ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម៖ថ្ងៃនៃសេចក្តីស្រឡាញ់ ចង់ឱ្យពលរដ្ឋដែលធ្លាប់តែទិញបាច់ផ្កា ងាកមកទិញបាច់បន្លែផ្លែឈើដែល មានសុវត្តិភាព និងគុណភាពជូនដល់មនុស្សជាទីស្រឡាញ់ខ្លះ

38

ភ្នំពេញ៖. ការដាក់តាំង លក់ផលិតផលកសិកម្ម ជាពិសេសបន្លែសុវត្ថិភាព និងបន្លែសរីរាង្គមនាពេលនេះគឺចង់បង្ហាញឱ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែទូលំទូលាយ ពីដំណាំកសិកម្មយើងបានដើរដល់ណាហើយ ។ជាមួយគ្នាសំខាន់នៅថ្ងៃនៃសេចក្តីស្រឡាញ់នេះដែរចង់ឱ្យពលរដ្ឋដែលធ្លាប់តែទិញបាច់ផ្កាជូនដល់មនុស្សជាទីស្រឡាញ់ ងាកមកទិញបាច់បន្លែផ្លែឈើដែលជារបស់មានសុវត្តិភាព និងគុណភាព ជូនដល់មនុស្សជាទីស្រឡាញ់របស់ខ្លួនវិញ។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ លោកជំទាវ អឹម រចនា មន្រ្តីនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
គួរបញ្ជាក់ថាការថ្លែងពីសំណាក់មន្រ្តីនាំពាក្យក្រសួងកសិកម្ម បែបនេះធ្វើឡើងក្នុងពេលអញ្ជើញចូលរួមនៃការដាក់តាំង លក់ផលិតផលកសិកម្ម ជាពិសេសបន្លែសុវត្ថិភាព និងសរីរាង្គ នៅមុខបរិវេណក្រសួងកសិកម្មនាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ដែលជាថ្ងៃនៃទិវាសេចក្តីស្រឡាញ់។

លោកជំទាវ អឹម រចនាបានថ្លែងដែរថាក្នុងឆ្នាំនេះគឺជាឆ្នាំទី២នៃការតាំងបង្ហាញផលិតផលកសិកម្ម ជាពិសេសបន្លែសុវត្ថិភាព និងសរីរាង្គដោយក្នុងឆ្នាំនេះធំ និង ច្រើនជាងមុន ដោយមានចំនួនសរុប២១ស្តង់។កាលពីឆ្នាំមុនមានដាក់តាំងបង្ហាញតែ បន្លែសុវត្ថិភាព និងសរីរាង្គទេ តែឆ្នាំនេះមានដាក់លក់ផលិតផលទាក់ទិនកសិកម្មជាច្រើនទៀតដូចជាត្រីងៀត ទឹកត្រី ទឹកស៊ីអ៊ីវជាដើម។
មន្រ្តីនាំពាក្យរូបនេះបានថ្លែងដែរថា”ការដាក់តាំងបង្ហាញពីផលិតផលកសិកម្មទាំងនេះគឺវាបានឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងមួយរបស់ក្រសួងដែលគាំទ្រទៅដល់សហគ្រាសទាំងឡាយដែលផលិតផលកសិកម្មដែលមានគុណភាពនិងសុវត្តិភាព”។

រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទឯកឧត្តម ឌិត ទីណា បានថ្លែងដោយលើកទឹកចិត្តឱ្យប្រជាពលរដ្ឋធ្វើការកែច្នៃផលិតផលកសិកម្ម ដើម្បីឆ្លើយតបទៅនឹងទីផ្សារ ហើយពិសេសអាចនាំចេញលក់ទាំងក្នុងស្រុក និងបរទេស។ទាំងនេះគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ទាក់ទិនក្នុងរឿងនេះ ឯកឧត្តម ឌិត ទីណាបានគូសបញ្ជាក់ថា”ក្រសួងសូមលើកទឹកចិត្តការវេចខ្ចប់ ដោយការប្រើប្រាស់នូវទំនិញវេចខ្ចប់បែបក្នុងស្រុកយើង។កន្លែងខ្លះថែមទាំងបានយកឬស្សីមកក្រង ដែលនេះបង្ហាញថាយើងប្រើប្រាស់ធនធានក្នុងស្រុកយើងទាំងអស់”។

ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្រ្តីថ្លែងដោយបញ្ជាក់ផងថា៖ ក្រសួងបានលើកស្ទួយ និងដោះស្រាយជូនដល់ប្រជាកសិករនូវផលិតផលកសិកម្ម សំដៅធ្វើយ៉ាងណាឱ្យកសិកររកទីផ្សារបានល្អប្រសើរជាងមុន និងពិសេសទាំងគុណភាពផលិតផលក៏កាន់តែជាទីទទួលស្គាល់ទាំងជាតិនិងអន្តរជាតិ។
គួរបញ្ជាក់ថាក្រសួងកសិកម្មបានឱ្យដឹងផងថា៖ការដាក់តាំងលក់ផលិតផលកសិកម្ម បន្លែសុវត្ថិភាព និងសរីរាង្គ ក្នុងឆ្នាំនេះមានចំនួន កើនឡើងជាងឆ្នាំមុន បន្ទាប់ពីទទួលបានការគាំទ្រពីប្រជាពលរដ្ឋទូទៅ និងសំណូមពរពីសហគ្រាស កសិដ្ឋាន ដែលដាំដុះ និងផលិតកែច្នៃផលិតផលកសិកម្ម។ គោលដៅនៃការដាក់តាំងលក់នេះ គឺដើម្បីឱ្យប្រជាពលរដ្ឋទូទៅងាកមកចាប់អារម្មណ៍ផលិតផលកសិកម្មរបស់ខ្មែរ ដែលមានគុណភាព និងសុវត្ថិភាព ជាពិសេសផ្តល់ជាជម្រើសសម្រាប់ប្រជាពលរដ្ឋទិញបន្លែសុវត្ថិភាព ជូនចំពោះមនុស្សជាទីស្រឡាញ់។

ក្រសួងបានបន្តឱ្យដឹងថា៖ការផ្តល់ជូនបាច់បន្លែឬកន្ត្រកបន្លែសុវត្ថិភាពជំនួសបាច់ផ្កា មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់អ្នកទិញជូនដល់អ្នកទទួលប៉ុណ្ណោះទេ តែវាក៏បង្ហាញពីការគាំទ្រ និងលើកទឹកចិត្តដល់ប្រជាកសិករ ដែលខិតខំប្រឹងប្រែងដាំដុះបន្លែ កសិដ្ឋានចិញ្ចឹមសត្វ ព្រមទាំងសហគ្រាសកែច្នៃផលិតផលកសិកម្មឱ្យមានគុណភាព និងសុវត្ថិភាព សម្រាប់បម្រើដល់តម្រូវការប្រជាពលរដ្ឋទូទៅ ពិសេសធានាបាននូវសុវត្ថិភាព និងសុខុមាលភាពអ្នកបរិភោគ៕ដោយ៖ សំរិត

   

អត្ថបទដែលជាប់ទាក់ទង