កម្ពុជាត្រូវរៀបចំគោលនយោបាយ និងលក្ខខណ្ឌវិនិយោគឱ្យសមស្រប និងបត់បែនទៅតាមការចង់បានរបស់អ្នកវិនិយោគ
ខេត្តព្រះសីហនុ ៖ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» គឺជាគំនិតផ្តួចផ្តើមរបស់សមេ្តចធិបតី នាយករដ្ឋមន្ត្រី ដើម្បីជំរុញសកម្មភាពធុរកិច្ច និងការវិនិយោគ សំដៅប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាខេត្តដឹកមុខក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ស្ថានភាពសេដ្ឋកិច្ចពិភពលោក និងតំបន់កំពុងតែបន្តប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់។
នៅព្រឹកថ្ងៃពុធទី៣១ ខែមករា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤»។
«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ត្រូវបានរៀបចំឡើងដោយឈរលើទស្សនទានគោលចំនួន៤រួមមាន៖
ទី១៖ កែប្រែមុខមាត់ខេត្តព្រះសីហនុ ឱ្យទៅជាខេត្តដែលមានមូលដ្ឋានសេដ្ឋកិច្ច ពឹងផ្អែកលើឧស្សាហកម្ម, ទេសចរណ៍ និងការវិនិយោគ
ទី២៖ ដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ដែលផ្តល់លទ្ធផលរហ័ស
ទី៣៖ ដាក់ចេញនូវវិធានការអនុវត្តជាក់ស្តែង ដែលមានលក្ខណៈជាការបំពេញបន្ថែមប្រកបដោយសង្គតិភាព ទៅនឹងគោលនយោបាយ និង យុទ្ធសាស្ត្រនានា របស់រាជរដ្ឋាភិបាល
ទី៤៖ បង្កើនល្បឿននៃការធ្វើបរិវត្តកម្ម និង ការអភិវឌ្ឍឧស្សាហកម្ម ក្នុងខេត្តព្រះសីហនុ ឱ្យមានតម្លៃបន្ថែម និង មានឧត្តមភាពប្រកួតប្រជែងខ្ពស់ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលថ្មី សម្រេចបានលទ្ធផលការងារជាបន្តបន្ទាប់ ដែលបង្ហាញឱ្យឃើញពីកិច្ចប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល។ សម្តេចបានមានប្រសាសន៍ទៀតថា កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤នេះ ក្នុងគោលបំណងជំរុញសកម្មភាពការវិនិយោគ ក៏ដូចជាការដោះស្រាយបញ្ហានានា ដែលកំពុងប្រឈម និងកំពុងជាប់គាំង ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាខេត្តឈានមុខ ក្នុងការបង្កើនកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរ។
សម្តេចបានថ្លែងទៀតថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» ជាជំហានជាក់ស្តែងថ្មីមួយទៀត របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ជាគោលដៅពិសេសសម្រាប់ការដោះស្រាយ ដូច្នេះហើយបានរាជរដ្ឋាភិបាលដាក់ចេញកម្មវិធីពិសេសក្នុងខេត្តទាំងពីរនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកាត់បន្ថយតម្លៃឡូជីស្ទីក និងការស្តារវិស័យសំណង់នៅខេត្តព្រះសីហនុ នឹងជួយដល់ការវិនិយោគ និងបញ្ហានៅតំបន់ដទៃបាន។ ដើម្បីដោះស្រាយបញ្ហាក្នុងខេត្តព្រះសីហនុឱ្យមានប្រសិទ្ធភាព ត្រូវប្រើយន្តការជួយពីថ្នាក់ជាតិ។ កម្ពុជាកំពុងពិចារណាបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលសម្រាប់តែអ្នកវិនិយោគមកពីប្រទេសតែមួយ។ កម្ពុជាត្រូវរៀបចំគោលនយោបាយ និងលក្ខខណ្ឌវិនិយោគឱ្យសមស្រប និងបត់បែនទៅតាមការចង់បានរបស់អ្នកវិនិយោគ៕