភាព គ្រប់គ្រាន់ដែរ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ ក្នុងចំណោមក្មេងអាយុ ១៥ឆ្នាំ នៅកម្ពុជា មានតែ ៣ភាគរយ ប៉ុណ្ណោះ ដែលគេរំពឹងថាចេះត្រឹមតែកម្រិតគោលទេក្នុងមុខវិជ្ជាគណិតវិទ្យា, ២ភាគរយ ក្នុងការអាន និង ១ភាគរយ ក្នុងវិជ្ជាវិទ្យាសាស្ត្រ។ ត្រង់នេះឆ្លុះបញ្ចាំងអំពីផលជះអវិជ្ជមានទៅលើឱកាសសម្រាប់ក្មេងកម្ពុជា ក្នុងការចូលរួម និងរួមចំណែកដល់វិបុលភាពរបស់ប្រទេសទៅថ្ងៃអនាគត។ ការបង្កើនលទ្ធផលនៃការអប់រំ តម្រូវឱ្យមានអភិក្រមច្រើនមុខព្រួញ។ ការពង្រីកលទ្ធភាពទទួលបានការរៀនសូត្រប្រកបដោយគុណភាពក៏សំខាន់ដែរ។ យ៉ាងណាក៏ដោយ ប្រការលើកទឹកចិត្តនានា ដូចជាការផ្ទេរសាច់ប្រាក់ភ្ជាប់លក្ខខណ្ឌជាដើម អាចជាការចាំបាច់ដែរ ដើម្បីបង្កលទ្ធភាពឱ្យក្មេង ជាពិសេសមកពីគ្រួសារក្រីក្រ នៅបន្តរៀនបានយូរជាងមុន។

ចុងក្រោយ ការប្រែប្រួលអាកាសធាតុ ធ្វើឱ្យមានភាពស្មុគស្មាញកាន់តែច្រើនដល់ការអភិវឌ្ឍនរបស់កម្ពុជា។ របាយការណ៍ស្តីពី ស្ថានភាពអាកាសធាតុនិងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា (CCDR) ថ្មីៗនេះរបស់ធនាគារពិភពលោក បង្ហាញច្បាស់ថា កម្ពុជាកំពុងប្រឈមមុខនឹងហានិភ័យអាកាសធាតុយ៉ាងខ្លាំង។ ការគិតគូរសាកល្បង (simulations) របស់យើងបង្ហាញថា ការខាតបង់ដោយសារផលប៉ះពាល់ពីអាកាសធាតុ អាចមានចំនួនដល់ទៅ៩ភាគរយ នៃផលិតផលក្នុងស្រុកសរុប នៅឆ្នាំ២០៥០ ប្រសិនបើកម្ពុជាគ្មានវិធានការបន្ស៊ាំទេ។ ប៉ុន្តែ ការខាតបង់ទាំងនេះអាចកាត់បន្ថយបានច្រើនវិញ តាមរយៈវិធានការបន្ស៊ាំតាមគោលដៅ (គំនូសតាង 4a)។ នៅពេលដែលការឆ្លើយតបតម្រូវឱ្យមានអភិក្រមច្រើនមុខព្រួញ សកម្មភាពគោលនយោបាយសំខាន់ៗមួយចំនួនគួរផ្តោតលើការបញ្ឈប់ការបាត់បង់តំបន់ដីសើមធម្មជាតិ និងការកាប់បំផ្លាញព្រៃឈើ ព្រោះថា សម្បត្តិធម្មជាតិទាំងនេះដើរតួសំខាន់ជាភ្នាក់ងារទប់ស្កាត់ភ្លើងឆេះព្រៃ, ទឹកជំនន់, ភាពរាំងស្ងួត និងការបាក់រលំដី។ ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលបានចុះហត្ថលេខាកាលពីពេលថ្មីៗនេះ នឹងដើរតួជាគន្លឹះនៅក្នុងបញ្ហានេះ។ ទន្ទឹមនឹងនេះ ទោះជាកម្ពុជាមិនមែនជាអ្នកបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនក៏ដោយ សេដ្ឋកិច្ចរបស់ខ្លួន រួមទាំងវិស័យនាំចេញផង កំពុងពឹងផ្អែកខ្លាំងលើថាមពលបញ្ចេញកាបូន (គំនូសតាង 4b)។ ការធ្វើអន្តរកម្មទៅរកការបញ្ចេញកាបូនទាបនៅក្នុងទីផ្សារធំៗលើពិភពលោក កំពុងជំរុញបរិវត្តកម្មរចនាសម្ព័ន្ធយ៉ាងលឿននៅក្នុងសេដ្ឋកិច្ចពិភពលោក និងកាន់តែលើកកម្ពស់ដល់តម្រូវការសម្រាប់ទំនិញ និងសេវាកម្មដែលមានកាបូនទាប។ ដើម្បីច្បាមយកប្រយោជន៍ពីកាលានុវត្តភាពដែលកើតចេញពីការប្រែប្រួលជាសាកលនេះ កម្ពុជាចាំបាច់ត្រូវបន្ទាបរបារឧបសគ្គដល់ការប្រកួតប្រជែងនៅក្នុងវិស័យទាំងនេះ រួមមានការបន្ទាបអត្រាពន្ធគយលើគ្រឿងបន្លាស់ និងគ្រឿងបង្គុំសម្រាប់បច្ចេកវិទ្យាថាមពលស្អាត ដែលនៅកម្ពុជាមានកម្រិតខ្ពស់ជាងនៅតាមបណ្តាប្រទេសមានសេដ្ឋកិច្ចប្រហាក់ប្រហែលមួយចំនួន។ ការធ្វើអន្តរកម្មជាសកលទៅរកកាបូនទាបក៏មានន័យដែរថា ថ្លៃបច្ចេកវិទ្យាថាមពលស្អាតបានធ្លាក់ចុះយ៉ាងឆាប់រហ័ស ដែលធ្វើឱ្យការប្រើប្រាស់ថាមពលស្អាតសម្រាប់សេដ្ឋកិច្ចកើនឡើងច្រើនជាងកាលពីប៉ុន្មានឆ្នាំមុន។ បើមានការគ្រប់គ្រងដោយប្រសិទ្ធភាពល្អ វាអាចផ្តល់ឱកាសដើម្បីកាត់បន្ថយថ្លៃដើមលើថាមពល ក៏ដូចជាកាត់បន្ថយការបំភាយឧស្ម័នដែរ។

កំណើនសេដ្ឋកិច្ចដ៏រឹងមាំបាននាំឱ្យប្រទេសកម្ពុជា សម្រេចបានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ។ នៅក្នុងការបន្តដំណើរឆ្ពោះទៅរកការបញ្ចប់ភាពក្រីក្រខ្លាំង និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជន កម្ពុជាចាំបាច់ត្រូវប្រឹងរក្សាឱ្យបានកំណើនសេដ្ឋកិច្ចខ្ពស់។ ជាសំណាងល្អ កំណើនសេដ្ឋកិច្ចកាន់តែខ្ពស់ មិនគ្រាន់តែជាសេចក្តីប្រាថ្នាចង់បានប៉ុណ្ណោះទេ ប៉ុន្តែវាអាចសម្រេចបាន គ្រាន់តែថា វាតម្រូវឱ្យកម្ពុជាងាកទៅរកគំរូកំណើនសេដ្ឋកិច្ចដែលមានចីរភាពជាងមុន ដែលយកផលិតភាពខ្ពស់ជាមូលដ្ឋាន, មានភាពអង់អាចក្នុងការកែទម្រង់រចនាសម្ព័ន្ធ, បង្កើនការវិនិយោគមានគុណភាពទៅលើហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស និងអនុវត្តគោលនយោបាយអភិវឌ្ឍន៍ដែលមានភាពឆ្លាតវៃផ្នែកអាកាសធាតុ៕

អត្ថបទដែលជាប់ទាក់ទង