ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ឱ្យអ្នកបើករថយន្តបុកម៉ូតូស្លាប់ម្នាក់ របួស២នាក់ នៅផ្លូវ៦០ម៉ែត្រ ហើយរត់គេច សូមចូលខ្លួនមកសារភាព និងដោះស្រាយ
ភ្នំពេញ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមឱ្យអ្នកបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវ៦០ម៉ែត្រ ខណ្ឌដង្កោ ហើយរត់គេចមិនទទួលខុសត្រូវ សូមចូលខ្លួនមកសារភាព និងដោះស្រាយ ដើម្បីអនុវត្តតាមនីតិវិធី។
នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង២១:៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងរវាងរថយន្តនិងម៉ូតូ ត្រង់ចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ បណ្ដាលឱ្យរង របួស ស្រាល ចំនួន០២នាក់ និងស្លា ប់ ក្មេងស្រីចំនួន០១នាក់។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាឱ្យមន្ត្រីជំនាញចុះស្រាវជ្រាវជាបន្ទាន់នៅកន្លែងកើតហេតុនោះហើយដើម្បីប្រមូលភស្ថុតាងក្នុងការតាមស្វែងរករថយន្តបង្កយកមកអនុវត្តតាមនីតិវិធី។
សូមរំលឹកថា បុរសជាឪពុកម្នាក់ជិះម៉ូតូអាគុបស៊េរីចាស់ ដឹកកូនប្រុសស្រី២នាក់ ទៅយកប្រពន្ធចេញពីធ្វើការនៅផ្សារទំនើបAEON-3 តែមិនទាន់ដល់ផង ត្រូវរថយន្តមួយបាំងកន្លះពណ៌ស(មិនចាំផ្លាកលេខ) បើកលឿនដូចហោះ បុកពីក្រោយម៉ូតូរបស់ជនរងគ្រោះប៉ើងខ្ទាតបោកនឹងថ្នល់ និងអូសទាំងមនុស្សនិងម៉ូតូឡើងចិញ្ចើមផ្លូវ បណ្ដាលឲ្យរបួសកូនស្រីស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ រីឯឪពុករងរបួសធ្ងន់ និងកូនប្រុសតូចរបួសមធ្យម ចំណែករថយន្តមិនបន្ថយល្បឿនកិនអូសម៉ូតូទៅកល់ជាប់ពំនូកខ្សាច់ខ្ទេចខ្ទីស្ទើរទាំងស្រុង ហើយបន្ថែមល្បឿនបើករត់បាត់ ហេតុការណ៍ដ៏រន្ធត់នេះស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោហ៊ុនសែន ហៅផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចមុខបង្គោលគីឡូម៉ែត្រលេខ៧(ខាងកើតថ្នល់) ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីនៅវេលាម៉ោងប្រមាណ០៩:៣៥នាទីយប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដែលជាថ្ងៃចូលឆ្នាំចិនថ្ងៃទី២ផងដែរ ។ (នៅទល់មុខចំណុចកើតហេតុឃើញមានកាមេរ៉ាសុវត្ថិភាពបំពាក់លើបង្គោលភ្លើង អាចថតសកម្មភាពនិងស្លាកលេខរថយន្តពណ៍សនោះបានជាមិនខាន) ។
ក្រោយពេលកើតហេតុ ជនរងគ្រោះទាំងបីនាក់ត្រូវបានប្រជាពលរដ្ឋហៅកង់បីដឹកទៅពេទ្យ ព្រោះខ្លាចគ្រោះថ្នាក់ដល់អាយុជីវិត ចំណែកក្មេងស្រីរងគ្រោះបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យគន្ធបុប្ផាដែរ ក្រុមគ្រូពេទ្យក៏បានព្យាយាមសង្គ្រោះតាមលទ្ធភាពដែរ តែអកុសលដោយស្ថានភាពរបួសធ្ងន់ធ្ងរពេកបានផុតដង្ហើមស្លាប់ទៅហើយ មិនអាចជួយសង្គ្រោះជីវិតបានទេ ។
បុរសជាឪពុកឈ្មោះ សោម សីហាក់ អាយុ៣៥ឆ្នាំ រងរបួសធ្ងន់ ជាអ្នកបើកម៉ូតូអាគប់ CUP-50 ស៊េរីចាស់ ពណ៍ទឹកប៊ិចចាស់ ពាក់ស្លាកលេខភ្នំពេញ 1AV-8317 ដឹកកូនប្រុសម្នាក់ជិះខាងមុខឈ្មោះ សោម សុវណ្ណបញ្ញា អាយុ៤ឆ្នាំ រងរបួសបែកក្បាល និងពកក្បាលពីក្រោយ ចំណែកកូនស្រីម្នាក់ទៀតជិះឱបចង្កេះពីក្រោយឈ្មោះ សោម បញ្ញាលីកា អាយុ១១ឆ្នាំ ស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។ ម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់ជើងឯក ចុះទៅយកទៅរក្សាទុកបណ្ដោះអាសន្នរង់ចាំផ្នែកជំនាញចរាចរណ៍ខណ្ឌដង្កោ ធ្វើការតាមជំនាញបន្តទៀត ។
បច្ចុប្បន្នសពកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅផ្ទះរបស់ក្រុមគ្រួសារជនរងគ្រោះ ស្ថិតនៅភូមិក្រពើហារ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រុមគ្រួសារពុំសូវមានលទ្ធភាពធ្វើបុណ្យទេ ៕