ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ឃួង ស្រេង ដោះស្រាយផលប៉ះពាល់ នៃគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិច

29

ភ្នំពេញ៖ កិច្ចប្រជុំការងារដោះស្រាយផលប៉ះពាល់ គម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិច នៅភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមបណ្ឌិត ស្តើង សុខុម រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការអន្តរក្រសួង នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ មានគោលដៅដោះស្រាយផលប៉ះពាល់អោយបានល្អ កាត់បន្ថយអោយបាននូវការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានបន្តទៀតថា
រាជធានីភ្នំពេញកើតឡើងក្នុងតំបន់ទំនាប លិចទឹក ដោយទឹកហូរពីតំបន់ភ្នំ ពិសេសមកពីខេត្តកំពង់ស្ពឺ ហូរចូលមកភ្នំពេញ ដូច្នេះហើយនៅរដូវវស្សារាជធានីភ្នំពេញ តែងប្រឈមនឹងបញ្ហាលិចលង់ បើទោះបីយើងប្រឹងប្រែងក្នុងការដោះស្រាយយ៉ាងណាក្តី។ ដោយមើលឃើញពីបញ្ហាប្រឈមនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តល់ឥណទាន ដើម្បីដោះស្រាយបញ្ចប់បញ្ហាទឹកជន់លិចនៅរាជធានីភ្នំពេញនេះ។

ឯកឧត្តម បានថ្លែងបន្តថា គម្រោងនេះមានផលប៉ះពាល់ខ្លាំង ដែលទាមទារអោយយើងយកចិត្តទុកដាក់ក្នុងការដោះស្រាយ ពិសេស ការផ្សព្វផ្សាយនិងពន្យល់ប្រជាពលរដ្ឋអោយបានយល់ពីសារសំខាន់នៃគម្រោងនេះ។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ប្តេជ្ញាចិត្តថា នឹងខិតខំដោះស្រាយអោយបានល្អបំផុតជាមួយប្រជាពលរដ្ឋ។

ឯកឧត្តមបណ្ឌិត ស្តើង សុខុម រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានថ្លែងបន្តគាំទ្រសកម្មភាពរបស់អាជ្ញាធររាជធានីភ្នំពេញក្នុងការអភិវឌ្ឍរាជធានីបន្តទៀត។ ជាធម្មតាមានការអភិវឌ្ឍគឺមានបញ្ហាប្រឈមហើយរួមនឹងបញ្ហាកកស្ទះចរាចរណ៍ផងដែរ។ ការអភិវឌ្ឍ បូករួមជាមួយការបម្រែលបម្រួលអាកាសធាតុ វាពិតជានាំមកនូវភាពលិចលង់ហើយ សូម្បីប្រទេសជឿនលឿនមួយចំនួនដូចជា នៅប្រទេសជប៉ុននិងអាមេរិកជាដើម ក៏ទទួលរងការលិចលង់ដែរ ជៀសមិនផុតទេ។ ដោយដោយមើលឃើញពីបញ្ហានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញជាគម្រោងធំមួយដើម្បីដោះស្រាយ សំដៅធ្វើយ៉ាងណាកុំអោយលិចលង់រាជធានីភ្នំពេញទៀត។

ឯកឧត្តមបណ្ឌិត ស្តើង សុខុម បានបញ្ជាក់ថា គម្រោងនេះ ពាក់ព័ន្ធនឹងរាជធានីភ្នំពេញ ខេត្តកណ្តាលនិងខេត្តតាកែវ ហើយម្ចាស់គម្រោង មានក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងធនធានទឹកនិងឧតុនិយម និងរដ្ឋបាលរាជធានីភ្នំពេញ។

ឯកឧត្តមអ៊ឹម សិទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់បានលើកឡើងថា គោលបំណងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ សំដៅបញ្ចប់ បញ្ហាទឹកជន់លិចរាជធានីភ្នំពេញក្នុងរយៈពេល ៥ឆ្នាំយ៉ាងយូរ នៅរដូវភ្លៀងធម្មតា ដោយត្រូវអនុលោមតាមផែនការមេ ច្បាស់លាស់ នៃការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ។ ដើម្បីសម្រេចបាននូវគោលបំណងនេះ រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការរៀបចំ និងអនុវត្តផែនការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក ដោយឈរលើមូលដ្ឋានសំខាន់ៗចំនួន ៣ ទី១) ការបញ្ចៀស និងការគ្រប់គ្រងហានិភ័យនៃការជន់លិច។ ២) ផែនការមេត្រូវមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ប្រទាក់ក្រឡា និងមានលំដាប់អាទិភាពច្បាស់លាស់ ព្រមទាំងមានភាពបំពេញឱ្យគ្នាទៅវិញទៅមកពីគ្រប់ប្រភពហិរញ្ញប្បទាន។ ៣) ការធានានិរន្តរភាពប្រតិបត្តិការបន្ទាប់ពីការវិនិយោគ។

ឯកឧត្តម បានបញ្ជាក់ថា ចំពោះផលប៉ះពាល់នៃគម្រោងនេះ យើងនឹងអនុវត្តទៅតាមគោលការច្បាប់នៃផលប៉ះពាល់ ដោយកិច្ចសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីឈានទៅសម្រេចឱ្យបានជោគជ័យនៃគម្រោងនេះ៕

អត្ថបទដែលជាប់ទាក់ទង