ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គភាពស៊ីម៉ាក់បានរៀបសិក្ខាសាលា ស្តីពី ““ភាពជាម្ចាស់ដ៏រឹងមាំ នៃស្ថាប័នជាតិសម្រាប់កិច្ចប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងវិស័យសកម្មភាពមីន”

30

 

ភ្នំពេញ ៖ អង្គភាពស៊ីម៉ាក់បានរៀបសិក្ខាសាលា ស្តីពី ““ភាពជាម្ចាស់ដ៏រឹងមាំ នៃស្ថាប័នជាតិសម្រាប់កិច្ចប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងវិស័យសកម្មភាពមីន” សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (ចៃកា) ក្រោមអធីបតីភាពឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្កនាយកស៊ីម៉ាក់ រួមជាមួយលោក Shiji Yanagawa តំណាងជាន់ខ្ពស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន និងតំណាងគណៈប្រតិភូនៃប្រទេសទាំងបួន លោក Dahir Abdirahman Abdulle អគ្គនាយកអាជ្ញាធរគ្រប់គ្រងសំណល់ជាតិផ្ទុះ នៃប្រទេសសូម៉ាលី នៅថ្ងៃទី២៣ ខែមករាឆ្នាំ ២០២៤ នៅសណ្ឋាគាហ៊ីម៉ាវ៉ារី ។

សិក្ខាសាលានេះមានគោលបំណងផ្តល់នូវវេទិកាដ៏មានសារៈសំខាន់មួយ ដើម្បីចែករំលែកឧត្តមានុវត្តន៍ រួមជាមួយបទពិសោធន៍ក្នុងការគ្រប់គ្រងស្ថាប័នជាតិ ការគ្រប់គ្រងវិស័យសកម្មភាពមីន និងប្រតិបត្តិការបោសសម្អាតមីននៅក្នុងប្រទេសកម្ពុជា ជូនដល់អាជ្ញាធរជាតិនៃបណ្តាប្រទេសអាហ្វ្រិកទាំងបួននោះ។ នៅក្នុងសិក្ខាសាលានោះផងដែរក៏មានការចូលរួមពីមន្ត្រីអាជ្ញាធរមីនកម្ពុជា និងអង្គការពាក់ព័ន្ធក្នុងវិស័យសកម្មភាពមីនមួយចំនួនទៀតផងដែរដើម្បីចែករំលែកបទពិសោធន៍ដើម្បីឆ្លើយតបទៅនឹងគោលបំណងនៃសិក្ខាសាលា។

មានប្រសាន៍នៅក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម ហេង រតនា បានសង្កត់ធ្ងន់ទៅលើភាពជាម្ចាស់ និងភាពជាដៃគូដែលមិនអាចកាត់ផ្តាច់ពីគ្នាបាននៅក្នុងវិស័យសកម្មភាពមីន។ ឯកឧត្តមប្រតិភូបានបន្ថែមទៀតផងដែរថា អង្គការជាតិ និងអង្គការអន្តរជាតិមមួយចំនួនបាននឹងកំពុងសហការជាមួយអង្គភាពស៊ីម៉ាក់ក្នុងនាមជាដៃគូ ដើម្បីសហការក្នុងការសម្រេចឱ្យបានគោលដៅរួមគ្នាមួយនៅក្នុងការបោសសម្អាតមីន។

មានប្រសាសន៍នៅក្នុងសិក្ខាសាលានេះផងដែរតំណាងជាន់ខ្ពស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន បានលើកឡើងពីភាពជាដៃគូរវាង JICA និង CMAC ចាប់តាំងពីឆ្នាំ១៩៩៩ ដើម្បីគាំទ្រក្នុងវិស័យបោសសម្អាតមីន ជាពិសេសការចូលរួមចែករំលែកចំណេះដឹងក្នុងវិស័យសកម្មភាពមីនទៅកាន់ប្រទេសមួយចំនួនដូចជាប្រទេស កូឡុំប៊ី ប្រទេសអឺរ៉ាក់ ប្រទេសឡាវ ប្រទេសអ៊ុយក្រែនប្រទេសអង់ហ្គោឡា ជាដើម ដើម្បីផ្តល់លទ្ធភាពដល់ប្រតិបត្តិករទាំងនោះអាចធ្វើការបោសសម្អាតមីនប្រកបដោយប្រសិទ្ធភាព និងមានភាពម្ចាស់ការនៃការបោសសម្អាតមីននៅក្នុងប្រទេសរបស់ខ្លួន។

គួររំលឹកផងដែរថាមុននឹងឈានដល់ការធ្វើសិក្ខាសាលានេះឡើង កាលពីថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ នាទីក្រុងណៃរ៉ូប៊ីប្រទេសកេនយ៉ា អង្គភាពCMAC ត្រូវបានអញ្ជើញអោយចូលរួមក្នុងសិក្ខាសាលាមួយ ស្តីពី ការពង្រឹងភាពជាម្ចាស់ និងសមត្ថភាពគ្រប់គ្រង ស្ថាប័នជាតិក្នុងវិស័យសកម្មភាពមីន ដែលបានរៀបចំ និងគាំទ្រថវិកាដោយទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA) និងសហការរៀបចំសម្របសម្រួលជាមួយ អ៊ុនម៉ាស់ (United Nations Mine Action Service)
មន្ត្រីអាជ្ញាធរទាំង០៤ប្រទេស ព្រមទាំងទីប្រឹក្សាអម សុទ្ធតែយល់ឃើញ និងទទួលស្គាល់ថា ស្ថាប័ន ជាតិគ្រប់គ្រងវិស័យមីនក្នុងប្រទេសរបស់ខ្លួនហាក់មានលក្ខណៈមិនច្បាស់លាស់ សមត្ថភាពមានកំរិត ពឹង ផ្អែកខ្លាំងលើជំនួយពីខាងក្រៅ និងមានបញ្ហាប្រឈមច្រើន ទាក់ទងការកសាងសមត្ថភាព និងភាពជាម្ចាស់ លើការគ្រប់គ្រងវិស័យមីន ក្នុងប្រទេសរបស់ខ្លួន។

តាមការបញ្ជាក់ប្រទេសទាំង០៤ខាងលើ ពុំទាន់មានអង្គភាព ឬស្ថាប័នប្រតិបត្តិករជាតិបោសសម្អាតមីននៅឡើយទេ ដោយពឹងផ្អែកទាំងស្រុងទៅលើ ក្រុមហ៊ុន អង្គការជាតិ និងអង្គការអន្តជាតិ ដើម្បីអនុវត្តកិច្ច ប្រតិបត្តិការបោសសម្អាតមីន និងបានស្នើសុំអោយអង្គភាពCMAC តាមរយៈអង្គការJICA ជួយផ្តល់ការចែក រំលែកបទពិសោធន៍ និងហ្វឹកហ្វឺនដល់អង្គភាពប្រទេសរបស់ខ្លួន នាពេលខាងមុខ ជាពិសេសស្នើសុំធ្វើ ទស្សនៈកិច្ចនៅកម្ពុជា ដើម្បីសិក្សាអោយកាន់តែច្បាស់អំពីវិស័យបោសសម្អាតមីន៕

អត្ថបទដែលជាប់ទាក់ទង