ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រមសីលធម៌របស់អ្នកសារព័ត៌មាន មានសារៈសំខាន់បំផុតដើម្បីរក្សាបាននូវតម្លៃ និងមូលដ្ឋានរឹងមាំនៃទំនុកចិត្ត តាមរយៈការគោរពប្រតិបត្តិត្រឹមត្រូវរបស់អ្នកប្រតិបត្តិករគ្រប់រូបក្នុងវិស័យនេះ

38

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងព័ត៌មាន ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ដើម្បីពិភាក្សា និងការផ្លាស់ប្តូរយោបល់តាមជំនាញ, បទពិសោធន៍ និងឧត្តមានុវត្តន៍ រវាងថ្នាក់ដឹកនាំ និង មន្ត្រីរាជការក្រសួងព័ត៌មានគ្រប់ជាន់ថ្នាក់, ភាគីពាក់ព័ន្ធនានា, និង អ្នកចូលរួម នឹង ផ្តល់ ជា ធាតុចូល យ៉ាងសំខាន់សម្រាប់អភិវឌ្ឍវិស័យព័ត៌មាននៅកម្ពុជាឱ្យបានល្អ សំដៅបម្រើ ផលប្រយោជន៍ ឱ្យ បាន ច្រើន ជា អតិបរមា ជូនជាតិ មាតុភូមិនៃយើង ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន បញ្ជាក់ថា វិស័យព័ត៌មាន គឺជាកាតាលីករយ៉ាងសំខាន់ ក្នុងការបង្កើតខ្លឹមសារ និងជាអ្នកចែកចាយ និងផ្សព្វផ្សាយព័ត៌មានអំពីសង្គមជាតិ និងការបង្ហាញអំពីតថភាពសង្គម និងការអភិវឌ្ឍ ។ ជាក់ស្តែង ក្នុងដំណើរការកសាង និងអភិវឌ្ឍប្រទេសកន្លងមក, វិស័យព័ត៌មានបានរួមចំណែក ដោយផ្អែកលើមុខងារសំខាន់ៗ ដូចជា៖ ទី១. ចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើមូលដ្ឋាននីតិរដ្ឋ, ទី២. បញ្ជូនព័ត៌មានពិត និងរហ័សទាន់ពេល, ទី៣. ផ្តល់ព័ត៌មានបែបអប់រំ និងចំណេះដឹង, ទី៤. ជាឆ្មាំត្រួតពិនិត្យតុល្យភាពសង្គមដ៏ស្មោះត្រង់, និងទី៥. ចូលរួមកែលម្អសង្គម តាមរយៈការផ្តល់ព័ត៌មានពិតគ្រប់ជ្រុងជ្រោយ និងប្រកបដោយតម្លាភាព និងជាអ្នកផ្តល់ធាតុចូល ក្នុងការរៀបចំគោលនយោបាយ, ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាល ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្ត ទុកដាក់ ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀត នូវការគោរពសិទ្ធិសេរីភាពខាងសារព័ត៌មាន, សេរីភាពនៃបោះពុម្ពផ្សាយ, សេរីភាពនៃការការបញ្ចេញមតិ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។ បន្ថែមលើនេះ, រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ក្នុងការធានានូវបរិយាកាសបើកទូលាយការប្រកបវិជា្ជជីវៈសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា តាមរយៈការធានាការគោរព សិទ្ធិ គ្មានការរើសអើង, គ្មានការគំរាម និងមិនប្រកាន់និន្នាការនយោបាយ ។ ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ជាពិសេស បច្ចេកវិទ្យាឌីជីថល ប្រព័ន្ធផ្សព្វផ្សាយចាំបាច់ត្រូវធ្វើបរិវត្តកម្មឌីជីថល ដើម្បីធានានូវវិសាលភាពនៃការផ្សាយគ្របដណ្តប់បានទូទាំងប្រទេស ឱ្យបានលឿន រហ័ស និងមានគុណភាពខ្ពស់ ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់បញ្ជាក់ផងដែរថា ក្រមសីលធម៌របស់អ្នកសារព័ត៌មាន ពិតជាមានសារៈសំខាន់បំផុតក្នុងការកំណត់នូវបទដ្ឋាន និងកម្រិតនៃលំហអនុវត្តក្នុងវិស័យព័ត៌មាន ដើម្បីរក្សាបាននូវតម្លៃ និងមូលដ្ឋានរឹងមាំនៃទំនុកចិត្ត តាមរយៈការគោរពប្រតិបត្តិត្រឹមត្រូវរបស់ប្រតិបត្តិករគ្រប់រូបក្នុងវិស័យនេះ ។ ជាពិសេស មន្ត្រីសារព័ត៌មានតាមបណ្តារាជធានី ខេត្តត្រូវដើរតួជាអ្នកសាធារណ:មតិ ប្រកបដោយភាព បុរេសកម្មជាប្រចាំ ដើម្បីផ្សព្វផ្សាយនូវសមិទ្ធផលវិជ្ជមានដែលរាជរដ្ឋាភិបាល រដ្ឋបាលរាជធានី ខេត្តបានកសាង និងសម្រេចបាន ជូនដល់ប្រជាពលរដ្ឋឱ្យមានភាពកក់ក្តៅជាមួយស្នាដៃដែលបានកសាង និងសម្រេចបាន ទាំងនេះ។
ក្នុងឱកាសដ៏វិសេសវិសាលនោះផងដែរ សម្តេចធិបតី បានធ្វើការវាយតម្លៃខ្ពស់ចំពោះក្រសួងព័ត៌មាន ដែលបានអនុវត្តភារកិច្ចប្រកប ដោយការទទួលខុសត្រូវ និង វិជ្ជាជីវៈ ក្នុងការចុះយកព័ត៌មាន, ការចែករំលែកព័ត៌មាន, និងការផ្សព្វផ្សាយព័ត៌មានបានទូលំទូលាយ និងរហ័សទាន់សភាពការណ៍ ទាំងនៅក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ដើម្បីបង្ហាញពីសភាពការណ៍ពិតប្រាកដ ជាក់ស្តែងនៅកម្ពុជា ។ ទន្ទឹមនេះ សម្តេចធិបតី ក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន ដែលបានចូលរួមចំណែកក្នុងការដឹកនាំ និងគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍ នៅព្រះរាជាណាចក្រកម្ពុជា, ជាពិសេសស លទ្ធផលការងារក្នុងរយៈពេលជិត ៥ ខែដំបូង របស់ក្រសួងព័ត៌មាន ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ដែលបាន និងកំពុងជំរុញប្រែក្លាយក្រសួងព័ត៌មាន ទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ប្រកបដោយគុណភាព, ប្រសិទ្ធភាព និងបុរេសកម្ម ។ លើសពីនេះ សម្តេចធិបតី ក៏បានសម្តែងនូវការដឹងគុណចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលបានដឹកនាំក្រសួងព័ត៌មាន បានយ៉ាងល្អប្រសើរ ក្នុងរយៈពេលជាង ២ ទសវត្សរ៍ កន្លងមក និងថែមទាំងបានបណ្តុះបណ្តាលមន្រ្តីជាច្រើនរូប ឱ្យក្លាយជាថ្នាក់ដឹកនាំ និងមន្រ្តីបន្តវេនដ៏មានសក្តានុពលរបស់រាជរដ្ឋាភិបាល ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង