ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម័យប្រជុំរដ្ឋសភានាថ្ងៃទី២១ ខែកុម្ភៈ គឺបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការតែងតាំង ឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

63

 

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។

ជាលទ្ធផលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានអនុម័តកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ចំនួនពីរលើកនាពេលខាងមុខនេះ តាមសំណើរបស់រាជរដ្ឋាភិបាល។ សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញលើកទី១នឹងធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ និងលើកទី២ នៅថ្ងៃទី ១ ខែមីនា ឆ្នាំ២០២៤។

តាមសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈនេះ មានរបៀបវារៈតែមួយ គឺការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល ចំនួន ៣រូប មាន ៖
– ឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ
– ឯកឧត្តម ស៊្រី ថាមរុង្គ ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស
– ឯកឧត្តម ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស

សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ នៅព្រឹកថ្ងៃទី១ ខែមីនាឆ្នាំ២០២៤ ខាងមុខនេះ នឹងធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតំាងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចំនួន ២រូប ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៧ ក្នុងចំណោមបេក្ខជនសរុបចំនួន ៥រូប ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បានដាក់ពាក្យស្នើសុំជាបេក្ខជន។

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានាព្រឹកនេះ ក៏បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល តាមសំណើរបស់រាជរដ្ឋាភិបាល មកប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញដែរ៕

អត្ថបទដែលជាប់ទាក់ទង