ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី លួចម៉ូតូ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

34

បន្ទាយមានជ័យ ÷ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ កម្លាំមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច (ម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៤និង០០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅចំណុចកាស៊ីណូហ្គែនទីង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ការបង្រ្កាបករណីខាងលើនេះធ្វើឡើងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ចេង សុខជាតិ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ជនសង្ស័យឈ្មោះ ហ៊ន រ៉ាវ៉ាន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ក្រោយឃាត់ខ្លួន និងសួរនាំរួចបានឆ្លើយសារភាបថា ខ្លួនពិតជាបានលួចម៉ូតូរបស់ ជនរងគ្រោះម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ផ្លាកលេខ បន្ទាយមានជ័យ1K-0609 ដែលចតទុកចោលនៅមុខកាស៊ីណូហ្គែនទីង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ពិតប្រាកដមែន។ ជនសង្ស័យរូបនេះត្រូវបានកម្លាំងជំនាញធ្វើសេត្តទឹកនោម ឃើញមានសារធាតុញៀនផងដែរ។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងផងនោះ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៣៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកវត្ថុតាង ម៉ូតូ ត្រូវបានម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប្រគល់ជូនម្ចាស់វិញហេីយ៕

អត្ថបទដែលជាប់ទាក់ទង