ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ បានផ្តល់កិច្ចសហការដ៏ជិតស្និទ្ធ និងចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

31

ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមនៅក្នុងកិច្ចប្រជុំ First Regular Session 2024 of the Executive Board of UNDP នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិក ។

គោលដៅចម្បងនៃកិច្ចប្រជុំគឺ ដើម្បីពិចារណាអនុម័តឯកសារកម្មវិធីប្រចាំប្រទេសរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ឆ្នាំ២០២៤-២០២៨ (UNDP Country Programme Document – CPD 2024-2028) សម្រាប់អនុវត្តនៅព្រះរាជាណាចក្រ-កម្ពុជា ។ កិច្ចប្រជុំនេះមានការចូលរួមពីលោកជំទាវ ឯកឧត្តម ជាគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសសមាជិក, ប្រទេសសង្កេតការណ៍ និងគណៈកម្មាធិការប្រតិបត្តិ ។

តាំងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី បានចូលរួមថ្លែងការណ៍គាំទ្រជាផ្លូវការលើ ឯកសារកម្មវិធីប្រចាំប្រទេសរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ឆ្នាំ២០២៤-២០២៨ ដោយបានបង្ហាញអំពី សារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ឯកសារកម្មវិធីប្រចាំប្រទេសខាងលើនេះត្រូវបានរៀបចំឡើង ដោយបានតម្រឹមគោលដៅអាទិភាពនៃឯកសារកម្មវិធី ជាមួយនឹងគោលនយោបាយអភិវឌ្ឍន៍តាមវិស័យរបស់ កម្ពុជា និងវិស័យអាទិភាពនៃក្របខ័ណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០២៤-២០២៨ (UNSDCF 2024-2028) ។ លើមូលដ្ឋាននេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គោលដៅអាទិភាព ទាំងនេះនឹងឆ្លើយតបទៅនឹងវិស័យអាទិភាពកម្ពុជា ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដើម្បីរួមចំណែកដល់ការអនុវត្តគោលដៅអភិវឌ្ឍន៍កម្ពុជា ។ សកម្មភាពអាទិភាពរួមមាន ១) ការពន្លឿនកំណើន
ប្រកបដោយបរិយាប័ន្ន ពិពិធកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍធនធានមនុស្ស ២) សកម្មភាព និងដំណោះស្រាយ ពាក់ព័ន្ធនឹងអាកាសធាតុសម្រាប់កំណើន និងសុខុមាលភាព និង (៣) ការអភិវឌ្ឍសង្គម ដោយផ្តោតការពង្រឹង ស្ថាប័ន លំហសង្គម និងការចូលរួម និងបរិវត្តកម្មឌីជីថល ។

ជាកិច្ចបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែង អំណរគុណចំពោះកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ដែលបានផ្តល់កិច្ចសហការដ៏ជិតស្និទ្ធ និងចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ។

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើសុំគណៈកម្មាធិការប្រតិបត្តិឱ្យពិចារណាអនុម័តឯកសារកម្មវិធីប្រចាំប្រទេសរបស់កម្មវិធីអភិវឌ្ឍន៍សហ ប្រជាជាតិ ឆ្នាំ២០២៤-២០២៨ សម្រាប់អនុវត្តនៅព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង