ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការឃុំខ្លួនជនសង្ស័យម្នាក់ នៅពន្ធនាគារខេត្តកណ្តាល ករណីលួចប្រាក់ផ្ទះវីង

61

 

កណ្តាល ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ចំនួន ១នាក់ ពាក់ព័ន្ធករណី លួច (លួចប្រាក់ផ្ទះវីង) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ កងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល និងឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល។

អនុវត្តនូវភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ និងអនុវត្តតាមប្រសាសន៏ដឹកនាំ ព្រមទាំងមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលឯកឧត្តម តែងតែដាស់តឿន ក្រើនរម្លឹក ដល់មេបញ្ជាការគ្រប់កងឯកភាពឲ្យយកចិត្តទុកដាក់ពង្រឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ក្មេងទំនើង ពិសេសអនុវត្តតាមទិសស្លោករបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ថា «ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប»។

ជាក់ស្តែង នៅវេលាម៉ោង ១០:១៦នាទី(ម៉ោងនៅក្នុងកាម៉េរ៉ាសុវត្ថិភាព) ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ មានករណីលួច (លួចប្រាក់នៅផ្ទះបើកវីង) មួយ កើតឡើងនៅចំណុចផ្ទះវេលុយវីង ស្ថិតក្នុងភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្រោយពីទទួលបានព័ត៌មានរឿងហេតុខាងលើភ្លាម លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានបញ្ជាកម្លាំងជំនាញ មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស មន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ និងស្រុកកៀនស្វាយ ដឹកនាំដោយ លោក វរសេនីយ៍ឯក ទូច អុីណាន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល ចុះដឹកនាំកម្លាំងដោយផ្ទាល់ប្រតិបត្តិការស្រាវជ្រាវ ស្វែងរកឃាត់ខ្លួនមុខសញ្ញា ដែលធ្វើសកម្មភាពខាងលើ។

ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល។
គួបផ្សំនឹងឆន្ទៈ តស៊ូ ព្យាយាម សាមគ្គី សហការគ្នា រវាងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល កម្លាំងជំនាញស្នងការដ្ឋានស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ កម្លាំងយើងកំណត់បាននូវមុខសញ្ញាធ្វើសកម្មភាព ឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្ភារៈបាត់បង់ ប្រាក់រៀល និង ប្រាក់ដុល្លា មួយចំនួន។
វត្ថុតាងចាប់យករួមមាន៖ រថយន្ត ០១គ្រឿង, ម៉ូតូ ០១គ្រឿង, ទូរស័ព្ទដៃ ០១គ្រឿង, ថ្នាំញៀន(ម៉ាទឹកកក) ០១កញ្ចប់, លិខិតឆ្លងដែន០២ច្បាប់, សៀវភៅគ្រួសារ០១ច្បាប់, សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត០៤ច្បាប់, សំបុត្របញ្ជាក់កំណើតចំនួន០៤ច្បាប់, មួកសុវត្ថិភាព០៤, មួកក្រណាត់០៣ (ពាក់ធ្វើសកម្មភាព), ស្បែកជើងស្ត្រី០១គូ, លោហៈធាតុពណ៍លឿង (កងដៃចំនួន០៧វង់, ខ្សែកចំនួន០២ខ្សែ, ក្រវិលពណ៌លឿង០១ចំហៀង ,ចិញ្ជៀន០២វង់), ប័ណ្ណបើកបរ០២សន្លឹក, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០៣សន្លឹក, ឯកសារបង់រំលស់ម៉ូតូ០១ច្បាប់, អាវពាក់ធ្វើសកម្មភាព០៦ (អាវប្រុស០៣ ស្រី០៣), កាបូបស្ពាយស្រ្តីធ្លាប់ធ្វើសកម្មភាព០១, ក្រដាស់ប្រាក់មួយរយរៀលចំនួន១៥២សន្លឹក(មួយម៉ឺនប្រាំពាន់ពីររយរៀល), កាតវីង០៤សន្លឹក, កាតវីសា(ស្ថាបនា) ០២សន្លឹក, កាត និងវីសាកាត ABA ០២សន្លឹក, លិខិតបញ្ជាក់សុំកាន់កាប់ដីធ្លី០១ច្បាប់ ០៣សន្លឹក, ប័ណ្ណសំគាល់ទោចក្រយានយន្ត និងយានយន្ត (កាត់គ្រី) ០២សន្លឹក, ដាវដែក០១ និងដំបងឆក់០១។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ក្រុមបក្សពួករបស់គេមានគ្នាចំនួន០៧នាក់ (ប្រុស០៥ ស្រី០២) ធ្លាប់បានធ្វើសកម្មភាពចំនួន១២លើក ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ តាមបណ្តាខេត្តមួយចំនួន និងខេត្តកណ្តាល។

បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល និងឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលរួច។ ចំណែកបក្សពួកនៅសល់ កម្លាំងជំនាញនឹងធ្វើការស្រាវជ្រាវបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង