សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការបញ្ចប់ឧត្តមសិក្សាជាសមិទ្ធផលធំ ដែលកើតចេញពីការប្រឹងប្រែង និងការកំណត់ទិសដៅច្បាស់លាស់របស់និស្សិតម្នាក់ៗ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កាលពីឆ្នាំ៩០ ការសរសេរផែនការ ភាគច្រើនកម្ពុជាពឹងអង្គការដៃគូអភិវឌ្ឍន៍ តែបច្ចុប្បន្នផែនការទាំងឡាយ សរសេរដោយខ្មែរ។ សម្តេចបានបន្តថា ការកសាងមូលធនមនុស្ស គឺជាការកិច្ចអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា មនុស្សនៅជុំវិញសម្តេច ដែលលូតលឿន គឺការចេះសិក្សាពីខ្លួនឯង ដកស្រង់ចំណុចខ្វះខាតរបស់ខ្លួន ហើយប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនឯង ដាក់ខ្លួនល្ងង់ច្រើន នឹងនាំឱ្យចេះច្រើន។ មនុស្សដែលដឹងខ្លួនឯង ហើយចេះពង្រឹងខ្លួនឯង ទើបធ្វើឱ្យខ្លួនឯងឱ្យជោគជ័យ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រងសាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជាង ៥ពាន់នាក់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីសោមនស្សរីករាយបានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង និងសម្ពោធទីតាំងសាកលវិទ្យាល័យសាខាវាលស្បូវ។ សម្តេចធិបតីបានមានប្រសាសន៍ថា ការបញ្ចប់ឧត្តមសិក្សាជាសមិទ្ធផលធំ ដែលកើតចេញពីការប្រឹងប្រែង និងការកំណត់ទិសដៅច្បាស់លាស់របស់និស្សិតម្នាក់ៗ ដែលជាសមិទ្ធផលមួយដ៏ធំសម្រាប់ក្រុមគ្រួសារ ជាពិសេសអាណាព្យាបាល។
រដ្ឋាភិបាលបានយកចិត្តទុកដាក់លើការអប់រំ និង ការបណ្តុះបណ្តាលដើម្បីបង្កើនធនធានមនុស្ស ដែលជាមូលដ្ឋាននៃការអភិវឌ្ឍប្រទេស ដោយបានបន្តខិតខំកែទម្រង់វិស័យអប់រំគ្រប់កម្រិត រួមទាំងការដាក់ចេញគោលនយោបាយ និងវិធានគន្លឹះនានា ឱ្យអនុវត្តដើម្បីបង្កើនគុណភាពអប់រំ ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងតម្លាភាព ឈានឆ្ពោះទៅសម្រេចបាននូវគោលដៅប្រែក្លាយខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាមាន ចំណូលខ្ពស់ឆ្នាំ២០៥០។
ក្នុងទិសដៅមួយដ៏ច្បាស់លាស់ សាកលវិទ្យាល័យជាតិគ្រប់គ្រងបានបង្កើតមហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថល ដែលជាអាទិភាព និងគោលដៅគន្លឹះទី៥ នៃមុំមួយរបស់យុទ្ធាសាស្ត្របញ្ចកោណរាជរដ្ឋាភិបាល ដំណាក់កាលទី១ ដើម្បីបង្កើត និងពង្រីកសក្តានុពលធនធានមនុស្សលើវិស័យជំនាញបច្ចេកវិទ្យា ក្នុងការរួមចំណែកក្នុងការអភិវឌ្ឍជាតិស្របតាមបរិការនៃតម្រូវការសម័យទំនើបក្នុងតំបន់ និងសាកលលោក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា ការបញ្ចប់ឧត្តមសិក្សា បានមកពីការប្រឹងប្រែងរបស់សាស្ត្រាចារ្យក្នុងការផ្ទេរចំណេះដឹង ក៏ដូចជាការចូលរួមចំណែកពីគណៈគ្រប់គ្រង និងបុគ្គលិកសិក្សារបស់សាកលវិទ្យាល័យ។ និស្សិតទទួលសញ្ញាបត្រនៅថ្ងៃនេះ គឺជាធនធានដ៏រឹងមាំសម្រាប់សង្គមជាតិ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់របស់សាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលប្រឹងប្រែងក្នុងការបណ្តុះបណ្តាលនិស្សិត។ សម្តេចបានអបអរសាទរចំពោះការបង្កើតទីតាំងថ្មីរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រងនៅវាលស្បូវ។ សម្តេចធិបតី បានថ្លែងថា វត្តមានទីតាំងថ្មីរបស់សាកលវិទ្យាល័យ កើតចេញពីការប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសាលា ហើយនឹងក្លាយទៅជាកន្លែងបណ្តុះបណ្តាលដ៏មានសារៈសំខាន់នាពេលអនាគត។
សម្តេចធិបតីបានបន្តទៀតថា ការកសាងធនធានមនុស្សដែលមានសុខភាពល្អ និងចំណេះដឹងខ្ពស់ គឺមានសារៈសំខាន់ និងចាំបាច់ណាស់សម្រាប់សង្គមជាតិ។ សញ្ញាបត្រដែលនិស្សិតទទួលបាននេះ ជាការជួយលើកកម្ពស់កម្រិតប្រកួតប្រជែង បង្កើនភាពម្ចាស់ការ ជាមូលដ្ឋានបង្កើនគុណវុឌ្ឍកាន់តែខ្ពស់ឆ្ពោះទៅកាន់ការបង្កើនសមត្ថភាពកាន់តែខ្ពស់។ ប្រទេសមួយមានធនធានមនុស្ស មានមូលធនមនុស្ស ដែលមានសុខភាពល្អ មានសមត្ថភាពខ្ពស់ នឹងធ្វើឱ្យការប្រកួតប្រជែងរបស់ប្រទេសនោះកាន់តែខ្លាំង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា មុនពេលរាតត្បាតជំងឺកូវីដ១៩ កម្ពុជា មានកំណើនសេដ្ឋកិច្ចល្អប្រសើរជាងបណ្តាប្រទេស១០ដទៃទៀតលើពិភពលោក។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការទទួលបានពានរង្វាន់ពីកម្មវិធី verify.gov.kh របស់ក្រសួងប្រៃសនីយ និងទូរគមនាគមន៍ គឺជាការបង្ហាញឱ្យឃើញនូវសមត្ថភាពរបស់កម្ពុជា។ គ្មាននរណាហាមឃាត់មហិច្ឆតាកម្ពុជា លើផែនការអភិវឌ្ឍន៍នោះទេ។
ជាមួយនឹងការសម្ពោធសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីប្រមាណជាង ៥ពាន់នាក់ នៅថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជូនពរនិស្សិតទាំងអស់ឲ្យទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត៕