ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ៖ ប្រជាពលរដ្ឋរស់នៅលើប្រឡាយព្រែកប្រា ខណ្ឌច្បារអំពៅជាង ២០០គ្រួសារ បានទៅរស់នៅទីតាំងថ្មីមួយ ដែលអាជ្ញាធរផ្ដល់កម្មសិទ្ធិស្របច្បាប់

58

 

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញបញ្ជាក់ថា៖ ដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំអោយប្រជាពលរដ្ឋរស់នៅលើប្រឡាយព្រែកប្រា ក្នុងខណ្ឌច្បារអំពៅជាង២០០គ្រួសារ បានទៅរស់នៅនៅទីតាំងថ្មីមួយដែលអាជ្ញាធរផ្ដល់កម្មសិទ្ធិស្របច្បាប់ ហើយថែមទាំងបានប្រឡាយរំដោះទឹកថែមទៀតដែលធ្វើឲ្យពួកគាត់រីករាយសប្បាយក្នុងចិត្តយ៉ាងខ្លាំង។

ដើម្បីអោយដំណើរការនេះប្រព្រឹត្តទៅដោយរលូនអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះបានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋានចុះពិនិត្យមើលស្ថានភាពប្រឡាយព្រៃកប្រានេះ ដើម្បីឈានទៅធ្វើការស្ដារក៏ដូចជាស្ថាបនានិងចាក់ស៊ីផាយនៅអមសងខាងប្រឡាយ ខណៈដែលនៅអមសងខាងប្រឡាយនេះមានផ្លូវបេតុងស្អាតរួចរាល់។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ ជាយុទ្ធសាស្ត្រស្ដារប្រឡាយ ដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅ ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំអោយប្រជាពលរដ្ឋដែលរស់នៅលើប្រឡាយចំនួនជាង២០០គ្រួសារ ទៅរស់នៅទីតាំងមួយដែលរដ្ឋបាលរាជធានីភ្នំពេញបានផ្ដល់កម្មសិទ្ធិស្របច្បាប់ជូន ហើយថែមទាំងបានប្រឡាយរំដោះទឹកថែមទៀតដែលធ្វើឲ្យពួកគាត់រីករាយសប្បាយក្នុងចិត្ត និង រីករាយសហការជាមួយអាជ្ញាធរយើង ដែលធ្វើអោយយើងអាចបំពេញភារកិច្ច អភិបាលកិច្ចជូនប្រជាពលរដ្ឋដើម្បីរំដោះទឹក។
ឯកឧត្ដម ឃួង ស្រេង ក៏បានជំរុញឲ្យមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានពិនិត្យនិងធ្វើការសិក្សានៅទីតាំងខាងលើនេះអោយបានច្បាស់លាស់ ដើម្បីឲ្យដំណើរការនៃការស្ថាបនា បុកស៊ីផាយ ការស្តារប្រឡាយនេះ ឲ្យបានលឿនមុនរដូវវស្សាមកដល់ ។ ជាគម្រោងសម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ក្រោយស្ថាបនា ចាក់ស៊ីផាយប្រឡាយនេះរួចរាល់ យើងក៏
និងស្ថាបនាស្ថានីយ៍បូមទឹកនៅប្រឡាយព្រែកប្រានេះមួយកន្លែង ជាមួយនឹងការស្ថាបនាជាអាងប្រព្រឹត្តិកម្មទឹកស្អាតផងដែរ។

លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានមានប្រសាសន៍អោយដឹងផងដែរថា៖ ប្រឡាយព្រែកប្រា គឺជាប្រឡាយរំដោះទឹកដ៏មានសារៈសំខាន់មួយនៅក្នុងខណ្ឌច្បារអំពៅ តែប្រឡាយនេះត្រូវបានប្រជាពលរដ្ឋរំលោភនិងរស់នៅលើប្រឡាយនេះតែម្តង ដែលបានបង្កឲ្យស្ទះចរន្តផ្លូវទឹកហូរ។ ជុំវិញបញ្ហានេះ លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យអាជ្ញាធរខណ្ឌធ្វើការដោះស្រាយ ដើម្បីសូមអោយប្រជាពលរដ្ឋរុះរើចេញពីលើប្រឡាយព្រែកប្រា ដោយស្ម័ក្រចិត្ត ។

លោកបន្តថា ប្រជាពលរដ្ឋដែលរស់នៅលើប្រឡាយនេះ មានចំនួន២២៩គ្រួសារ តែមកដល់ពេលនេះប្រជាពលរដ្ឋដែលស្ម័ក្រចិត្តរុះរើចេញមានចំនួនជាង២០០គ្រួសារហើយ ពោលគឺ នៅសល់តែចំនួន២៤គ្រួសារប៉ុណ្ណោះ ដែលពួកគាត់មិនទាន់បានរុះរើចេញពីលើប្រឡាយ។ប៉ុន្តែទោះបីយ៉ាងណាក្តី អាជ្ញាធរនិងជំរុញការដោះស្រាយជាមួយបងប្អូនប្រជាពលរដ្ឋទាំង២៤គ្រួសារនេះអោយបានលឿន ដើម្បីឲ្យដំណើរការនៃការស្ដារប្រឡាយក៏ដូចជាការបុកស៊ីផាយ ដំណើរការទៅដោយរលូន នៅមុនរដូវវស្សាមកដល់។

លោកអភិបាលខណ្ឌបញ្ជាក់ថា៖ ប្រជាពលរដ្ឋដែលព្រមស្ម័គ្រចិត្តរុះរើ លំនៅដ្ឋានចេញពីទីតាំងប្រឡាយខាងលើនេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ រៀបចំទីតាំង ដោះដូរមួយកន្លែងនៅក្នុងភូមិចំពុះក្អែក១ ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ដែលមានទីតាំងមិនឆ្ងាយពីទីតាំងដើមឡើយ ហើយនៅទីតាំងថ្មីនេះ ប្រជាពលរដ្ឋនឹងទទួលបានប្លង់រឹងដីកម្មសិទ្ធិស្របច្បាប់ ទំហំ៤ម៉ែត្រកន្លះគុណនិង១៥ម៉ែត្រក្នុងមួយគ្រួសារ ជាមួយនិងការរៀបចំហេដ្ឋារចនាសម្ព័ន្ធយ៉ាងល្អប្រសើរផងដែរ ដែលមានទាំងការធ្វើផ្លូវបេតុងជូន បំពាក់ភ្លើងអគ្គិសនី ទឹកស្អាត ជាមួយនឹងប្រព័ន្ធបណ្តាញលូផងដែរ។
លោកបន្តថា ប្រឡាយព្រែកប្រាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកចេញពីសង្កាត់ចំនួន៤ នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ក្នុងនោះ មានសង្កាត់ព្រែកប្រា សង្កាត់ព្រែកថ្មី សង្កាត់ព្រែកឯង និងសង្កាត់វាលស្បូវ។

គួរបញ្ជាក់ថា ប្រឡាយព្រែកប្រា នេះមានទទឹងពី៣០ម៉ែត្រទៅ៥០ម៉ែត្រដោយកន្លែង ហើយប្រជាពលរដ្ឋដែលស្ម័ក្រចិត្តរុះរើចេញពីនៅប្រឡាយមានប្រវែងជាង១គីឡូម៉ែត្រ៕

អត្ថបទដែលជាប់ទាក់ទង