ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបមេខ្លោងគ្រឿងញៀន៤នាក់ ដកហូតបានគ្រឿងញៀន ជិតបីគីឡូក្រាម

54

 

កំពត៖ កំលាំងនៃការិយាល័យគ្រឿងញៀន បានបង្ក្រាបករណីចែកចាយគ្រឿងញៀន នៅក្នុងក្រុងកំពតមួយករណី និងបានពន្លាតដែនសមត្ថកិច្ច សហការជាមួយស្នងការនគរបាលខេត្តតាកែវ បន្តបង្ក្រាបមេខ្លោងគ្រឿងញៀន និងដកហូតបានគ្រឿងញៀន ជិតបីគីឡូក្រាម ។

នៅថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និងមានការឯកភាពពីឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពត ។នាវេលាម៉ោង ១៥ និង ៣០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដែលបាន ដឹកនាំដោយលោកវរសេនីយ៍ឯក ទឹម សុភាព ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ ដោយបានដាក់កំលាំងសមត្ថកិច្ចឃ្លាំមើល ក៍ប្រទះឃើញជនសង្ស័យកំពុងយកថ្នាំញៀនមកលក់ ក៍បើកកិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី នៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។

ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ឈ្មោះ សែម សារឿន ហៅ ចាប ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ។ វត្ថុតាងដកហូតមាន: -ថ្នាំញៀនចំនួន ០១កញ្ចប់ -ម៉ូតូ ០១គ្រឿង -ទូរស័ព្ទដៃ ០១គ្រឿង។

បន្ទាប់ពីការសាកសួរចម្លើយជនសង្ស័យឈ្មោះ សែម សារឿន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០១ និង ៣០នាទី កម្លាំងសមត្ថកិច្ចជំនាញយើងក៏បានបន្តឃាត់ខ្លួនជនសង្ស័យដែលជាបក្សពួកជួញដូរគ្រឿងញៀន ស្ថិតនៅភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ថែមទៀតឈ្មោះ អ៊ុយ សុខហេង ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។ វត្ថុតាងដកហូតមាន: -ម៉ូតូ ០១គ្រឿង -ទូរស័ព្ទដៃ ០២គ្រឿង។

បន្ទាប់ពីការសាកសួរចម្លើយជនសង្ស័យឈ្មោះ អ៊ុយ សុខហេង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៥ និង ៣០នាទី កម្លាំងសមត្ថកិច្ចយើងបានបន្តឃាត់ខ្លួនជនសង្ស័យដែលជាបក្សពួកជួញដូរគ្រឿងញៀន ស្ថិតនៅភូមិបឹងនិមល ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ថែមទៀត ឈ្មោះ ដុង ឆានុន ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ។

វត្ថុតាងដកហូតមាន: -ថ្នាំញៀនចំនួន ០៣កញ្ចប់ -ម៉ូតូ ០១គ្រឿង -ទូរស័ព្ទដៃ ០១គ្រឿង។

រួចបន្តនីតិវិធីស្រាវជ្រាវ និងចម្លើយជនសង្ស័យឈ្មោះ អ៊ុយ សុខហេង និងឈ្មោះ ដុង ឆានុន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៥ និង ៣០នាទី កម្លាំងសមត្ថកិច្ចយើងបានបន្តឃាត់ខ្លួនជនសង្ស័យជាមេក្លោងដែលជាបក្សពួកជួញដូរគ្រឿងញៀន ស្ថិតនៅភូមិសុីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ថែមទៀត ឈ្មោះ ង៉ែត រស្មី ហៅ កើយ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិសុីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ ។

វត្ថុតាងដកហូតមាន: -ថ្នាំញៀនចំនួន ០៩កញ្ចប់ (ធំ២ តូច៧) -ទូរស័ព្ទដៃ ០២គ្រឿង -ជញ្ជីងអេឡិចត្រូនិច ០១គ្រឿង -ថង់ប្លាស្ទិចមួយចំនួន ។

នៅជុំវិញករណីខាងលើនេះសមត្ថកិច្ចយើងបានដកហូតវត្ថុតាងសរុបរួមមាន៖ -ម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀនចំនួន ១៣កញ្ចប់
-ម៉ូតូ ០៣គ្រឿង -ទូរស័ព្ទដៃ ០៦គ្រឿង -ជញ្ជីងអេឡិចត្រូនិច ០១គ្រឿង និងថង់ប្លាស្ទិចមួយចំនួន ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង៤នាក់ និងវត្ថុតាងទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង