ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ឃួង ស្រេង ៖ បង្កើនការគ្រប់គ្រងជនបរទេស ដែលបាននិងកំពុងរស់នៅរាជធានីភ្នំពេញ ឲ្យកាន់តែល្អប្រសើរជាងមុនបន្ថែមទៀត

91

 

ភ្នំពេញ ៖ ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ និងលិខិតបទដ្ឋាន គតិយុត្តិ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ឲ្យបង្កើនការគ្រប់គ្រង ជនបរទេស ដែលបាននិងកំពុងរស់នៅរាជធានីភ្នំពេញ ឲ្យមានប្រសិទ្ធភាពខ្ពស់ និងកាន់តែល្អប្រសើរជាងមុន។

ជំនួបពិភាក្សាការងារ ដើម្បីស្វែងយល់ពីតួនាទី ភារកិច្ចទទួលខុសត្រូវលើការគ្រប់គ្រងវត្តមានជនបរទេស និងការចុះធ្វើអធិការកិច្ចហត្ថពេលកម្មបរទេស នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា កិច្ចពិភាក្សាការងារ ធ្វើឡើងដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ និងលិខិតបទដ្ឋាន គតិយុត្តិសំដៅបង្កើនការគ្រប់គ្រង ជនបរទេសដែលបាននិងកំពុងរស់នៅរាជធានីភ្នំពេញ ឲ្យមានប្រសិទ្ធភាពខ្ពស់ និងកាន់តែល្អប្រសើរជាងមុនបន្ថែមទៀត។ យើងជាអ្នកអនុវត្តច្បាប់ វាមិនបានសុគ្រិត១០០%ទេ ពិតជានៅមានភាពចន្លោះប្រហោង ដែលយើងត្រូវរួមគ្នាបំពេញបន្ថែម ។ យើងត្រូវរកសំណាញ់មួយ ដែលអាចឲ្យជនបរទេស និងប្រជាពលរដ្ឋរស់នៅសំណាញ់ច្បាប់នេះ ទាំងអស់គ្នា។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ជារួម ការងារនេះយើងអនុវត្តបានល្អប្រសើរហើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងត្រូវបន្តរួមសហការគ្នាអនុវត្តការងារនេះ ឲ្យកាន់តែល្អថែមទៀត ដើម្បីឲ្យរាជធានីភ្នំពេញ ធានាបានសុខ សុវត្ថិភាព ជូនជនបរទេសឲ្យកាន់តែមានប្រសិទ្ធភាពនិងជឿទុកចិត្ត។

ចំពោះការស្នើសុំឲ្យមានក្រុមការងារចម្រុះ រួមសហការគ្នាតែមួយ ក្នុងការចុះពិនិត្យជនអន្តោប្រវេសន៍នៅតាមរោងចក្រ សហគ្រាសឬក្រុមហ៊ុនឯកជននានានោះ ឯកឧត្តមឃួង ស្រេង បានឯកភាព ដោយសារថា ការចុះព្រមៗគ្នាតែ១ដងបែបនេះ គឺកុំឲ្យខាងរោងចក្រ សហគ្រាសឬក្រុមហ៊ុនឯកជនទាំងនោះ គេធុញទ្រាន់ជាមួយកម្លាំងរបស់យើង។

ឧត្តមសេនីយ៍ឯក សុខ វាសនា បានលើកឡើងថា ការស្នើឲ្យមានជំនួបពិភាក្សាការងារខាងលើនេះ គឺដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ និងលិខិតបទដ្ឋាន គតិយុត្តិពាក់ព័ន្ធ សំដៅបង្កើនការគ្រប់គ្រងវត្តមាននៃការចេញចូល ការស្នាក់នៅ ការប្រកបមុខរបរ របស់ជនបរទេសឲ្យមានប្រសិទ្ធភាពខ្ពស់ ធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព សង្គម និងមិនធ្វើឲ្យប៉ះពាល់ដល់បរិយាកាសវិនិយោគ របស់ជនបរទេស នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសជៀសវាងការអនុវត្តជាន់តួនាទីភារកិច្ច របស់នាយកដ្ឋានជំនាញ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕

អត្ថបទដែលជាប់ទាក់ទង