ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ គូសរំលេចអំពីការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដល់មេធាវីទីប្រឹក្សាក្រសួងយុត្តិធម៌

64

 

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានសម្តែងនូវអំណរគុណចំពោះទឹកចិត្តរបស់មេធាវីទីប្រឹក្សាក្រសួងយុត្តិធម៌ទាំងអស់ ក្នុងការចូលរួមអនុវត្តយុទ្ធនាការទាំង ២ របស់ក្រសួងយុត្តិធម៌ ដោយស្ម័គ្រចិត្ត និងទទួលខុសត្រូវ ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ជាពិសេសក្នុងបុព្វហេតុនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌។

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ បានដឹកនាំសមាជិកគណៈបញ្ជាការដឹកនាំយុទ្ធនាការ ជួបប្រជុំជាមួយមេធាវីទីប្រឹក្សាក្រសួងយុត្តិធម៌ ប្រមាណ ១៨០ រូប នាបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នៅរសៀលថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ នេះ។

នៅក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានគូសរំលេចអំពីការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដល់មេធាវីទីប្រឹក្សាក្រសួងយុត្តិធម៌ ជាពិសេស យុទ្ធនាការទាំង ២ ដែលក្រសួងយុត្តិធម៌បានដាក់ចេញ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ កន្លងទៅ គឺយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានគូសបញ្ជាក់ថា ការដាក់ចេញយុទ្ធនាការនេះ គឺធ្វើទៅតាមការប្រគល់ភារកិច្ចដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ជាអាទិភាពនយោបាយដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ទន្ទឹមនឹងការអនុវត្តយុទ្ធនាការទាំង ២ នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានគូសបញ្ជាក់ផងដែរ អំពីវិធានការដាច់ខាត ដែលត្រូវអនុវត្តចំពោះសំណុំរឿង ៣ ប្រភេទ គឺ គ្រឿងញៀន, គ្រោះថ្នាក់ចរាចរណ៍ និងអត្រានុកូលដ្ឋាន ដែលជាកិច្ចការអាទិភាព ដែលចាំបាច់ត្រូវតែដោះស្រាយដោយតម្លាភាព ភាពត្រឹមត្រូវតាមច្បាប់ និងភាពម៉ឺងម៉ាត់ ស្របតាមទិសដៅនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ក៏ដូចជា ការចូលរួមទទួលខុសត្រូវនៃវិស័យយុត្តិធម៌ចំពោះមុខប្រជាជន និងសង្គមជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានសង្កត់ធ្ងន់ថា ដើម្បីសម្រេចទៅតាមបំណងប្រាថ្នារបស់ សម្តេចមហាបវរធិបតី ប្រមុខរាជរដ្ឋាភិបាល, ក្រសួងយុត្តិធម៌មានភាពចាំបាច់ ក្នុងការអនុវត្តយុទ្ធនាការទាំង ២ ក៏ដូចជា ចាត់វិធានការលើសំណុំរឿងទាំង ៣ប្រភេទ ដោយភាពម៉ឺងម៉ាត់ ដោយប្រកាន់ខ្ជាប់តាមអភិក្រមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលថា “គ្មានការកែទម្រង់ណាមួយដែលងាយស្រួលនោះទេ ការកែទម្រង់ដែលជោគជ័យត្រូវផ្អែកលើកត្តាសំខាន់ៗចំនួន ៤៖ (ទី១)-ត្រូវមានចក្ខុវិស័យច្បាស់លាស់, (ទី២)-ត្រូវមានការប្តេជ្ញាចិត្តខ្ពស់, (ទី៣)-ត្រូវមានការចូលរួមដោយស្មោះត្រង់ និង (ទី៤)-ត្រូវមានការលះបង់, និងអភិក្រមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ (ទី១)-ឆ្លុះកញ្ចក់, (ទី២)-ងូតទឹក, (ទី៣)-ដុសក្អែល, (ទី៤)-ព្យាបាល និង (ទី៥)-វះកាត់។ គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមអនុវត្តការកែទម្រង់ប្រព័ន្ធយុត្តិធម៌នេះ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវចៀសវាងដាច់ខាតនូវស្ថានភាព “ត្រីងៀតឆ្លៀតពង” ដោយឆ្លៀតយកយុទ្ធនាការ ដើម្បីស្វះស្វែងរកផលប្រយោជន៍ដោយខុសច្បាប់។

ជាទីចុងបញ្ចប់, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានសម្តែងនូវអំណរគុណចំពោះទឹកចិត្តរបស់មេធាវីទីប្រឹក្សាក្រសួងយុត្តិធម៌ទាំងអស់ ក្នុងការចូលរួមអនុវត្តយុទ្ធនាការទាំង ២ របស់ក្រសួងយុត្តិធម៌ ដោយស្ម័គ្រចិត្ត និងទទួលខុសត្រូវ ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ជាពិសេសក្នុងបុព្វហេតុនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌។ បន្ថែមពីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនមេធាវីទីប្រឹក្សាទាំងអស់ផងដែរថា ការជួយដល់ប្រជាជន ជាពិសេស ប្រជាជនក្រីក្រ និងប្រជាជនដែលរងគ្រោះដោយអយុត្តិធម៌ នឹងទទួលបានការគោរព និងកិត្តិយសយ៉ាងធំធេងពីសំណាក់ប្រជាជន និងសង្គមជាតិ៕

អត្ថបទដែលជាប់ទាក់ទង