ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីកាប់ប្លន់យកម៉ូតូ កាបូបលុយ និងទូរស័ព្ទដៃ ចំនួន៤ករណី

32

 

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ពាក់ព័ន្ធករណី ប្លន់ យកកាបូបលុយ និងទូរស័ព្ទដៃ នៅចំណុចខាងជើងវត្តឃ្មួញ ផ្លូវបេតុង ខណ្ឌសែនសុខ ប្រព្រឹត្តល្មើសកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៤ ទៀបភ្លឺ នៅត្រង់ចំណុចជិតក្លឹបDOT ផ្លូវ១៩៨៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ក្រោយពីជំនាញបានធ្វើការសាកសួរ ជនសង្ស័យខាងលើបានឆ្លេីយសារភាពថា ធ្លាប់ធ្វើសកម្មភាពចំនួន៤លើក៖

លើកទី១៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៣:៣០នាទីទៀបភ្លឺ ត្រង់ចំណុចមុខផ្សារដើមគថ្មី ផ្លូវទំនប់កប់ស្រូវ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ប្លន់ យកបានកាបូបមានលុយ៦០ម៉ឺនរៀល និងទូរស័ព្ទ១គ្រឿង ( ប្រើកាំបិតបុ័ងតោដេញកាប់ ជនរងគ្រោះ២នាក់ប្តីប្រពន្ធ)។

លើកទី២៖ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៥ទៀបភ្លឺ នៅត្រង់ចំណុចផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ប្លន់ យកម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ សេរី២០២២ (ប្រើកាំបិត បុ័ងតោ ដេញកាប់ជនរងគ្រោះ២នាក់ប្តីប្រពន្ធបណ្តាលឱ្យជនរងគ្រោះដួលម៉ូតូ)

លើកទី៣៖ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៤ទៀបភ្លឺ នៅត្រង់ចំណុចជិតក្លឹបDOT ផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ប្លន់ យកកាបូបលុយជាង១ពាន់ដុល្លាអាមេរិច និងទូរស័ព្ទអាយហ្វូន១៣ប្រូចំនួន១គ្រឿង (ប្រើកាំបិត បុ័ងតោ កាប់ ជនរងគ្រោះជនជាតិកូរ៉េ បណ្តាលឱ្យ របួស) ។

លើកទី៤៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោងប្រហែល៤ទៀបភ្លឺ នៅត្រង់ចំណុចលើផ្លូវ១០០៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ប្លន់ យកម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ សេរី២០១៦ (ប្រើកាំបិតបុ័ងតោដេញកាប់ប្លន់)

បច្ចុប្បន្នកម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ កំពុងស្រាវជ្រាវរកបក្ឌពួកបន្ថែមទៀត ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង