ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិចិន២នាក់ បើករថយន្តបុកឪពុកកូនស្លាប់៣នាក់ នៅខេត្តស្វាយរៀង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

22

ខេត្តស្វាយរៀង៖ កម្លាំងសមត្ថកិច្ចក្រុងបាវិតបានឃាត់ខ្លួនជនជាតិចិនចំនួន២នាក់ដែលបើកបររថយន្ត Lexus 570 ទៅបុកម៉ូតូ១គ្រឿង បណ្តាលឲ្យឪពុកនិងកូនស្លាប់ភ្លាមៗចំនួន៣នាក់ នាល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើផ្លូវក្រាលកៅស៊ូ (ផ្លូវតាព្រឹម) ស្ថិតនៅក្នុងភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តម៉ាក Lexus 570 ពណ៌ខ្មៅ ដែលពាក់ស្លាកលេខ ភ្នំពេញ 2AQ-5833 បើកបរដោយឈ្មោះ WEN XIAOLONG អាយុ៣៧ឆ្នាំ ជនជាតិចិន មុខរបរអាជីវករលក់ដូរក្នុងតំបន់កាស៊ីណូសៀងហៃ មានទីលំនៅបច្ចុប្បន្នភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង បើកបរពីជើងទៅត្បូង និងអ្នករួមដំណើរឈ្មោះ JI LINGEN អាយុ៣៤ឆ្នាំ ជនជាតិចិន មានទីលំនៅបច្ចុប្បន្នភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

ប្រភពបានបន្តទៀតថា លុះមកដល់ចំណុចកើតហេតុខាងលើ ក៏រេចង្កូតមកខាងស្តាំបុកចំម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1L-8457 ពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូទាំង៣នាក់ឪពុកនិងកូនស្លាប់យ៉ាងអាណោចអាធមជាទីបំផុត។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ទាំង៣នាក់រួមមាន៖ ទី១.ឈ្មោះ សួស តាក់ច័ន្ទធីតា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃរំដួល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង បើកបរពីត្បូងទៅជើង គ្មានពាក់មួកសុវត្ថិភាព (ស្លាប់នៅកន្លែងកើតហេតុ) ,ទី២.អ្នករួមដំណើរឈ្មោះ ខ្លា រ៉ាដែន អាយុ៧ឆ្នាំ គ្មានពាក់មួកសុវត្ថិភាព (ស្លាប់នៅកន្លែងកើតហេតុ) ត្រូវជាកូន ,និងទី៣.ឈ្មោះ ខ្លា ចិត្រ្តា អាយុ២ឆ្នាំ មានទីលំនៅក្នុងភូមិមេសថ្ងក ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង គ្មានពាក់មួកសុវត្ថិភាព (ស្លាប់នៅកន្លែងកើតហេតុ) ត្រូវជាកូនអ្នកបើកបរ។

បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ដើម្បីវាស់វែងនិងស្រាវជ្រាវឃាត់ខ្លួនអ្នកបើកបររថយន្តយកមកអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធីច្បាប់។ រីឯសាកសពសមត្ថកិច្ចបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង