ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម លី ធុជ ប្រជុំប្រាប់ប្រតិបត្តិករសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច ខេត្តសៀមរាប ត្រូវជួយផ្សព្វផ្សាយអំពីភាពជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំនៃអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤

33

សៀមរាប៖ រសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តសៀមរាប ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំជាមួយប្រតិបត្តិករសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយអំពីភាពជាប្រធាន និងម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស អនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤។
ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងអំពីប្រវត្តិសង្ខេបនៃអនុសញ្ញាអូតាវ៉ា និងភាគជោគជ័យរបស់ប្រទេសកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមរយៈពេលជាង ៣០ឆ្នាំ ដែលត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ និងផ្តល់ការគាំទ្របោះឆ្នោតជ្រើសតាំងកម្ពុជា ជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចកំពូល កិច្ចប្រជុំពាក់ព័ន្ធ និងព្រឹត្តិការណ៍នានា នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ។
ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ថា ភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ត្រូវការណាស់ឱ្យមានការចូលរួម និងគាំទ្រនានាពីវិស័យឯកជន ដែលជាប្រតិបត្តិករសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅខេត្តសៀមរាប ដែលនឹងត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយអំពីវប្បធម៌ប្រពៃខ្មែរ និងឧត្តមភាពរបស់កម្ពុជា តាមរយៈការពង្រឹងនូវគុណភាពក្នុងការផ្តល់នូវសេវាកម្ម និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនដល់គណៈប្រតិភូជុំវិញពិភពលោកចូលរួមកិច្ចប្រជុំកំពូលអនុសញ្ញាអូតាវ៉ា។ ភាពវិជ្ជមានរបស់កម្ពុជា នឹងត្រូវផ្សព្វផ្សាយទៅកាន់ពិភពលោកតាមរយៈគណៈប្រតិភូទាំងនេះ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំឱ្យក្រុមការងារអាជ្ញាធរមីន និងអនុគណៈកម្មការរៀបចំធ្វើជាម្ចាស់ផ្ទះ បន្តទំនាក់ទំនង និងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកផ្តល់សេវាកម្មក្នុងខេត្ត ក្នុងការកំណត់នូវតម្រូវការ និងប្រមែប្រមូលព័ត៌មានចាំបាច់ឱ្យបានគ្រប់ជ្រុងជ្រោយ ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន កន្លែងកំសាន្ត និងមធ្យោបាយធ្វើដំណើរ ជាដើម ដើម្បីផ្តល់ជូនដល់គណៈប្រតិភូ។
ក្នុងនាមសម្តេចធិបតី ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែង អំណរគុណជូនចំពោះរដ្ឋបាលខេត្តសៀមរាប និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានផ្តល់នូវកិច្ចសហការយ៉ាងល្អប្រសើរ និងផ្តល់នូវធាតុចូលសំខាន់ៗក្នុងដំណើររៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នាពេលខាងមុខនេះ ៕ ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង