ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាលគិតគូរទាំងអ្នកចិញ្ចឹម និងតម្លៃសាច់លើទីផ្សារ ធ្វើយ៉ាងណាកុំឱ្យមានអតិផរណា

35

 

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូរយ៉ាងយកចិត្តទុកដាក់ ទាំងបងប្អូនអ្នកចិញ្ចឹមសត្វ និងតម្លៃសាច់នៅលើទីផ្សារ ដោយធ្វើយ៉ាងណា កុំឱ្យមានអតិផរណា [ការកើនឡើងតម្លៃសាច់] ដែលនាំឱ្យប៉ះពាល់អ្នកបរិភោគ។

ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា «ពាក់ព័ន្ធនឹងការនាំចូលសាច់បង្កក ដែលកន្លងទៅប្រជាកសិករ យើងមួយចំនួនបានសុំអន្តរាគមន៍ពីរាជរដ្ឋាភិបាល ហើយការងារនេះក្រសួងកសិកម្ម បានដឹកនាំប្រជុំជាមួយវិស័យចិញ្ចឹមសត្វ ខាងវិស័យឯកជន ពិតណាស់ការដោះស្រាយ ការធានា គឺថារាជរដ្ឋាភិបាលត្រូវធានាពីរ ធានាទី១ គឺកសិផល លក់បានថ្លៃល្អ ចំណូលដល់កសិករ ធានាមួយទៀតកុំឱ្យមានអតិផរណាថ្លៃ»។

ជាមួយគ្នានេះ សម្តេចធិបតីបានបញ្ជាក់ផងដែរថា ជារៀងរាល់ថ្ងៃរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្ញើតម្លៃម្ហូបអាហារ ជូនសម្តេចដើម្បីតាមដានជាប់ជាប្រចាំ ធ្វើយ៉ាងណាងាយក្នុងការចាត់វិធានការអន្តរាគមន៍ ឱ្យទាន់ពេលវេលា។

សម្តេចនាយករដ្ឋមន្ត្រីថា ការដោះស្រាយកាត់បន្ថយថ្លៃដើម ក្នុងការផលិតជូនកសិករ ជាអ្វីដែលរាជរដ្ឋាភិបាលខិតខំធ្វើ ដែលកន្លងទៅរាជរដ្ឋាភិបាលបានចេញគោលការណ៍អនុគ្រោះច្រើន ដល់វិស័យកសិកម្ម ដូចជាការមិនយកពន្ធដីកសិកម្ម ការបញ្ចុះតម្លៃអគ្គិសនី និងការផ្តល់នូវការអនុគ្រោះមួយចំនួនទៀត គឺសុទ្ធសឹង ដើម្បីជួយដល់វិស័យមានផលចំណេញ៕

អត្ថបទដែលជាប់ទាក់ទង