ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចប្រជុំផ្សព្វផ្សាយ “សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពី ការចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដា្ឋនរាជធានីភ្នំពេញ”

52

 

ភ្នំពេញ ៖ កិច្ចប្រជុំផ្សព្វផ្សាយ “សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពី ការចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដា្ឋនរាជធានីភ្នំពេញ” ក្រោមអធិបតីភាពឯកឧត្តមស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដា្ឋនរាជធានីភ្នំពេញ នៅសាលមហោស្រពចេនឡា នៃមជ្ឈមណ្ឌលវប្បធម៌ភ្នំពេញ ព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ឯកឧត្តមកើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន បានបង្កើតឡើងក្នុងឆ្នាំ២០១៤ និងបានបន្ត និរន្តរភាពសម្រាប់នីតិកាលទី៦ ព្រមទាំងបន្តអនុវត្តសម្រាប់នីតិកាលទី៧ នេះ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈការប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយពីរដ្ឋបាល ថ្នាក់ក្រោមជាតិ និងស្វែងយល់អំពីតម្រូវការ បញ្ហាប្រឈម និងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ក្នុងគោលបំណងធ្វើឱ្យ មានភាពឆ្លើយតបក្នុងយុទ្ធសាស្ត្រដឹកនាំ និងធ្វើឱ្យមានសង្គតិភាពរវាងរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ឯកឧត្តមកើត ឆែ បានថ្លែងបន្តទៀតថា តាមរយៈកិច្ចប្រជុំ និងការរៀបចំវេទិកាសាធារណៈ នៅតាមបណ្តាខណ្ឌ-សង្កាត់ទូទាំងរាជធានីភ្នំពេញ ក្រុមការងារបានខិតខំប្រមែប្រមូលព័ត៌មាន ស្វែងយល់អំពីតម្រូវការ សំណូមពរ និងសម្របសម្រួលដោះស្រាយបញ្ហា ប្រឈមជាច្រើន ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយសម្រេចបានលទ្ធផលជាផ្លែផ្កា ។ ពិសេសគឺការដោះស្រាយបញ្ហាប្រឈមជូនពួកគាត់ ដោយភាពស្មោះត្រង់ និងតម្លាភាពធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានជំនឿជឿជាក់មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។ ក្រុមការងារថ្នាក់ ជាតិចុះមូលដ្ឋាននៅរាជធានីភ្នំពេញ មិនអាចកាត់ផ្តាច់ចេញពីការចូលរួមសហការគាំទ្រ ពីសំណាក់ក្រសួង-ស្ថាប័ន ថ្នាក់ជាតិ ក្រុមប្រឹក្សា គណៈអភិបាល អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមន្ទីរ- អង្គភាពជំនាញ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការចុះបំពេញការងារជូនប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលរងរាជធានីភ្នំពេញ បានស្នើឱ្យមានការចូលរួមអនុវត្តការងាររបស់រាជរដ្ឋាភិបាលឲ្យកាន់តែល្អប្រសើរ ខណៈដែលសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត បានផ្ដល់នូវភាពងាយស្រួល ទៅលើការប្រើប្រាស់នមធ្យោបាយសរុបកម្លាំងសរុប ដើម្បីដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ។

ឯកឧត្តមស៊ុន ចាន់ថុល បានមានប្រសាសន៍ស្នើឲ្យទាំងក្រុមការងារថ្នាក់ជាតិទាំងថ្មី និងចាស់រួមសហការគ្នា ដើម្បីជ្រោមជ្រែងការងារនេះ ឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរអធិបតីហ៊ុន ម៉ាណែត។ សម្រាប់ក្រុមការងារដាច់ខាតត្រូវតែស្គាល់ពីតួនាទីរបស់ខ្លួន ឲ្យបានច្បាស់លាស់ ទើបយើងអាចបម្រើប្រជាពលរដ្ឋបានល្អនិងចំទិសដៅ។

ឯកឧត្តមស៊ុន ចាន់ថុល បានថ្លែងជំរុញឲ្យក្រុមការងារផ្សព្វផ្សាយ ពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដើម្បីឲ្យប្រជាពលរដ្ឋជ្រួតជ្រាប និងជឿទុកចិត្តមកលើរាជរដ្ឋាភិបាលរបស់យើង។ ការដោះស្រាយ បញ្ហាប្រឈម សំណូមពរនានារបស់ប្រជាពលរដ្ឋ ក្រុមការងារ មិនមានសិទ្ធិសម្រេច ជំនួស ក្រសួង ស្ថាប័នជំនាញនោះទេ។ យើងមានសិទ្ធិត្រឹមសម្របសម្រួលជាមួយនឹងក្រសួងស្ថាប័នទាំងនេះ ក្នុងដោះស្រាយជូនប្រជាពលរដ្ឋ។

