ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុទ្ធនាការសប្ដាហ៍ វិទ្យុត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយដល់សាធារណៈជន នៅក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោកឱ្យបានដឹងបន្ថែមទៀត នូវតួនាទី និងគុណតម្លៃដ៏សំខាន់របស់វិទ្យុ

80

 

ភ្នំពេញ ៖ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី“សកម្មភាពអបអរទិវាវិទ្យុពិភពលោកឆ្នាំ២០២៤»
តួនាទីស្នូលនិងដ៏ចាំបាច់របស់វិទ្យុ ប្រព័ន្ធផ្សព្វផ្សាយបុរាណ នាយុគសម័យឌីជីថល ក្នុងការថែរក្សាសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិដោយចីរភាពនិងបរិយាបន្ន។

យុទ្ធនាការសប្តាហ៍វិទ្យុរបស់ក្រសួងព័ត៌មានត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រកបដោយជោគជ័យ ដោយមានការចូលរួមពីឥស្សរជនជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន ព្រមទាំងនិស្សិតមកពីសាកលវិទ្យាល័យផ្នែកសារព័ត៌មាន សុរបចំនួន២២១នាក់ ដើម្បីអបអរទិវាវិទ្យុពិភព លោកឆ្នាំ២០២៤។ ក្រោមការដឹកនាំរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន យុទ្ធនាការសប្ដាហ៍ វិទ្យុត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយដល់សាធារណៈជននៅក្នុងប្រទេសកម្ពុជា និងនៅលើ ពិភពលោកឱ្យបានដឹងបន្ថែមទៀតនូវតួនាទី និងគុណតម្លៃដ៏សំខាន់របស់វិទ្យុ ជាពិសេសវិទ្យុជាតិកម្ពុជា ដែល ជាប្រព័ន្ធផ្សព្វផ្សាយបុរាណមួយប្រភេទមានអាយុកាល ជាង ៤ទសវត្ស បានចូលរួមចំណែកយ៉ាងសកម្មក្នុង កសាង ថែរក្សាសន្តិភាព និងអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចម្រើន និងសេរីភាពពេញលេញដូចនាពេល បច្ចុប្បន្ន។ យុទ្ធនាការសប្តាហ៍វិទ្យុ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បាន ប្រមូលផ្តុំសកម្មភាពសំខាន់ៗមួយចំនួន ដើម្បីឆ្លុះបញ្ចាំងឱ្យបានឃើញច្បាស់អំពីសារៈសំខាន់របស់វិទ្យុ ដែល តែងតែនៅក្បែរប្រជាជន និងមានទំនាក់ទំនងយ៉ាងជិតស្និទជាមួយនឹងការរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់ វ័យ និងគ្រប់ស្រទាប់វណ្ណៈ ក្នុងការផ្ដល់ដំណឹង ចំណេះដឹង ទស្សនៈ បំណិនជីវិត និងការកំសាន្ត ការអប់រំ និងព័ត៌មានដ៏សំបូរបែប គ្រប់ទម្រង់ និងគ្រប់ទិសទី ដោយគ្មានដែនកំណត់។

សកម្មភាពសំខាន់ៗទាំងនោះ រួមមាន៖ ការផ្សព្វផ្សាយសារគន្លឹះនិងអនុសាសន៍របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កម្មវិធី សន្ទនាមតិជាមួយវាគ្មិនជាថ្នាក់ដឹកនាំក្រសួងព័ត៌មាននិងយុវជនកម្ពុជា ពិធីសំណេះសំណាលជាមួយនិស្សិត ទស្សនកិច្ចសិក្សារបស់និស្សិតនៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា និងស្ថានីយផ្សាយវិទ្យុជាតិកម្ពុជា ការផ្សព្វផ្សាយ បទវិចារណកថា បទយកការណ៍ និងព័ត៌មានជាច្រើនទៀត ជាទម្រង់ផ្សាយសំឡេង រូបភាព ការផ្សាយផ្ទាល់ ព្រមទាំងអត្ថបទ តាមរយៈប្រព័ន្ធផ្សាយរលកធាតុអាកាស គេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមគ្រប់ ប្រភេទ។

