ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ អាល្លឺម៉ង់ជាដៃគូសំខាន់មួយដើម្បីកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់សម្បូរសប្បាយឡើង

36

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយសមាជិកសភាសហព័ន្ធអាល្លឺម៉ង់ ដឹកនាំដោយ ឯកឧត្តម ចូហាន់ ស្ទីងនីហ្គ័រ (Johannes Steiniger) និងសហការី នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៤ នៅក្នុងឱកាសដែលគណៈប្រតិភូ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ចូហាន់ ស្ទីងនីហ្គ័រ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជានិងបានគូសបញ្ជាក់អំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាឱកាសនេះ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អាល្លឺម៉ង់ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈប្រតិភូ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទំាងពីរ ដែលមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាជាញឹកញាប់នៅក្នុងរយៈពេលចុងក្រោយនេះដើម្បីចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរទស្សនទានពីគ្នាទៅវិញទៅមកលើការងារសភា។ ឯកឧត្តមក៏បានជម្រាបជូនសម្តេចប្រធានរដ្ឋសភា ពីវឌ្ឍនភាពជាវិជ្ជមាននៃលទ្ធផលជំនួបពិភាក្សាការងាររបស់គណៈប្រតិភូ ជាមួយសមាជិករាជរដ្ឋាភិបាលកម្ពុជាមួយចំនួន នៅក្នុងការពិនិត្យលទ្ធភាពពង្រឹងពង្រីកកិច្ចសហប្រតិបត្តិ លើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យពាណិជ្ជកម្ម ផងដែរ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តម ចូហាន់ ស្ទឹងនីហ្គ័រ និងសហការីមកកាន់កម្ពុជា នាឱកាសនេះថានឹងចូលរួមចំណែកដ៏សំខាន់ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរដែលមានតំាងពីយូរមកហើយនោះឱ្យកាន់តែរឹងមាំរីកចម្រើនទ្វេឡើង។

សម្តេចប្រធានរដ្ឋសភា បានប្រសាសន៍បន្តថាវត្តមានគណៈប្រតិភូសភាអាល្លឺម៉ង់នាពេលនេះ ក្នុងពេលដែលរដ្ឋសភានិងរាជរដ្ឋាភិបាលនីតិកាលទី៧ បានប្រសូត្រឡើងបានប្រមាណជិត៦ខែ ក្រោយពីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ កាលពីខែកក្កដាកន្លងទៅ ដោយមានចំនួនអ្នកបោះឆ្នោតសរុប ៨៤.៥៨% បានបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនស្រឡាញ់ ដោយសេរី និងយុត្តិធម៌ក្នុងចំណោមគណបក្សនយោបាយចំនួន១៨ បានចូលរួមប្រកូតប្រជែងហើយជាលទ្ធផលមានគណបក្សចំនួនពីរបានជាប់ឆ្នោត ទទួលបានអាសនៈនៅក្នុងរដ្ឋសភាគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថានៅក្នុងអាណត្តិទី៧នេះ រដ្ឋសភានិងរាជរដ្ឋាភិបាលកម្ពុជា បានចាប់ដៃគ្នាដោយឆន្ទៈមុះមុត យកពលរដ្ឋជាស្នួលធ្វើយ៉ាងណាជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសទេសអភិវឌ្ឍន៍ មានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណចំពោះប្រទេសអាល្លឺម៉ង់ ដែលតែងតែជួយគំាទ្រកម្ពុជាជារៀងរហូតមក និងបានគូសបញ្ជាក់ថាដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍នេះ កម្ពុជាបានខិតខំដោយខ្លួនឯង ហើយក៏មិនអាចកាត់ផ្តាច់ពីការចូលរួមចំណែកពីមិត្តភក្តិនិងដៃគូអភិវឌ្ឍន៍ខាងក្រៅនោះដែរ នៅក្នុងនោះមានប្រទេសអាល្លឺម៉ងមួយផងដែរ។ សម្តេចប្រធានរដ្ឋសភា បានចាត់ទុកប្រទេសអាល្លឺម៉ង់ជាដៃពិសេសមួយដែលនឹងបន្តចូលរួមចំណែកធ្វើឱ្យកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់ខ្លួន។

ចាប់តាំងពីឆ្នាំ១៩៩២ អាល្លឺម៉ង់បានផ្តល់ជំនួយឥតសំណងប្រមាណ ៨៤៣.៦ លានដុល្លារដល់កម្ពុជា និងចំនួន៣៥ លានដុល្លារ ជាឥណទានសម្បទាន ហើយគិតជាមធ្យមជំនួយរបស់មិត្តអាល្លឺម៉ង់មកកម្ពុជា មានចំនួនប្រមាណ ៣៨ លានដុល្លារក្នុងមួយឆ្នាំ។

សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណដល់មូលនិធិ ខុនរ៉ាដ អាដិនណៅអ៊ែរ និងកម្មវិធីអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង GIZ ដែលបានចូលរួមចំណែកដល់ការកសាងសមត្ថភាពតំណាងរាស្រ្តនិងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា នាពេលកន្លងមក។ សម្តេចប្រធានរដ្ឋសភា បានស្នើឱ្យស្ថាប័នទំាងពីរនេះ បន្តជួយគំាទ្រដល់រដ្ឋសភាកម្ពុជាបន្តទៀត។ ជាពិសេសផ្តល់អាហារូបករណ៍ លើជំនាញបច្ចេកវិទ្យា ដើម្បីកសាងសមត្ថភាពមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា មានសមត្ថភាពកាន់តែខ្ពស់នៅក្នុងការបម្រើសេវាជូនតំណាងរាស្រ្តឆ្លើយតបសភាពការណ៍ជាក់ស្តែង ស្របតាមទស្សនវិស័យរបស់រដ្ឋសភានីតិកាលទី៧ ដែលកំពុងយកចិត្តទុកដាក់ក្នុងការភិវឌ្ឍន៍ស្ថាប័នឱ្យទៅជាសភាឌីជីថល។

នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធបតី ឃួន សុដារី និង ប្រធានគណៈប្រតិភូសភាសហព័ន្ធអាល្លឺម៉ង់ ក៏បានពិភាក្សាផ្លាស់ប្តូរទស្សនគ្នា ទៅវិញទៅមកពីការងារសភាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង