ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងបរិស្ថានចុះអនុស្សរណៈ នៃការយោគយល់ ជាមួយមជ្ឈមណ្ឌលរោគវិនិច្ឆ័យប៊ីយ៉ូម៉េឌីក ដើម្បីលើកកម្ពស់ការពិនិត្យសុខភាពគ្រប់មុខ

26

ភ្នំពេញ៖ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថានតំណាង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចុះអនុស្សរណៈនៃការយោគយល់ស្តីពីការផ្តល់សេវាកម្មរបស់មជ្ឈមណ្ឌលរោគវិនិច្ឆ័យប៊ីយ៉ូម៉េឌីក រវាងក្រសួងបរិស្ថាន និងមជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូម៉េនឌីក នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។

ពិធីចុះអនុស្សរណៈនៃការយោគយល់ ត្រូវបានធ្វើឡើងដើម្បីលើកកម្ពស់ការពិនិត្យសុខភាព គ្រប់មុខតាមរយៈការផ្តល់សេវាកម្មផ្នែករូបភាពវេជ្ជសាស្ត្រ និងមន្ទីរពិសោធន៍វិភាគវេជ្ជសាស្ត្រ ដែលធ្វើរោគវិនិច្ឆ័យ ប្រកបដោយស្តង់ដារ គុណភាពខ្ពស់ ប្រសិទ្ធ ភាព និងសុវត្ថិភាព ដើម្បីរួមចំ ណែកកាត់បន្ថយដល់ការចំណាយថ្លៃសេវាពិនិត្យសុខភាពដល់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាក្រសួងបរិស្ថាន និងសមាជិកក្រុមគ្រួសារ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ដើម្បីអនុវត្តតួនាទីភារកិច្ចឱ្យកាន់តែប្រសើរឡើង ក្នុងបុព្វហេតុកិច្ចគាំពារបរិស្ថាន សុខុមាលភាពរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងសមាជិកក្រុមគ្រួសាររបស់ពួកគាត់ គឺជាអាទិភាព។ ដូច្នេះ ក្រសួងធ្វើ ការជំរុញ និងលើកទឹកចិត្តធ្វើការតាមដាន និងត្រួតពិនិត្យសុខភាព របស់ខ្លួនជាប្រចាំ និងឱ្យបានខ្ជាប់ខ្ជួន។

ជាមួយគ្នានេះដែរ ឯកឧត្តម ប៊ុត សុខល់ នាយកមជ្ឈមណ្ឌលរោគវិនិច្ឆ័យប៊ីយ៉ូម៉េឌីក បានមានប្រសាសន៍ថា នេះជារឿងចាំបាច់ណាស់ ដែលប្រជាជនយើងគ្រប់ រូបត្រូវតាមដានត្រួតពិនិត្យឱ្យបានជាប់ជាប្រចាំសុខុមាលភាពផ្ទាល់ ខ្លួន និងក្រុមគ្រួសារ ជាពិសេស ដើម្បីមានវិធានការការពារ និងព្យាបាលឱ្យទាន់ពេលវេលា ចំពោះជំងឺធ្ងន់ធ្ងរ និងកាចសាហាវនានា។

ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាព និងជីវភាពមន្រ្តីរាជការក្រសួងបរិស្ថាន មជ្ឈមណ្ឌលរោគវិនិច្ឆ័យប៊ីយ៉ូម៉េឌីក បានបញ្ចុះតម្លៃ ៣០ ភាគរយ លើរាល់ការធ្វើតេស្តផ្នែកមន្ទីរពិសោធន៍ (ពិនិត្យឈាម លាមក ទឹកនោម ។ល។) បញ្ចុះតម្លៃ ៣០ ភាគរយ លើរាល់ការវិភាគផ្នែករូបភាពវេជ្ជសាស្ត្រទូទៅ (CT ស្កេន ថត X-Ray ពិនិត្យ អេកូសាស្ត្រ ។ល។) និងបញ្ចុះតម្លៃ ៣០ ដុល្លារ ចំពោះការស្កេន រយៈពេលប្រាំ (០៥) ឆ្នាំ ដោយគិតចាប់ពីកាលបរិច្ឆេទនៃការចុះហត្ថលេខា៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង