ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្លងចរន្តអគ្គីសនីឆេះសកលវិទ្យាល័យភូមិន្ទភ្នំពេញ មួយកន្លែង នៅខណ្ឌទួលគោក, នគរបាលប្រេីប្រាស់ឡានទឹក១គ្រឿង

63

(ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះបន្ទប់ជាន់ទី២ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ មួយកន្លែងយ៉ាងសន្ធោសន្ធៅ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋ។ ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ៦និង៥០នាទីព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចសកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅមុនកើតហេតុ លោកបានទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ដែលបានរាយការណ៍មកកាន់លេខ Hotline របស់លោកថា មានអគ្គិភ័យឆាបឆេះសកលវិទ្យាល័យភូមិន្ទភ្នំពេញ មួយកន្លែងយ៉ាងសន្ធោសន្ធៅ។ ភ្លាមៗនោះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យនៅគោលដៅក្នុងអធិការដ្ឋាននគរបាលទួលគោក ឲ្យចេញរថយន្តពន្លត់អគ្គិភ័យជួយសង្គ្រោះអន្តរាគមន៍។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បន្តបានថា គ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានគ្រប់គ្រងទាំងស្រុង ប៉ុន្ដែកម្លាំងសមត្ថកិច្ចរបស់យើង នៅបន្ដបាញ់ពន្លត់ឲ្យអស់រងើកភ្លើងចៀសវាងបង្កផលប៉ះពាល់ថែមទៀត។ តាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន គ្រោះអគ្គិភ័យខាងលើនេះ សមត្ថកិច្ចជំនាញរបស់យើងបានធ្វើការជួយសង្គ្រោះទាន់ពេលវេលា ព្រមទាំងខូចខាតទ្រព្យសម្បតិ្តអស់មួយចំនួន។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ផងដែរថា សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចរបស់យើង បានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ចំនួន០១គ្រឿង ដោយក្នុងនោះរួមមាន រថយន្តការិយាល័យ ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង០៤ម៉ែត្រគូប។

យ៉ាងណាក៏ដោយ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីអគ្គិភ័យខាងលើនេះ គឺជាប្រភេទសំណង់ អាគារថ្មបេតុង ទំហំ (៥០ម៉ែត្រ គុណ ២០០ម៉ែត្រ) បានបណ្តាលឲ្យឆេះបន្ទប់ជាន់ទី២ ទំហំ (៤ម៉ែត្រ គុណ ៤ម៉ែត្រ) ចំនួន០១បន្ទប់ រួមមាន តុ, ទូ និងឯកសារមួយចំនួន ហេីយពុំបណ្តាលឲ្យឆេះ។ រឺឯមូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យកើតឡើងនោះ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនី៕

អត្ថបទដែលជាប់ទាក់ទង