ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម កើត រិទ្ធ គូសបញ្ជាក់ថា៖ យុទ្ធនាការទាំង ២ នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ដែលជាបំណងប្រាថ្នារបស់ សម្តេចមហាបវរធិបតី

25

 

ភ្នំពេញ ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ការដាក់ចេញនូវយុទ្ធនាការទាំង ២ នេះ នឹងជំរុញឱ្យសាលាជម្រះក្តី និងអង្គការ អយ្យការអមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ដោះស្រាយវិវាទនានាឱ្យបានលឿន និងឱ្យបាន ត្រឹមត្រូវ ដោយធានាបាន ទាំងគុណភាពនៃការផ្តល់សេវា ទាំងគុណភាពនៃការសម្រេចសេចក្ដីរបស់តុលាការ។

ក្រសួងយុត្តិធម៌ បានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីប្រកាសដាក់ចេញនូវយុទ្ធនាការចំនួន ២ រួមមាន៖ (១)-យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង (២)-យុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការនាទីស្តីការក្រសួងយុត្តិធម៌ រសៀល ថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤ ។ សន្និសីទសារព័ត៌មាននេះ ត្រូវបានរៀបចំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យភាពមិនប្រក្រតីនៅតាមតុលាការ។

សន្និសីទសារព័ត៌មាននេះ មានការចូលរួមយកព័ត៌មានពីអ្នកសារព័ត៌មានចំនួន ៥១រូប ដែលមកពីអង្គភាពសារព័ត៌មានចំនួន ២៩ អង្គភាព។

ឯកឧត្តម កើត រិទ្ធ បានគូសបញ្ជាក់ថា៖ យុទ្ធនាការទាំង ២ ខាងលើ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ដែលជាបំណងប្រាថ្នារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់ “គោលការណ៍នីតិរដ្ឋ” និង “យុត្តិធម៌នៅក្នុងសង្គមជាតិ” ដែលកិច្ចការនេះត្រូវបានចាត់ទុកជាអាទិភាពនយោបាយដ៏សំខាន់មួយ ដែលត្រូវអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែងសម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ ក្នុងនោះ យុទ្ធនាការទី១ នឹងជួយលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាជន ប្រកបដោយភាពឆាប់រហ័ស ហើយ យុទ្ធនាការទី២ នឹងជួយដោះស្រាយរកយុត្តិធម៌ឱ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋ ក៏ដូចជា លើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវនៅក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ។

ផ្អែកលើយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល, សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នេះ រាជរដ្ឋាភិបាលនៅតែបន្តចាត់ទុក “ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌” ជាអាទិភាពមួយដ៏សំខាន់របស់ខ្លួន សំដៅពង្រឹង និងលើកកម្ពស់ “នីតិរដ្ឋ” នៅកម្ពុជា ដែលជាមូលដ្ឋានដ៏សំខាន់ក្នុងការរួមចំណែកធានាថែរក្សា ស្ថិរភាពសង្គម សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ, ការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស និងការពង្រឹង “យុត្តិធម៌នៅក្នុងសង្គមជាតិ” ដែលជាគ្រឹះសម្រាប់ភាពសុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយចីរភាព។ “ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌” ត្រូវបានរៀបចំបញ្ចូលជាមុំមួយដ៏សំខាន់ក្នុង ចំណោមមុំទាំង ៥ ដែលបង្កើតបានជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សំដៅ “ពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌” នៅកម្ពុជា។

ទន្ទឹមនឹងការប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី១ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានប្រកាសយក “ការពង្រឹង និងលើក កម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌” ជាវិធានការគន្លឹះមួយក្នុងចំណោមវិធានការគន្លឹះទាំង ៥ ដែលជាកិច្ចការអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ហើយបានប្រគល់ភារកិច្ច ជូនក្រសួងយុត្តិធម៌ ក្នុងការរៀបចំផែនការសកម្មភាពជាក់ស្តែង សំដៅធ្វើយ៉ាងណាសម្រេចឱ្យបាននូវកិច្ចការ អាទិភាពសំខាន់ចំនួន ៣ គឺ៖ (ទី១)-ការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើ យន្តការដែលមានស្រាប់ ដើម្បីជួយសម្រុះសម្រួលដោះស្រាយវិវាទឱ្យបានឆាប់រហ័ស ជាពិសេស វិវាទរបស់ ប្រជាពលរដ្ឋនៅមូលដ្ឋាន, (ទី២)-ការជំរុញ និងពន្លឺនការដោះស្រាយរឿងក្តីនៅតាមតុលាការឱ្យបានឆាប់រហ័សសង សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាជន និង (ទី៣) ការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សំដៅជួយដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ លើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវនៅក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ។ សម្រាប់កិច្ចការអាទិភាពទី១ អាជ្ញាធរថ្នាក់ជាតិមួយ ដែលជាយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានបង្កើតឡើងជាផ្លូវការដោយព្រះរាជក្រឹត្យ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយអាជ្ញាធរនេះនឹង ចាប់ផ្តើមទទួលពាក្យបណ្ដឹងនាពេលដ៏ខ្លីខាងមុខនេះ ដើម្បីធ្វើការសម្រុះសម្រួលផ្សះផ្សាជូនប្រជាពលរដ្ឋ។

សម្រាប់កិច្ចការអាទិភាពទី២ និងទី៣, ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តតាមការប្រគល់ ភារកិច្ចរបស់ សម្តេចមហាបវរធិបតីប្រមុខរាជរដ្ឋាភិបាល, ក្រសួងយុត្តិធម៌ សម្រេចប្រកាសដាក់ចេញ នូវ “យុទ្ធនាការ” ចំនួន ២ ព្រមពេលជាមួយគ្នា ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នេះតទៅ ដែលរួមមាន៖
-យុទ្ធនាការទី១៖ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង
-យុទ្ធនាការទី២៖ យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។

យុទ្ធនាការទាំង ២ នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ដែលជាបំណងប្រាថ្នារបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងការលើកកម្ពស់ “គោលការណ៍នីតិរដ្ឋ” និង “យុត្តិធម៌នៅក្នុងសង្គមជាតិ” ដែលកិច្ចការនេះត្រូវបានចាត់ទុកជា អាទិភាពនយោបាយដ៏សំខាន់មួយ ដែលត្រូវអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែងសម្រាប់នីតិកាលទី៧ នៃ រដ្ឋសភានេះ ក្នុងនោះ យុទ្ធនាការទី១ នឹងជួយលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវាយុត្តិធម៌ ជូនប្រជាជន ប្រកបដោយភាពឆាប់រហ័ស និងងាយស្រួល ហើយ យុទ្ធនាការទី២ នឹងជួយដោះស្រាយរក យុត្តិធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជា លើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវនៅក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ។

ដើម្បីជំរុញឱ្យយុទ្ធនាការទាំង ២ នេះ អាចអនុវត្តទៅបានប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យ, “គណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការ ត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ” ហៅកាត់ថា “គណៈបញ្ជាការដឹកនាំយុទ្ធនាការ” ជា អង្គដឹកនាំរួមលើការអនុវត្តយុទ្ធនាការទាំង ២ ដែលត្រូវបានបង្កើតឡើងតាមសេចក្តីសម្រេចលេខ ០១ កយ.សសរ/២៤ ចុះថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ របស់ក្រសួងយុត្តិធម៌។ គណៈបញ្ជាការដឹកនាំយុទ្ធនាការ នេះ មានតួនាទី និងភារកិច្ចសំខាន់ៗ ក្នុងការដាក់ចេញគោលការណ៍ណែនាំ និងវិធានចាំបាច់នានា និង ដំណោះស្រាយចំពោះបញ្ហាប្រឈមនានាដែលកើតចេញពីការអនុវត្តយុទ្ធនាការទាំងនេះ, សម្របសម្រួលជាមួយ ក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ ព្រមទាំងតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធនាការទាំង២ ដើម្បីធានាឱ្យយុទ្ធនាការទាំង ២ នេះ អាចដំណើរការទៅដោយរលូន និងប្រកបដោយប្រសិទ្ធភាព។

ការដាក់ចេញនូវយុទ្ធនាការទាំង ២ ខាងលើនេះ នឹងជំរុញឱ្យសាលាជម្រះក្តី និងអង្គការ អយ្យការអមសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ដោះស្រាយវិវាទនានាឱ្យបានលឿន និងឱ្យបាន ត្រឹមត្រូវ ដោយធានាបាន ទាំងគុណភាពនៃការផ្តល់សេវា ទាំងគុណភាពនៃការសម្រេចសេចក្ដីរបស់តុលាការ។ ការដោះស្រាយវិវាទប្រកបដោយភាពឆាប់រហ័ស ត្រឹមត្រូវ និងយុត្តិធម៌ នឹងពង្រឹងបាននូវជំនឿទុកចិត្តលើ ការអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច និងប្រព័ន្ធតុលាការនៅកម្ពុជា ដែលនឹងរួមចំណែកយ៉ាងសំខាន់ ដល់ការលើកកម្ពស់ “គោលការណ៍នីតិរដ្ឋ” និង “យុត្តិធម៌នៅក្នុងសង្គមជាតិ” ស្របតាមទិសដៅកែទម្រង់ប្រព័ន្ធ យុត្តិធម៌របស់រាជរដ្ឋាភិបាល ជាពិសេស បំណងប្រាថ្នារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការយកចិត្តទុកដាក់ដោះស្រាយ បញ្ហារបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយអយុត្តិធម៌ ឬដោយការរំលោភបំពានដោយខុសច្បាប់នៅក្នុងសង្គម៕

អត្ថបទដែលជាប់ទាក់ទង