លោកស៊ុន ចាន់ថុល លើកឡើងថា ខណ្ឌទាំង១៤ ត្រូវសហការគាំទ្រគ្នា ដើម្បីអនុវត្តការងារនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ តាមរយៈការរៀបចំជាវេទិកាសាធារណៈដើម្បីស្ដាប់សំណើរ សំណូមពររបស់ប្រជាពលរដ្ឋ។ ដឹងឮពីការចង់បានរបស់ប្រជាពលរដ្ឋហើយ មិនដោះស្រាយជូនពួកគាត់ វាជាកំហុសដ៏ធំមួយ។ ដូច្នេះរាល់សំណូមពរសំណើរបស់ប្រជាពលរដ្ឋ ត្រូវតែធ្វើការដោះស្រាយជូនពួកគាត់។
បន្តជំរុញការអនុវត្តភូមិសង្កាត់ឱ្យមានសុវត្ថិភាព។ ប្រទេសកម្ពុជា បើអសន្តិសុខ គឺពិបាកនឹងទាក់ទាញភ្ញៀវទេសចរណ៍ ក៏ដូចជាអ្នកវិនិយោគទុនអោយគេមកវិនិយោគ រកស៊ីនៅកម្ពុជាណាស់។ ការជឿទុកចិត្តពីបរទេស បានធ្វើឲ្យកម្ពុជា ទាក់ទាញការវិនិយោគបានយ៉ាងច្រើន ដោយថ្មីៗនេះ មានក្រុមហ៊ុនចំនួនពីរគ្រោងនឹងមកវិនិយោគនៅកម្ពុជា ដែលមានទឹកប្រាក់ប្រមាណជាង៤០០០លានដុល្លារសហរដ្ឋអាមេរិក។ អ្វីដែលជាការចង់បានរបស់រាជរដ្ឋាភិបាលនោះគឺការជំរុញការបណ្ដុះបណ្ដាលធនធានមនុស្ស លើជំនាញវិជ្ជាជីវៈចំពោះកូន ចៅប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រខ្វះខាត ដោយរាជរដ្ឋាភិបាល បានជំរុញឲ្យមានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះ រហូតដល់១លានប្រាំសែននាក់ ដោយមិនយកប្រាក់ជាមួយការឧបត្ថមប្រាក់សិក្សាប្រចាំខែផងដែរ។

ឯកឧត្តមស៊ុន ចាន់ថុល បានជំរុញឲ្យក្រុមការងារទាំង១៤ខណ្ឌ ផ្សព្វផ្សាយនិងជំរុញឲ្យបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត បានទៅសិក្សារៀនសូត្រពីជំនាញវិជ្ជាជីវៈនេះ ដើម្បីពួកគាត់អាចយកចំណេះវិជ្ជានេះ ទៅប្រើប្រាស់ ដើម្បីផលប្រយោជន៍ខ្លួនឯងផង គ្រួសារផង ក៏ដូចជាសង្គមជាតិ។ បើកម្ពុជាមិនមានធនធានមនុស្សគ្រប់គ្រាន់ការវិនិយោគ ក៏មានការពិបាកផងដែរ។

គួរបញ្ជាក់ថា៖ ក្នុងពិធីនេះត្រូវបានចាត់តាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដែលក្នុងនោះរួមមាន៖ ទី១ ខណ្ឌចំការមន ឯកឧត្តមហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាប្រធាន។
ទី២ ខណ្ឌដូនពេញ ឯកឧត្តមឆៃ ណារិទ្ធ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស ជាប្រធាន។
ទី៣ ខណ្ឌ៧មករា ឯកឧត្តមឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងធនធានទឹកនិងឧត្តុនិយម ជាប្រធាន។
ទី៤ ខណ្ឌទួលគោក ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស ជាប្រធាន។
ទី៥ ខណ្ឌដង្កោ ឯកឧត្តមរ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាប្រធាន។
ទី៦ ខណ្ឌមានជ័យ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ គ.វ.ក នៃ ក.អ.ក ជាប្រធាន។
ទី៧ ខណ្ឌឬស្សីកែវ ឯកឧត្តម យឹម លាង អគ្គស្នងការរងនគរបាលជាតិនៃក្រសួងមហាផ្ទៃ ជាប្រធាន។
ទី៨ ខណ្ឌសែន សុខ ឯកឧត្តមឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាប្រធាន។
ទី៩ ខណ្ឌ ពោធិសែនជ័យ ឯកឧត្តមហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាប្រធាន។
ទី១០ ខណ្ឌជ្រោយចង្វា ឯកឧត្តមឯក ស៊ុនចាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធាន។
ទី១១ ខណ្ឌ ព្រែកព្នៅ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាប្រធាន។
ទី១២ ខណ្ឌច្បារអំពៅ ឯកឧត្តមសុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស ជាប្រធាន។
ទី១៣ ខណ្ឌបឹងកេងកង លោកសំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធាន។
ទី១៤ ខណ្ឌ កំបូល លោកជំទាវ អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ជាប្រធាន។
រដ្ឋលេខាធិការដ្ឋាន ឯកឧត្តមកើត ឆែ អភិបាលរងរាជធានីភ្នំពេញជាប្រធាន។

អត្ថបទដែលជាប់ទាក់ទង