ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទស្សនកិច្ចសិក្សាជាការបង្ហាត់បង្រៀន សិស្សានុសិស្សឱ្យយល់ដឹង ពីការងារសង្គម និងចេះជួយសង្គម នាពេលអនាគត

57

ភ្នំពេញ៖ ទស្សនកិច្ចសិក្សារបស់សិស្សគឺមាន សារៈសំខាន់ណាស់ ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗក្រៅអំពីការ សិក្សានៅក្នុងសាលាដែលពួកគេជាសិស្សបានរៀនសូត្រជារៀងរាល់ថ្ងៃ។ ដោយមើលឃើញពីភាពចាំបាច់ និងសារៈប្រយោជន៍នៃទស្សនកិច្ចសិក្សានេះហើយ ទើបសាលា បានដឹកនាំសិស្សានុសិស្សពីថ្នាក់ទី៧ ដល់ទី៩ ចំនួន១៦០នាក់ និងលោកគ្រូ អ្នកគ្រូចំនួន១៨ នាក់ ធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់ខេត្តកែបដែលជាតំបន់ទេសចរណ៍ជាប់មាត់ សមុទ្រ និងទៅកាន់ការដ្ឋានស្រែអំបិលក្នុងខេត្តកំពត ដែលជាកន្លែងផលិតអំបិលរបស់ប្រជាកសិករ។

នេះគឺជាការលើកឡើងរបស់លោកគ្រូ អុំ ភារម្យ នៃសាលា GVA នាអំឡុងពេលនៃដំណើរទស្សនកិច្ចសិក្សារបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទៅកាន់ខេត្តជាប់មាត់សមុទ្រទាំងពីរខាងលើ ដោយលោកបានគូសបញ្ជាក់ថា ការធ្វើទស្សនកិច្ចសិក្សារបស់សិស្ស គឺជាផ្នែកមួយជួយបង្ហាត់បង្រៀនដល់ពួកគេបានយល់ដឹងពីការងារសង្គម និងជួយបណ្តុះផ្នត់គំនិតឱ្យពួកគេចេះជួយការងារសង្គមនាពេលអនាគតថែមទៀតផង។

តួយ៉ាងដូចជាដំណើរទស្សនកិច្ចសិក្សាដែលមានរយៈពេល ១យប់ ២ថ្ងៃ របស់សិស្សានុសិស្សសាលា GVA នាពេលនេះ គឺមានបំណងចង់ឱ្យពួកគេបានសិក្សាឈ្វេងយល់អំពីមេរៀននៅនឹងកន្លែងដោយផ្ទាល់ តាមរយៈការមើលឃើញនឹងភ្នែករបស់ពួកគេតែម្តង។
ក្នុងនាមជាគ្រូបង្រៀនមួយរូបលោក អុំ ភារម្យ បានពន្យល់ថា ទស្សនកិច្ចសិក្សាមកដល់ទីតាំងដោយផ្ទាល់នេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះសិស្ស ជាពិសេសទស្សនកិច្ចសិក្សានៅការដ្ឋានស្រែអំបិលក្នុងខេត្តកំពតតែម្តង។ ពួកគេអាចសិក្សាដោយផ្ទាល់ និងមើលឃើញដោយផ្ទាល់នឹងភ្នែកអំពីការអនុវត្តន៍ជាក់ស្តែងរបស់កសិករផលិតអំបិល ដែលបងប្អូនប្រជាកសិកររបស់យើងបានចំណាយកម្លាំង និងចំណាយពេលយូរថ្ងៃទើបអាចប្រមូលផលអំបិលពីស្រែអំបិលនេះបាន ដែលនេះគឺជាការព្យាយាម តស៊ូ និងការអត់ធ្មត់របស់ពួកគាត់។ ដូច្នេះហើយ ចំណេះដឹង និងការតស៊ូផលិតអំបិលរបស់ប្រជាកសិករបានផ្តល់ជាមេរៀនមួយដល់សិស្ស ដែលនឹងជួយជម្រុញឱ្យពួកគេមានការខិតខំរៀនសូត្រប្រកបដោយភាពតស៊ូអំណត់ដូចគ្នាទៅនឹងបងប្អូនជាកសិករផលិតអំបិលនៅក្នុងខេត្តកំពតនេះផងដែរ ដែលពួកគាត់មានការព្យាយាម និងអំណត់ខ្លាំងណាស់នៅលើការដ្ឋានស្រែអំបិលនេះ។

លោកគ្រូបានលើកឡើងថា ទស្សនកិច្ចសិក្សាមកកាន់ទីតាំងផលិតអំបិលដោយផ្ទាល់នេះ មិនត្រឹមតែផ្តល់ឱ្យសិស្សនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗនោះទេ តែវាថែមទាំងបានបណ្តុះផ្នត់គំនិតឱ្យពួកគេចេះស្រឡាញ់ លើកស្ទួយ និងចូលរួមគាំទ្រនូវអ្វីដែលជាផលិតផលក្នុងស្រុក ដែលផលិតដោយកសិកររបស់យើងថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង