ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ប្តេជ្ញាជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-សហភាពអឺរ៉ុប ឱ្យបានកាន់តែរីកចម្រើនខ្លាំងក្លា លើគ្រប់វិស័យបន្ថែមទៀត

68

 

ភ្នំពេញ ៖ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឌ្រីសម៉ាន់ អ៉ីហ្គោរ៍ (DRIESMANS Igor) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ឌ្រីសម៉ាន់ អ៉ីហ្គោរ៍ បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងបានលើកទ្បើងអំពីចំណងការទូតដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា-សហភាពអឺរ៉ុប លើវិស័យជាច្រើន រួមមានជាអាទិ៍៖ ពាណិជ្ជកម្ម វិនិយោគ និងទំនាក់ទំនងប្រជាជន និងប្រជាជន ។

ឯកឧត្តម ក៏បានសម្តែងនូវការបេ្តជ្ញាចិត្តក្នុងអាណតិ្តបេសកកម្មការទូតរបស់ឯកឧត្តម ក្នុងការជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សហភាពអឺរ៉ុប ឱ្យបានកាន់តែរីកចម្រើនខ្លាំងក្លាលើគ្រប់វិស័យបន្ថែមទៀត ជាពិសេសក្នុងការពាំនាំនូវ ការពិតស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់មុតស្រួច និង ភាពប្រកួតប្រជែងរបស់កម្ពុជា ជូនចំពោះពាណិជ្ជករ និងវិនិយោគិនសហភាពអឺរ៉ុប ក្នុងទិសដៅទាក់ទាញ និងជំរុញពាណិជ្ជកម្ម និងការវិនិយោគ នៅកម្ពុជា។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងសហការី ព្រមជាមួយនឹងការអបអរសាទរចំពោះការចូលកាន់មុខតំណែងរបស់ ឯកឧត្តម អគ្គរដ្ឋទូត ។ ទន្ទឹមគ្នានេះ សម្តេចធិបតី បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់សហភាពអឺរ៉ុបចំពោះ កម្ពុជា និងបានបង្ហាញនូវក្តីសង្ឃឹមចំពោះការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ៕

អត្ថបទដែលជាប់ទាក់ទង