ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ស្នើឱ្យម្ចាស់ស្ថានីយទូរទស្សន៍ ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ពិនិត្យឡើងវិញមុននឹងចុះកិច្ចព្រមព្រៀងផ្សាយពាណិជ្ជកម្ម ពិសេសការផ្សាយពាណិជ្ជកម្មស្រាបៀរ ដោយឈរលើមូលដ្ឋានវិជ្ជាជីវៈ សីលធម៌សង្គម

56

 

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងកិច្ចប្រជុំពិភាក្សាលើ ការផ្សព្វផ្សាយពាណិជ្ជកម្ មនៅលើទូរទស្សន៍គ្រប់ប្រភេទ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងព័ត៌មានបានបញ្ជាក់ថា៖ លោកសូមស្នើឱ្យម្ចាស់ស្ថានីយទូរទស្សន៍ ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ពិនិត្យឡើងវិញមុននឹងចុះកិច្ចព្រមព្រៀងផ្សាយពាណិជ្ជកម្ម ពិសេសការផ្សាយពាណិជ្ជកម្មស្រាបៀរ ដោយឈរលើមូលដ្ឋានវិជ្ជាជីវៈ សីលធម៌សង្គម ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើការណែនាំចំនួន ៤ ចំណុច៖  ១-សូមបញ្ឈប់កុំប្រើប្រាស់រូបភាពនៃការហៅមនុស្សឡើងលើឆាកតន្ត្រីនិងសង្វៀនប្រដាល់ ដើម្បីពិសារស្រាបៀរ ហើយផ្សព្វផ្សាយ។ ២-ពិធីករ ពិធីការិនី ដែលជាមនុស្សមានឥទ្ធិពលលើបណ្តាញផ្សព្វផ្សាយកុំប្រើប្រាស់រូបភាពគាស់កំប៉ុងស្រាបៀរពិសារ និងផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ និងបណ្តាញទំនាក់ទំនងសង្គម។   ៣-ការផ្សព្វផ្សាយពីពាណិជ្ជកម្មស្រាបៀរ ចាំបាច់ត្រូវភ្ជាប់នឹងសារអប់រំសុខភាព «ពិសារគ្រឿងស្រវឹង សូមកុំបើកបរ» «ពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ» ដើម្បីធ្វើឱ្យមានតុល្យភាពនៃសារ នៃការផ្សាយពាណិជ្ជកម្ម និងសារអប់រំ។ ៤-ស្នើម្ចាស់ស្ថានីយទូរទស្សន៍ និងម្ចាស់ប្រពន្ធ័ផ្សព្វផ្សាយទាំងអស់ ជួយផ្សាយសារអប់រំផ្សេងៗទាក់ទងនឹងគ្រឿងស្រវឹង ការប្រឆាំងប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រឆាំងការជួញដូរមនុស្ស។

ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ថា ក្នុងរយៈពេល២ សប្តាហ៍កន្លងមកនេះ មានស្ថានភាពលំបាកបន្តិចក្នុងក្របខណ្ឌនៃការងារសោតទស្សន៍ ជាពិសេសពាក់ព័ន្ធបញ្ហាការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដែលបណ្តាស្ថានីយ៍ទូរទស្សន៍មួយចំនួនហាក់បីដូចជាភ្លេចខ្លួន ដែលកាលពីមុនគោរពបានល្អទៅលើការងារផ្សាយពាណិជ្ជកម្មស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា ដោយមានការចង្អុលបង្ហាញផ្ទាល់ពីសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ទៅលើការគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម កុំឱ្យមានភាពហួសហេតុពេក ព្រោះកន្លងទៅនេះមានភាពហួសហេតុខ្លាំង ដោយគេបៀបធៀប នៃរូបភាពដែលមានការតម្រង់ជួរទៅគាស់កំប៉ុងស្រាបៀរ ដើម្បីយករង្វាន់ និងការតម្រង់ជួរចូលរៀនរបស់យុវជន ។ ទន្ទឹមនេះ រូបភាពមួយទៀត ដែលហៅយុវជនខ្លះមិនទាន់គ្រប់អាយុផង ឡើងទៅលើសង្វៀនប្រដាល់ ហើយយកស្រាបៀរគាស់ឱ្យផឹក ដោយមានការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ទៀត ។

ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា រូបភាពទាំងនេះ មិនល្អសម្រាប់សង្គមយើងនោះទេ ដោយទាំងអស់គ្នាជាប្រព័ន្ធផ្សព្វផ្សាយត្រូវយល់ពីតម្លៃនៃសង្គមយើង ទោះបីស្ថានភាពបច្ចុប្បន្នការរស់រាន នៃប្រព័ន្ធផ្សព្វផ្សាយបុរាណ វិទ្យុ ទូរទស្សន៍ គឺបានមួយផ្នែកធំពីការគាំទ្រផ្នែកពាណិជ្ជកម្មពីក្រុមហ៊ុន ស្រាបៀរ និងភេសជ្ជៈ ប៉ូវកម្លាំងផ្អែម។ ប៉ុន្តែអ្វីសំខាន់ដែលអ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ត្រូវមើលវា មិនមែនត្រូវដើរទៅតាមអ្វីដែលជាការរៀបចំរបស់ក្រុមហ៊ុនស្រាបៀរ ឬភេសជ្ជៈ ដែលតម្រូវឱ្យយើងធ្វើអ្វីបានគ្រប់យ៉ាងនោះទេ ដែលបំពានទៅលើក្រមសីលធម៌ វិជ្ជាជីវៈ នៃការផ្សព្វផ្សាយ ដោយមិនបានគិតពីផលប៉ះពាល់នៃរូបភាព ដែលត្រូវគេយកទៅបង្ហោះនៅក្នុងបណ្តាញផ្សព្វផ្សាយសង្គម ។

ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានក៏បានស្នើសុំកុំឱ្យមានការប្រើប្រាស់សារ ដែលរំលោភលើសិទ្ធិអ្នកប្រើប្រាស់ កុំជំរុញលើកទឹកចិត្តឱ្យពិសាគ្រឿងស្រវឹង ដើម្បីទទួលបានរង្វាន់ និងជាមោទនភាពដែលបានជួយអ្វីមួយតាមរយៈពិសារស្រាបៀរ និងគ្រឿងស្រវឹងផ្សេងៗ ។ ចំពោះពិធីករ ពិធីករ គួរតែប្រើប្រាស់នូវសារដែលអព្យាក្រឹត្យ កុំជ្រុលហួសហេតុពេក ។

តំណាងស្ថានីយទូរទស្សន៍ទាំងអស់បានឯកភាព និងគាំទ្រ អនុវត្តន៍លើចំណាត់ការដែលបានស្នើឡើងនៅក្នុងកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើទូរទស្សន៍គ្រប់ប្រភេទ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នាសាលប្រជុំព្រះវិហារក្រសួងព័ត៌មាន ដើម្បីរៀបចំសណ្តាប់ធ្នាប់លើការផ្សាយពាណិជ្ជកម្មលើគ្រឿងស្រវឹង ។ សូមជម្រាបជូនថា ដើម្បីឱ្យការអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាព កាលពីថ្ងៃ០៩ ខែមករា ឆ្នាំ២០២៤កន្លងទៅនេះ ក្រសួងព័ត៌មាន បានចេញលិខិតមួយដើម្បីក្រើនរម្លឹកជាថ្មីម្តងទៀតដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ម្ចាស់ក្រុមហ៊ុនផលិត នាំចូល ចែកចាយ និងក្រុមហ៊ុនផ្តល់សេវាកម្មផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តន៍តាមលិខិតជូនដំណឹង និងគោលការណ៍ក្រមប្រតិបត្តិស្តីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងរបស់ក្រសួងព័ត៌មាន ។

តាមរយៈកិច្ចប្រជុំរវាង រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជាមួយថ្នាក់ដឹកនាំ តំណាងស្ថានីយ៍ទូរទស្សន៍ នាថ្ងៃនេះ ដើម្បីផ្លាស់ប្តូរមតិយោបល់គ្នា ក្នុងការធ្វើយ៉ាងណាឱ្យការផ្សាយផ្ដល់ជាប្រយោជន៍ជូនប្រជាពលរដ្ឋ និងធានាឱ្យមានការផ្សព្វផ្សាយពាណិជ្ជកម្មមិនប៉ះពាល់ដល់សុខភាព ជាពិសេសរួមចំណែកលើកកម្ពស់ការផលិតស្ប៉ត ឬសកម្មភាពផ្សាយពាណិជ្ជកម្មប្រកប ដោយការទទួលខុសត្រូវ ដែលជាគុណប្រយោជន៍ទាំងម្ចាស់ផលិតផល និងអ្នកទទួលផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា៕ ដោយ សំរិត

 

អត្ថបទដែលជាប់ទាក់ទង