ក្នុងជំនួបជាមួយនិស្សិតមកពីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ សាកលវិទ្យាល័យប៊ែលធីអន្តជាតិ និងយុវជនស.ស.យ.ក.វិស័យព័ត៌មាននៅទីស្ដីការក្រសួង ព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្ដល់ការស្វាគមន៍ និងសំណេះសំណាលប្រកបដោយ ភាពស្និទស្នាល ដោយមានការយកចិត្តទុកដាក់ និងការចូលរួមតាមរយៈការលើកឡើងនូវសំណួរយោបល់ ជុំវិញការវិវត្ត និងតួនាទីដ៏សំខាន់របស់វិទ្យុ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយបុរាណផ្សេងទៀតពីសម័យកាលមួយ ទៅសម័យកាលមួយ រហូតដល់យុគសម័យបរិវត្តកម្មឌីជីថលនាពេលបច្ចុប្បន្ន។ ស្របពេលជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអត្ថាធិប្បាយផងដែរពីដំណើរវិវត្តរបស់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ស្ថានភាពប្រព័ន្ធ ផ្សព្វផ្សាយនាពេលបច្ចុប្បន្នជាមួយនឹងវឌ្ឍភាពឥតឈប់ឈរនៃបច្ចេកវិទ្យា ព្រមទាំងនិន្នាការក្នុងការទទួល ព័ត៌មានរបស់ប្រជាជន ដែលបានផ្ដល់ទាំងឱកាសថ្មីៗ និងបញ្ហាប្រឈមមួយចំនួនដល់វិស័យព័ត៌មាន និង សោតទត្សន៍។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងព័ត៌មាន និងប្រតិបត្តិករក្នុងវិស័យព័ត៌មាន តាមរយៈការប្រារព្ធ ទិវាវិទ្យុពិភពលោកឆ្នាំនេះ បានបង្ហាញការប្ដេជ្ញាចិត្តជាថ្មីម្ដងទៀតលើការលើកកម្ពស់តួនាទីរបស់វិទ្យុ និង ប្រព័ន្ធផ្សព្វផ្សាយបុរាណទាំងអស់ ជាភ្នាក់ងារផ្ដល់ព័ត៌មាន ភ្ជាប់ការប្រាស្រ័យទាក់ទង ការអប់រំ ចំណេះដឹង និងការកំសាន្ត ដើម្បីរួមចំណែកក្នុងការបណ្តុះស្មារតី មនសិកា និងមោទនភាពជាតិ បណ្តុះការស្រឡាញ់វប្បធម៌ និងប្រពៃណី ព្រមទាំងថែរក្សាការពារសន្តិភាព និងអត្តសញ្ញាណជាតិ។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា “ទោះក្នុងតម្លៃណាក៏ដោយវិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី ផ្សេងៗទៀតត្រូវតែបន្តរស់ក្នុងបរិបទថ្មី តំណាលគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមកជាមួយប្រព័ន្ធផ្សព្វផ្សាយ ទំនើប។ ក្រសួងព័ត៌មាននឹងបន្តអភិរក្ស និងអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយប្រពៃណីឱ្យមានភាពរីកចម្រើនឡើង ទៅមុខថែមទៀត តាមរយៈការបន្តធ្វើសមាហរណកម្ម និងកំណែទម្រង់កម្មវិធីផ្សាយឱ្យស្របតាមការវិវត្ត របស់សង្គម»។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា «យើងបាន និងកំពុងបន្តលើកកម្ពស់តួនាទី និងគុណតម្លៃវិទ្យុ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីទាំងអស់ ដើម្បីឱ្យប្រព័ន្ធផ្សព្វផ្សាយនេះរក្សាបាននូវ ទំនាក់ទំនងប្រកបដោយបរិយាបន្ន ព្រមទាំងភាពប្រកួតប្រជែង និងគុណភាពស្របទៅនឹងការវិវត្តរបស់សង្គម បច្ចេកវិទ្យាថ្មីៗ និងបរិវត្តកម្មឌីជីថល សម្រាប់ប្រជាជនគ្រប់ស្រទាប់ទាំងអស់ក្នុងសង្គម ដោយផ្តោតលើ ការធានាគុណភាព និងប្រសិទ្ធភាពការងារ ការរៀបចំលិខិតបទដ្ឋានគតិយុត្ត ការរៀបចំសណ្តាប់ធ្នាប់សារព័ត៌មាន និងការគោរពក្រមសីលធម៌វិជ្ជាជីវៈ ផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយ ជំនឿទុកចិត្តនិងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន » ។

