ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការទទួលបានពានរង្វាន់ពីកម្មវិធី verify.gov.kh របស់ក្រសួងប្រៃសណីយ៍ គឺជាការបង្ហាញឱ្យឃើញនូវសមត្ថភាពរបស់កម្ពុជា

32

 

ភ្នំពេញ៖ ថ្លែងក្នុងពិធីសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជាង ៥ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការទទួលបានពានរង្វាន់ពីកម្មវិធី verify.gov.kh របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គឺជាការបង្ហាញឱ្យឃើញនូវសមត្ថភាពរបស់កម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា ថ្ងៃមុនឯកឧត្តម ជា វ៉ាន់ដេត បានប្រាប់មកខ្ញុំ នៅក្នុងក្រសួងយើងបានអភិវឌ្ឍកម្មវិធីមួយ (verify.gov.kh) ដែលយកទៅប្រកួងប្រជែងនៅអាស៊ានយើងបានលេខ១ នេះគឺជាសាក្សីជាក់ស្តែង នេះជាឱទាហរណ៍ជាក់ស្តែង នៅក្នុងលទ្ធភាពនិងសមត្ថភាពនៃកូនខ្មែរ ដែលបានផ្តល់ឱកាសហើយដាក់ទិសដៅត្រូវ គោលនយោបាយត្រូវ យើងនឹងមានសមត្ថភាពក្នុងការប្រកួងប្រជែងនេះបាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា នេះហើយគឺជាមោទភាពជាតិរបស់យើង ហើយនេះគឺជាអ្វីដែលយើងសម្រេចបានជោគជ័យក្នុងរយៈពេល ៤០ឆ្នាំមកនេះ ពីប្រទេសដែលដួលបាក់ដៃ បាក់ជើង ងើបមករត់ជិតទាន់គេនេះឯង ហើយបើសិនយើងកសាងមូលដ្ឋាននេះកាន់តែរឹងមាំតទៅទៀត យើងមិនមានភាពស្រពិចស្រពិលថាកម្ពុជានឹងបន្តឈានទៅមុខអាចរត់ឈ្នះគេ ដែលនេះគឺជាអ្វីដែលសំខាន់របស់យើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការកសាងធនធានមនុស្សនេះ គឺបានជួយបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ឱ្យយើងអាចបានបិទបាននូវគម្លាត និងជួយបង្កើតភាពម្ចាស់ការរបស់កម្ពុជាផងដែរ។

សូមបញ្ជាក់ដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឈ្នះមេដាយមាសនៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ ដែលរៀបចំនៅប្រទេសសិង្ហបុរី ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៤ (The 4th ASEAN Digital Ministers’ Meeting) ដោយមានការចូលរួមពីរដ្ឋមន្រ្តីឌីជីថលអាស៊ាន ប្រទេសទីម័រខាងកើត និងដៃគូអាស៊ាន ដែលរួមមានសាធារណរដ្ឋកូរ៉េ ចិន ជប៉ុន ឥណ្ឌាសហរដ្ឋអាម៉េរិក និងសហភាពទូរគមនាគមន៍អន្តជាតិ។

ក្នុងការប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤នេះ ប្រទេសសមាជិកអាស៊ានទាំង១០ បានសម្រិតសម្រាំងផលិតផលឌីជីថល សេវា និងកម្មវិធី (Digital Products, Services and Programs) ល្អៗចំនួន១២៥ មកដាក់ពាក្យប្រកួតប្រជែង។ ឆ្លងកាត់វគ្គជម្រុះជាច្រើនលើក ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh ជាបេក្ខភាពតំណាងរបស់កម្ពុជាដែលឈានដល់វគ្គផ្តាច់ព្រ័ត្រ។ បន្ទាប់ពីការប្រកួតប្រជែងជាមួយបេក្ខភាពចុងក្រោយទាំងអស់ ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh បានឈ្នះមេដាយមាស លើផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន ឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង