ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មូលនិធិសង្គហទានសង្គមខេត្តកំពង់ធំ បាននិមន្តចុះសាកសួរសុខទុក្ខនិងនាំយកអំណោយផ្ដល់ប្រជាពលរដ្ឋខ្មែរឥស្លាម០៧គ្រួសារដែល រងគ្រោះដោយអគ្គីភ័យភ្លើងឆេះផ្ទះ

80


កំពង់ធំ៖  ព្រះមុនីធម្មវេទី ឡាំ អិតព្រះសមុហ៍គណខេត្តនិងជាព្រះប្រធានមូលនិធិសង្គហទានសង្គមខេត្តកំពង់ធំនិងលោក ហឿន យ៉ិនធីរ អនុប្រធានមន្ទីរធម្មការនិងសាសនាខេត្តនិងជាអនុប្រធានអចិន្ត្រៃយ៍មូលនិធិសង្គហទានសង្គមខេត្តកំពង់ធំនាថ្ងៃព្រហស្បតិ៍៦កើតខែមាឆ្នាំថោះបញ្ចស័កព.ស២៥៦៧ត្រូវនឹងថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២៤បាននិមន្តអញ្ជើញចុះសាកសួរសុខទុក្ខនិងនាំយកអំណោយផ្ដល់ជូនប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន០៧គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យភ្លើងឆេះផ្ទះអស់ទាំងស្រុងកាលពីថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៤កន្លងទៅថ្មីៗនេះនៅភូមិត្រពាំងឈូកឃុំបឹង ស្រុកបារាយណ៍ខេត្តកំពង់ធំ។


នៅក្នុងឱកាសនេះព្រះមុនីធម្មវេទី ឡាំ អិត បានមានសង្ឃដីកាពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីព្រះសត្ថាបារមី សៀង សុខ ព្រះមេគណខេត្តកំពង់ធំនៅក្នុងឱកាសនេះព្រះតេជគុណបាននាំយកឃីតចំនួន១៤កញ្ចប់ សម្ភារប្រើប្រាស់  គ្រឿងឧបភោគបរិភោគនិងថវិកាចំនួន ១លាន៤០ម៉ឺនរៀលជូនដល់ប្រជាពលរដ្ឋខ្មែរឥស្លាមទាំង០៧គ្រួសារ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះនេះគឺ សម្តែងឱ្យឃើញពីការយកព្រះទ័យទុកដាក់របស់ព្រះសង្ឃពុទ្ធសាសនា ចំពោះប្រជាពលរដ្ឋខ្មែរទាំងអស់ដោយមិនប្រកាន់និន្នាការនយោបាយ ឬជំនឿសាសនាអ្វីទាំងអស់ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីសុខដុមនីយកម្មសាសនានៅកម្ពុជា។


ព្រះមុនីធម្មវេទី ឡាំ អិត មានសង្ឃដីកាចូលរួមសោកស្តាយយ៉ាងក្រៃលែង ជាមួយនឹងក្រុមគ្រួសារម្ចាស់ផ្ទះ ដែលអគ្គីភ័យបានឆេះផ្ទះ០៧ខ្នងនេះអស់ទាំងស្រុង ធ្វើឱ្យបាត់បង់នៅទ្រព្យសម្បត្តិជាច្រើន ដែលមិនបានជួយសង្គ្រោះទាន់ពេលវេលា សូមលើកទឹកចិត្តដល់ម្ចាស់ផ្ទះ មានស្មារតីរឹងមាំឡើងវិញ។កត្តាធម្មជាតិតែងតែកើតមានឡើងដោយខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឱ្យមានហេតុការណ៍នេះកើតឡើង។ សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នចំពោះភ្លើងធូប ទៀន ឬភ្លើងចង្ក្រាន បំពង់ហ្គាស និងភ្លើងអគ្គិសនីអាចកើតឡើងជាយថាហេតុ៕
. សំរិត

អត្ថបទដែលជាប់ទាក់ទង