ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហ៊ុន ម៉ានី បញ្ជាក់ពី ការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ជាការជំរុញភាពជាគំរូ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាជនកាន់តែប្រសើរ

120

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល លោកហ៊ុន ម៉ានី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ ក្នុងកិច្ចប្រជុំវាយតម្លៃសមត្ថភាពលោក បានបញ្ជាក់ថា៖
អង្គភាពផ្តល់សេវាសាធារណៈគំរូ ដោយមានការទទួលស្គាល់ និងផ្តល់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល ជាគំនិតផ្តួចផ្តើមរួមគ្នារបស់ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងបំផុសចលនាលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ក៏ដូចជាការកសាងភាពជាគំរូនៃការផ្តល់សេវាសាធារណៈ ដោយចាប់ផ្តើមពីវិស័យអប់រំ និងវិស័យសុខាភិបាល ។ ការវាយតម្លៃត្រូវបានធ្វើឡើង យ៉ាងសុក្រិត និងមានការចូលរួមពីគ្រប់ជាន់ថ្នាក់ ចម្រុះអន្តរក្រសួង ស្ថាប័ន ចាប់តាំងពីថ្នាក់ក្រុង/ស្រុក/ខណ្ឌ រាជធានី/ខេត្ត និងថ្នាក់ជាតិ។
លោកបន្ដថា៖ ឆ្លងកាត់ដំណាក់ការជ្រើសរើសបឋម និងដំណាក់កាលជ្រើស កន្លងមក ការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ បានឈានមកដល់ដំណាក់កាលវាយតម្លៃថ្នាក់ជាតិចុងក្រោយ ដើម្បីស្វែងរកជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៣ ក្នុងវិស័យអប់រំ និងវិស័យសុខា ភិបាល ដោយមានបេក្ខភាពជ័យលាភីចំនួន១៥អង្គភាព ចុងក្រោយចូលរួមធ្វើបទបង្ហាញដោយផ្ទាល់ នៅសាលាភូមិន្ទរដ្ឋបាលរយៈ ពេល២ថ្ងៃ ដោយចាប់ផ្តើម
នាព្រឹកថ្ងៃទី០៧ ខែកម្ភៈ ឆ្នាំ២០២៤ នេះ។ បេក្ខភាពទាំងអស់ត្រូវឆ្លងកាត់លក្ខណៈវិនិច្ឆ័យ យ៉ាងល្អិតល្អន់ចំនួន៨ចំណុច ដែលពាក់ព័ន្ធជាមួយស្តង់ដាសេវាសាធារណៈ, និយាមនៃផ្តល់សេវា, ការគ្រប់គ្រងហិរញ្ញវត្ថុ, ការគ្រប់គ្រងធនធានមនុស្ស, ការរៀបចំកែលម្អបរិស្ថានអនាម័យ, ទំនាក់ទំនងជាមួយសហគមន៍, ការដោះស្រាយបញ្ហាប្រឈម និងនវានុវត្តន៍។

លោកបន្ដថា៖ ទន្ទឹមនឹងការឈានដល់ដំណាក់កាលវាយតម្លៃចុងក្រោយនេះ ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមកោតសរសើរ ក៏ដូចជាសូមអរគុណដល់អង្គភាពបេក្ខភាពផ្តល់សេវាសាធារណៈគំរូទាំងអស់ដែលបានចូលរួមកន្លងមក។ ទោះបីជាលទ្ធផលយ៉ាងណាក៏ដោយ អង្គភាពទាំងអស់សុទ្ធតែបានផ្តល់ភាពជាគំរូរួចជាស្រេចទៅហើយ តាមរយៈការចូលរួមប្រកួតប្រជែងនេះ។ ក្នុងន័យនេះ ខ្ញុំជឿជាក់ថា អង្គភាពនីមួយៗពិតជាអាចមើលឃើញនូវវឌ្ឍនភាព និងការរីកចម្រើន ជាក់ស្តែងក្នុងអង្គភាពរបស់ខ្លួនដោយផ្ទាល់ ក្នុងគោលដៅផ្តល់សេវាជូនប្រជាជនកាន់តែប្រសើរ ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង