ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានចំនួន ៩ ២៦៧,៤៨ ប៊ីលានរៀល ក្នុងឆ្នាំ២០២៣ ថយចុះប្រមាណ ១៥,៧% ធៀបនឹងចំណូលក្នុងឆ្នាំ២០២២

112

 

ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានគោលនយោបាយ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) នៅទូទាំងប្រទេស។

ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គ-នាយកដ្ឋានគយនិងរដ្ឋាករ​កម្ពុជា បានរាយការណ៍ពីលទ្ធផលការងារសំខាន់ៗមួយចំនួនដែលសម្រេចបានក្នុងឆ្នាំ២០២៣ រួមមាន ចំណូលប្រមូលបានក្នុងឆ្នាំមានចំនួន ៩ ២៦៧,៤៨ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២ ២៨៨,២៧ លានដុល្លារអាម៉េរិក) ថយចុះប្រមាណ ១៥,៧% ធៀបនឹងចំណូលក្នុងឆ្នាំ២០២២។ លទ្ធផលនេះសម្រេចបាន ៨២,៤% នៃផែនការដែលកំណត់ដោយ​ច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ការប្រមូលចំណូលពុំបានសម្រេចតាមផែនការដូចនេះបណ្ដាលមកពីកត្តាប្រឈមធំៗមួយចំនួន ជាពិសេស ការធ្លាក់ចុះទីផ្សារមុខទំនិញយានយន្តដែលកន្លងមកជាប្រភពចំណូលសំខាន់របស់ អគរ, កំណើនជាបន្តបន្ទាប់ទាំងវិសាលភាពនិងភាពស៊ីជម្រៅនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ការរីកលូតលាស់នៃផលិតកម្មក្នុងស្រុកជំនួសការនាំចូល, និងការបន្តកើតមាននូវសកម្មភាពរត់គេចពន្ធដែលកាន់តែស្មុគស្មាញនិងជ្រកក្រោមរូបភាពថ្មីៗ ជាដើម។

បើគិត​តាម​ប្រភេទពន្ធនិង​អាករ ឃើញថា អាករលើ​តម្លៃ​បន្ថែមមាន ៤១,២% នៃចំណូលសរុប, អាករពិសេសមាន ៣០,៣% នៃចំណូលសរុប, ពន្ធគយមាន ២១% នៃចំណូលសរុប, អាករ​បន្ថែម​លើ​ផលិតផល​ប្រេងឥន្ធនៈមាន ៤,៣% នៃចំណូលសរុប និងអាករ​នាំចេញនិង​កម្រៃផ្សេងៗមាន ១,៨% នៃចំណូល​សរុប។ ចំពោះចំណូល​តាមក្រុមទំនិញ ឃើញថា ក្រុមទំនិញចម្រុះមានមាន ៣៥,៣% នៃចំណូលសរុប, យានយន្តនិងគ្រឿងចក្រមាន ៣១,១% នៃចំណូលសរុប, ប្រេងឥន្ធនៈនិងថាមពលមាន ២៦,៦% នៃចំណូលសរុប, និងសម្ភារសំណង់និងកម្រៃផ្សេងៗមាន ៧% នៃចំណូលសរុប។

ទំហំពាណិជ្ជកម្មនាំចូលមានចំនួន ២៤ ១៨៣ លានដុល្លារអាម៉េរិក ថយចុះប្រមាណ ៥% ធៀបនឹងឆ្នាំ២០២២ ដែលក្នុងនោះទំនិញនាំចូលសំខាន់ៗមានជាអាទិ៍ ផលិតផលតេលសិលា, វត្ថុធាតុដើមនិងគ្រឿងម៉ាស៊ីនបម្រើដល់គម្រោងវិនិយោគ, គ្រឿងសំណង់, យានយន្តនិងគ្រឿងចក្រ, គ្រឿងឧបភោគបរិភោគ និងទំនិញចម្រុះផ្សេងទៀត។

ទំហំពាណិជ្ជកម្មនាំចេញមានចំនួន ២២ ៨៥៨ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១,៨% ធៀបនឹងឆ្នាំ២០២២ ដែលក្នុងនោះ ផលិតផលវិនិយោគ​កាត់​ដេរមានការថយចុះ ១៣,១%, ផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា គ្រឿងបំណែកអេឡិច​ត្រូនិក, បង្គុំខ្សែភ្លើង, ផលិតផលពី​ឈើ, កង់, អំពូល, ស្បែកសត្វកែច្នៃ, សំបកកង់រថយន្ត, ផលិតផលប្លាស្ទិច, គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗ​ទៀត) មានកំណើន ២០%, និងកសិផលមានកំណើន ២៤,៣%។

បន្ថែមពីលើការងារប្រមូលចំណូល អគរ ក៏សម្រេច​បាននូវវឌ្ឍនភាពល្អប្រសើរលើការងារសំខាន់ៗផ្សេងទៀត ​ដូចជា៖ (១). ការងារបច្ចេកទេសគយ, (២). កិច្ចសម្រួលពាណិជ្ជកម្ម​តាមរយៈការធ្វើទំនើបកម្មនិងសាមញ្ញកម្មនីតិវិធីគយ, (៣). ការងារសវនកម្មនិងការគ្រប់គ្រងហានិភ័យ, (៤). ការងារបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធនិងការអនុវត្តច្បាប់, (៥). ការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម, (៦). ការចូលរួមកសាងច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនានា, (៧). កិច្ចសហប្រតិបត្តិការជាតិនិងអន្តរជាតិ, (៨). ការងារអភិវឌ្ឍធនធានមនុស្សនិងស្ថាប័ន, និង (៩). ការងារសង្គម មនុស្សធម៌ សិល្បៈនិងកីឡា។

ក្នុងឱកាសនេះ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករគ្រប់ជាន់ថ្នាក់ក្នុងការសម្រេចបាននូវលទ្ធផលល្អលើការប្រមូលចំណូល និងលើការដ្ឋានការងារផ្សេងទៀត របស់ អគរ។ លទ្ធផលចំណូលដែលទទួលបាននេះ ត្រូវសម្រេចបានក្នុងស្ថានភាពមួយដែលបរិស្ថានជុំវិញជួបប្រទះនូវបញ្ហាប្រឈមនានាដែលរួមមាន ការងើបឡើងយឺតនូវស្ថានភាពសេដ្ឋកិច្ចប្រទេសមហាអំណាច, ការបន្តអូសបន្លាយសង្គ្រាមរុស្សី-អ៊ុយក្រែន, បញ្ហាសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស់, បញ្ហានៅមជ្ឈឹមបូព៌ា, ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ ជាដើម ដែលបានបង្កការរំខានដល់វិស័យដឹកជញ្ជូនទំនិញ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ក៏ដូចជាតម្រូវការនៃការប្រើប្រាស់។ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំនិងមន្ត្រីគយនិងរដ្ឋាករគ្រប់ជាន់ថ្នាក់បន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ។ ក្នុងនាមរាជរដ្ឋាភិបាល, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងបន្តគាំទ្រ និងជ្រោមជ្រែងដល់កិច្ចខិតខំប្រឹងប្រែងរបស់ អគរ ក្នុងការអនុវត្តការងាររបស់ខ្លួន។

ដើម្បីបង្កើនប្រសិទ្ធភាពប្រមូលចំណូលនិងការងារផ្សេងទៀតរបស់ អគរ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំ (១). រៀបចំកញ្ចប់វិធានការសម្រាប់អនុវត្តក្នុងឆ្នាំ២០២៤ ឱ្យកាន់តែជាក់លាក់ដោយកំណត់ពេលវេលា និងសូចនាករច្បាស់លាស់ ដោយដកស្រង់ចេញពីវិធានការដែល អគរ បានដាក់ចេញសម្រាប់អនុវត្តក្នុងត្រីមាសទី៤ ឆ្នាំ២០២៣, ផែនការសកម្មភាពឆ្នាំ២០២៤, និងវិធានការកិច្ចសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ ១៤ ចំណុចដែលដាក់ចេញដោយ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នាវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩, (២). បន្ដធ្វើទំនើបកម្មនីតិវិធីគយតាមរយៈការជំរុញធ្វើឌីជីថលនីយកម្ម សំដៅកាត់បន្ថយការប្រើប្រាស់ឯកសារក្នុងទម្រង់ក្រដាស, (៣). ជំរុញការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិដំណាក់កាលទី៣ឱ្យបានពេញលេញ, (៤). រៀបចំយន្ដការតាមដាន វិភាគ និងវាយតម្លៃហានិភ័យដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងជាពិសេសជាមួយអគ្គនាយកដ្ឋានពន្ធដារ, និង (៥). លើកកម្ពស់អភិបាលកិច្ចតាមរយៈការអនុវត្តព្រមគ្នានូវយន្តការនៃការដាក់ទោសទណ្ឌនិងការលើកទឹកចិត្ត ឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានប្រកាសដាក់ឱ្យប្រើប្រាស់ឯកសារយុទ្ធសាស្ត្រ របស់ អគរ ចំនួន ៣ គឺ ឯកសារយុទ្ធសាស្ត្រកែទម្រង់និងទំនើបកម្មគយឆ្នាំ២០២៤-២០២៨, យុទ្ធសាស្ត្រ​អនុវត្តច្បាប់និងអនុលោមភាពគយឆ្នាំ២០២៤-២០២៨, និងយុទ្ធសាស្ត្រកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាតឆ្នាំ២០២៣-២០២៥។ ដើម្បីជាការលើកទឹកចិត្ត ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានបំពាក់គ្រឿងឥស្សរិយយសដល់មន្ត្រីគយនិងរដ្ឋាករដែលមានស្នាដៃចំនួន ២៧ រូប ផងដែរ។

អត្ថបទដែលជាប់ទាក់ទង