នាឱកាសនោះដែរ ឯកឧត្តម តន់ យ៉ាន រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអតីតអគ្គនាយកនៃអគ្គ នាយកដ្ឋានវិទ្យុជាតិកម្ពុជា បានផ្ដល់បទបង្ហាញអំពីប្រវត្តិវិទ្យុ ការអភិវឌ្ឍនៃវិទ្យុជាតិកម្ពុជាទៅតាមសម័យកាល និងការសំណេះសំណាលប្រកបដោយអត្ថន័យ និងភាពកក់ក្ដៅជាមួយនិស្សិតទាំងអស់ ដែលបានផ្តល់នូវ ចំណេះដឹងជាច្រើនដល់ប្អូនៗនិស្សិតជាពិសេសប្រវត្តិនៃការកកើតវិទ្យុជាតិ ចាប់តាំងពីចុងសតវត្សរ៍ទី១៩ គ្រា ដែលវិទ្យុផ្សាយសម្លេងបានចាប់បដិសន្ធិនៅកម្ពុជា ព្រមទាំងកាវិវត្តិនានា ដោយសម្របខ្លួនទៅតាមរបប និង សម័យកាលផ្សេងៗ។ ទន្ទឹមគ្នានេះ និស្សិតគ្រប់រូបក៏បានស្វែងយល់ពីវត្តមានរបស់វិទ្យុជាតិក្នុងការផ្សាយ សំឡេងនៅគ្រប់ទិសទីនៃព្រះរាជាណាចក្រកម្ពុជា ទាំងវិទ្យុ AM និង FM ប្រភេទវិទ្យុបណ្តាញ និងនៅតាម តំបន់បណ្តាខេត្ត ព្រមទាំងទិដ្ឋភាពការងារបច្ចេកទេសនៃការផ្សាយកម្មវិធីវិទ្យុនានា។
ខណៈពិភពលោកប្រារព្ធទិវាវិទ្យុឆ្នាំ២០២៤ ក្រោមប្រធានបទ «មួយសតវត្សរ៍នៃវិទ្យុក្នុងការផ្តល់ ព័ត៌មាន កំសាន្ត និងអបរំ» (Radio: A Century of Information, Entertaining and Education) ទស្សនកិច្ចសិក្សារបស់និស្សិតទៅកាន់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ត្រូវបានធ្វើឡើង ដើម្បីផ្ដល់ឱកាសឱ្យនិស្សិតបានស្វែងយល់ពីតម្លៃនៃការផ្សព្វផ្សាយព័ត៌មានដោយវិទ្យុ និងដំណើរការផលិតកម្មវិធីវិទ្យុដោយ នាយកដ្ឋានចំណុះឱ្យអគ្គនាយកដ្ឋានវិទ្យាជាតិកម្ពុជា។ លើសពីនេះ គឺដើម្បីលើកទឹកចិត្តឱ្យមានការចូលរួម ប្រកបដោយបរិយាបន្ត ជាពិសេសពីយុវជនជំនាន់ក្រោយ ក្នុងការចាប់យកអាជីពសារព័ត៌មាន ដើម្បីបន្តអភិវឌ្ឍ ធានានិរន្តភាព និងរក្សាប្រសិទ្ធភាពវិស័យព័ត៌មាននៅកម្ពុជា។

នាឱកាសនោះដែរ លោកជំទាវ ឈឹមពៅ សុកាន់ឌី អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានថ្លែងប្រាប់ប្អូនៗនិស្សិតពីការងាររបស់វិទ្យុជាតិ ក្នុងពេលបច្ចុប្បន្ន និងការប្រែក្លាយរូបរាងដោយជោគជ័យពីវិទ្យុផ្សាយតែសម្លេងទៅជាវិទ្យុកូល័រ ដែលមាន ទម្រង់ចម្រុះ មានទាំងរូបភាព និងសម្លេង ព្រមទាំងបានផ្សព្វផ្សាយទូលំទូលាយ និងសកម្មជាងមុនទាំង តាមបែបប្រពៃណី លើឌីជីថល និងបណ្តាញសង្គមផងដែរ។ បន្ថែមពីនេះ លោកជំទាវអគ្គនាយិកា បានលើកទឹកចិត្តឱ្យប្អូនៗនិស្សិត ចូលរួមស្តាប់វិទ្យុឱ្យបានច្រើនតាមស្មាតហ្វូនតែម្ដង ដោយចាំបាច់ទិញវិទ្យុដូចមុន ឡើយ និងអាចចូលរួមផ្ដល់ជាមតិយោបល់ពីប្រធានបទសង្គមនានាតាមរយៈការ call-in ព្រោះចំណុចនេះហើយ ដែលបង្ហាញពីតួនាទីរបស់វិទ្យុ គឺជាស្ពានផ្សាភ្ជាប់ប្រជាជនពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងវ័យ ជាមួយ នឹងអាជ្ញាធរមានសមត្ថិកិច្ច ក៏ដូចជារដ្ឋាភិបាលផងដែរ។ ក្នុងដំណើរទស្សនកិច្ច និស្សិតទាំងអស់បានស្វែងយល់ ពីមុខងារ និងការធ្វើការប្រចាំថ្ងៃរបស់នាយកដ្ឋានផ្សេងៗ រួមមាន នាយកដ្ឋានបច្ចេកទេស នាយកដ្ឋានព័ត៌មាន ផ្សាយទៅបរទេស នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស និងនាយកដ្ឋានកម្មវិធី ព្រមទាំងចូលទស្សនា រថយន្តបំពងសម្លេងផងដែរ។
យុទ្ធនាការសប្តាហ៍វិទ្យុរបស់ក្រសួងព័ត៌មាន បានបិទបញ្ចប់ប្រកបដោយខ្លឹមសារ និងបានផ្ដល់ឱកាស ថ្មី និងពុទ្ធិបន្ថែមសម្រាប់ប្អូនៗនិស្សិតយកទៅប្រើប្រាស់ជាប្រយោជន៍សម្រាប់ការសិក្សា និងការប្រកបការងារ នាពេលអនាគត។ ក្នុងគោលដៅបង្កើនបរិមាណប្រតិបត្តិករវិស័យព័ត៌មាន លើគ្រប់តួនាទីបច្ចេកទេសប្រកប ដោយគុណភាព និងសមត្ថភាពជំនាញ ក្រសួងព័ត៌មានលើកទឹកចិត្ត និងផ្ដល់ឱកាសឱ្យនិស្សិតគ្រប់ជំនាញ ជាពិសេសនិស្សិតដែលកំពុងសិក្សាជំនាញប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានផ្ទាល់ដែលមានបំណងចង់ហាត់ការ នៅគ្រប់អគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងព័ត៌មាន ដើម្បីទទួលបានចំណេះដឹងថ្មីៗពីអ្នកជំនាញក្នុងវិស័យ ព័ត៌មាន។ ក្នុងក្របខណ្ឌនៃការអភិវឌ្ឍធនធានមនុស្ស និងការបង្កើនគុណភាពប្រតិបត្តិករក្នុងវិស័យសារព័ត៌មាន ក្រសួងព័ត៌មានបានដាក់ឱ្យដំណើរការឡើងវិញនូវមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវសារព័ត៌មាន ដែលជាជំហានដំបូងបានផ្តល់ការបណ្តុះបណ្តាលជំនាញសរសេរព័ត៌មានជូនមន្ត្រីវ័យក្មេង តាមអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួង សរុបចំនួន១៦០រូប៕

អត្ថបទដែលជាប់ទាក់ទង