ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្នាំ២០២៣ អង្គភាពCMAC បោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម បានផ្ទៃដីចំនួន២៨១.៩៧៥.៣២៨ម៉ែត្រក្រឡា

43

 

ភ្នំពេញ៖ ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងថា ក្នុងឆ្នាំ២០២៣កន្លងទៅនេះ អង្គភាពCMAC បោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម សម្រេចបាន រំដោះផ្ទៃដីចម្ការមីន/គ្រាប់បានចំនួន២.៦០២ ទីតាំង មានផ្ទៃដីសរុបចំនួន២៨១.៩៧៥.៣២៨ម៉ែត្រក្រឡា។

ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ តាមផ្លែយ៉ាងដូច្នេះ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅទីបញ្ជាការដ្ឋានសុីម៉ាក់ភ្នំពេញ ក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ការងារឆ្នាំ២០២៣ និងទិសដៅផែនការឆ្នាំ២០២៤របស់អង្គភាពCMAC។

ឯកឧត្តម បានបន្តថា ក្នុងឆ្នាំ២០២៣កន្លងទៅនេះ កិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពCMACសម្រេចបានលទ្ធផលមានជាអាទិ៍៖ រំដោះផ្ទៃដីចម្ការមីន/គ្រាប់បានចំនួន២.៦០២ ទីតាំង មានផ្ទៃដីសរុបចំនួន២៨១.៩៧៥.៣២៨ម៉ែត្រក្រឡា។ លទ្ធផលនេះសម្រេចបាន១១៣.៥៦% ធៀបនឹងមកផែនការឆ្នាំ២០២៣ មានផ្ទៃដីសរុបចំនួន២៦៨.០៥០.០៩៩ម៉ែត្រក្រឡា។

អគ្គនាយកស៊ីម៉ាក់ បានថ្លែងបន្តទៀតថា កិច្ចប្រតិបត្តិការនេះបានរុករកឃើញ និងកម្ទេចចោលគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន៨៣.៨១៤គ្រាប់ មានប្រជាពលរដ្ឋទទួលផលដោយកកផ្ទាល់ និងដោយប្រយោលមានចំនួន៥៤៥.៣៧៨គ្រួសារ។ ក្នុងឆ្នាំ២០២៣កន្លងទៅនេះអង្គភាពCMAC បានចុះធ្វើការផ្សព្វផ្សាយអប់រំការយល់ដឹងពីមីន/គ្រាប់ដល់ក្រុមគោលដៅបានចំនួន១៨.៣៤៩លើក ស្មើនឹង៨៧៩.០៤៤ខ្នងផ្ទះ មានប្រជាពលរដ្ឋចូលរួមសរុបចំនួន១,៣លាននាក់ផងដែរ។

ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា ដោយឡែកក្នុងឆ្នាំ២០២៤នេះ អង្គភាពCMACមានផែនការបោសសម្អាតផ្ទៃដីចម្ការមីន/គ្រាប់ប្រមាណជាង២៧៤គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីចម្ការមីនចំនួន១៩៩គីឡូម៉ែត្រក្រឡា និងផ្ទៃដីចម្ការគ្រាប់ចំនួន៧៥គីឡូម៉ែត្រក្រឡាព្រមទាំងផ្ដល់ការអប់រំយល់ដឹងពីមីនដល់ប្រជាពលរដ្ឋមូលដ្ឋានប្រមាណចន្លោះពី១,៨លាន ទៅ២លាននាក់ និងរៀបចំផែនការស្រាវជ្រាវព័ត៌មានចម្ការមីន/គ្រាប់ផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង