ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួង-ស្ថាប័ន ចំនួន ២៤ និងរាជធានី-ខេត្ត ទាំង២៥ បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួន ១០០% រីឯក្រសួង-ស្ថាប័នចំនួន ១៦ ផ្សេងទៀត ក៏បានប្រកាសស្ទើរតែរួចរាល់

77

 

ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បើកកិច្ចប្រជុំអាណត្តិទី៣២ លើកទី៣១ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម តុប សំ – សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុប្រធាន ក.ជ.ប.ព. ដើម្បី ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំ ក.ជ.ប.ព. លើកទី៣០ អាណត្តិទី៣ និងស្តាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ។

បើតាមរបាយការណ៍របស់ អ.ប.ព. អំពីការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺមានមន្ត្រី ៥៥០ នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះ ៖ មន្ត្រីទើបតែងតាំងថ្មីដែលមានកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលចំនួន ២៨៤នាក់, មន្រី្ត ២៦៥ នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលជាលើកចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារ -ចូលនិវត្តន៍ និងចប់អាណត្តិ
តាមតម្រូវការស៊ើបអង្កត ១នាក់។ ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ០២ឆ្នាំ ពីថ្ងៃទី១-៣១ ខែមករា ឆ្នាំ២០២៤ គិតត្រឹមថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នេះ បុគ្គលដែលជាប់កាតព្វកិច្ច បានប្រកាសទ្រព្យ សម្បត្តិ និងបំណុលជូន អ.ប.ព. ចំនួន ១៨.០០១ រូប ស្មើនឹង ៩៩.២៨% នៃចំនួនត្រូវប្រកាសសរុប ១៨.១៣២ រូប។

ក្រសួង-ស្ថាប័ន ចំនួន ២៤ និងរាជធានី-ខេត្ត ទាំង២៥ បានបញ្ចប់ការប្រកាសរបស់ខ្លួន ១០០% រីឯក្រសួង-ស្ថាប័នចំនួន ១៦ ផ្សេងទៀត ក៏បានប្រកាសស្ទើរតែរួចរាល់ (ចន្លោះ ៦៧-៩៩%) ផងដែរ។

តាមសំណូមពរស៊ើបអង្កេត ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប្រធាន អ.ប.ព. បានសម្រេច ឱ្យបើកស្រោមសំបុត្រពិនិត្យឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន ១ករណី។

អ.ប.ព. បានដំណើរការពិនិត្យវិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះ ចំនួន ២៨ពាក្យប្ដឹង។ អ.ប.ព. បានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ១ករណី ពាក់ព័ន្ធ នឹងបទល្មើសរំលោភអំណាច និងសម្អាតប្រាក់។

ករណីលោក ខេង យ័ន អភិបាលក្នុងកែប និងករណី ៣ផ្សែងទៀត ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានពិភាក្សា និងផ្តល់អនុសាសន៍លើការរាយការណ៍ផ្សេងទៀតរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប្រធាន អ.ប.ព. លើសភាពការណ៍ពាក្យប្ដឹង សភាពការណ៍មូលដ្ឋាន និងកិច្ចការផ្សេងៗទៀតរបស់អង្គភាពដែលត្រូវអនុវត្តនាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង