ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណបក្សប្រជាជនកម្ពុជា គាំទ្រចំណាត់ការរបស់មេធាវីក្នុងការប្តឹង លោក ស៉ឹង សែនករុណា ហើយសំណូមពរឱ្យតុលាការជួយរកយុត្តិធម៌ឱ្យខ្លួន

78

 

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីថ្លែងការណ៍ របស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា សូមប្រកាសជាឱឡារិក និងគាំទ្រយ៉ាងពេញទំហឹង ចំពោះពាក្យបណ្តឹង របស់ក្រុមមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា ដែលបានដាក់ពាក្យប្តឹងទៅព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ លើឈ្មោះ ស៊ឹង សែនករុណា ភេទប្រុស កើត ថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៨២ មានអាសយដ្ឋានផ្ទះលេខ៣៧ស្ទួន ផ្លូវលេខ៣៥១ ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទ «ប្រព្រឹត្តអំពើទុច្ចរិតនិយាយបំផ្លើស និងមួលបង្កាច់ក្នុងចេតនា ទំលាក់កំហុសដោយអសុទ្ធចិត្ត និងជាអំពើបង្កចលាចលញុះញង់បង្កើតឱ្យមានការស្អប់ខ្ពើម រើសអើងចំពោះ គណបក្សប្រជាជនកម្ពុជា នាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា និងមានចេតនាទុច្ចរិតធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនាចុងខែកុម្ភៈ ឆ្នាំ២០២៤ នេះ» ។

នៅបណ្តាប្រទេសលើពិភពលោកដែលប្រកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ គឺមិនអាច មិនអនុវត្តច្បាប់បានឡើយ ហើយប្រព័ន្ធតុលាការ គឺត្រូវតែមានដើម្បីដោះស្រាយរាល់វិវាទទាំងឡាយ ។ ដោយឡែក ចំពោះប្រទេសកម្ពុជាក៏ដូចគ្នាដែរ គឺមិនអាចយកបញ្ហានយោបាយមកលាយឡំជាមួយបញ្ហាផ្លូវច្បាប់បានទេ ហើយក៏មិនអាចជ្រកក្រោមផ្លាកសិទ្ធិមនុស្ស ឬ អង្គការមិនមែនរដ្ឋាភិបាល ដើម្បីបិទបាំងនូវទង្វើខុសច្បាប់របស់ ខ្លួនដែរ ។ ជាក់ស្ដែងការនិយាយមួលបង្កាច់បំផ្លើសការពិត លាបពណ៌ ធ្វើឱ្យប៉ះពាល់មុខមាត់ កិត្តិយស សេចក្តី ថ្លៃថ្នូររបស់បុគ្គល អ្នកនយោបាយ គណបក្សនយោបាយ មិនមែនជាសិទ្ធិបញ្ចេញមតិអនុញ្ញាតដោយច្បាប់ នោះឡើយ ។

ក្នុងនាមជាអ្នករងគ្រោះពីការប្រមាថមើលងាយ និងមួលបង្កាច់យ៉ាងអយុត្តិធម៌ពីបុគ្គល ស៊ឹង សែនករុណា គណបក្សប្រជាជនកម្ពុជា សូមគាំទ្រចំពោះពាក្យបណ្ដឹងរបស់ក្រុមមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា
ទៅព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងសំណូមពរឱ្យដោះស្រាយរកយុត្តិធម៌ឱ្យ គណបក្សប្រជាជនកម្ពុជា ស្របតាមការទាមទាររបស់ក្រុមមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា នៅក្នុងពាក្យបណ្តឹងរបស់ខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង