ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ធ្វើយ៉ាងណាមិនឲ្យកម្ពុជាក្លាយជាគោលដៅ នៃការប្រព្រឹត្តបទល្មើសគ្រឿងញៀន និងមិនឲ្យគ្រឿងញៀនបំផ្លាញសង្គមជាតិ

34

រាជធានីភ្នំពេញ ៖ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានលើកឡើងថា ការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ មានគោលដៅធំ គឺមិនឲ្យប្រទេសកម្ពុជា ក្លាយជាគោលដៅនៃការប្រព្រឹត្តបទល្មើសគ្រឿងញៀន និងមិនឲ្យគ្រឿងញៀនបង្កឥទ្ធិពលញាំញីបំផ្លិចបំផ្លាញសង្គមជាតិឡើយ។

ការលើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់រួមគ្នាជាមួយ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានថ្លែងថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់កន្លងមក បានទទួលលទ្ធផលគួរឲ្យកត់សម្គាល់ ហើយគោលដៅបន្ដទៀតនោះ គឺខិតខំប្តេជ្ញាធ្វើយ៉ាងណាឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យ «ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានកត់សម្គាល់ថា ផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផលពិភាក្សានៃក្រុមទាំង៥របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ យើងពិតជាបានទទួលយកនូវទស្សទានដ៏ល្អៗ ជាច្រើនបន្ថែមទៀត ដើម្បីធ្វើជាត្រីវិស័យបង្ហាញផ្លូវឆ្ពោះទៅភាពជោគជ័យលើបេសកកម្ម ប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងជាធាតុចូលដ៏សំខាន់ សម្រាប់គោរពរាយការណ៍ជូន សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងពិធីបិទសន្និបាតនារសៀលនេះ។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បន្ដថា ស្ថានភាពគ្រឿងញៀននាពេលបច្ចុប្បន្ន បានឈានដល់ដំណាក់កាលមួយដ៏គួរ ឲ្យព្រួយបារម្ភជាទីបំផុត ដែលវាបានក្លាយទៅជាបញ្ហារួមរបស់សង្គមជាតិទាំងមូល ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ឬ ពណ៌សម្បុរនោះឡើយ។ ក្នុងន័យនេះ គ្រប់ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន រហូតដល់ក្រុមគ្រួសារនីមួយៗ ត្រូវតែចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួម ដែលទាមទារឲ្យមានការសហការទប់ស្កាត់ អប់រំ ក្រើនរំលឹក និងមានវិធានការតឹងរ៉ឹង និងម៉ឺងម៉ាត់ជាទីបំផុត។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បន្ដទៀតថា ដោយមើលឃើញពីបញ្ហាប្រឈមទាំងអស់នេះ ទើបសន្និបាតបានជ្រើសរើសប្រធានបទទាំង៥ ដើម្បីយកមកពិភាក្សា ដោយប្រធានបទទាំង៥នោះ ក៏បានឆ្លុះបញ្ចាំងពីគណៈកម្មការនីមួយៗ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ។

ដើម្បីឲ្យអង្គសន្និបាតទទួលបានធាតុចូលបន្ថែមទៀត ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានផ្ដល់នូវអនុសាសន៍ដឹកនាំបន្ថែមមួយចំនួនរួមមាន៖
១៖ ការងារផ្សព្វផ្សាយ និងអប់រំ៖ ចំពោះអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងអាណត្តិថ្មីនេះ បានចាត់ទុក មធ្យោបាយអប់រំ គឺជាវិធីសាស្ត្រចំបងក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ក្នុងន័យនេះ ឯកឧត្តមបានការណែនាំ ដល់អគ្គលេខាធិការដ្ឋាន និងគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ ត្រូវធ្វើយ៉ាងណាបំផុសចលនាផ្សព្វផ្សាយអប់រំ ពីវិនាសកម្មគ្រឿងញៀននេះ ចលនាជាតិមួយ ដែលគ្រប់វិស័យត្រូវតែចូលរួមទាំងអស់គ្នា៖ ដូចជា វិស័យអប់រំ វប្បធម៌ សិល្បៈ ទេសចរណ៍ សាសនា កីឡា ជាដើម។

២៖ ការគ្រប់គ្រងសារធាតុញៀន និងគីមីផ្សំ៖ ស្នើរៀបចំនូវស្តង់ដានីតិវិធីអនុវត្ត SOP ក្នុងគោលបំណងគ្រប់គ្រងឲ្យបានម៉ត់ចត់នូវរាល់សារធាតុគីមីផ្សំទាំងឡាយណា ដែលអាចកែច្នៃផលិតជាគ្រឿងញៀន។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ក្រុមការងារអន្តរក្រសួងនេះ នឹងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណាលុបបំបាត់ឲ្យបានករណីលួចលាក់កែច្នៃផលិតគ្រឿងញៀននៅកម្ពុជា។
ឯកឧត្តមសន្តិបណ្ឌិត បានណែនាំដល់អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបញ្ជូនលក្ខខណ្ឌ ប្រភេទទីតាំង ដែលសង្ស័យកែច្នៃផលិតទៅគ្រប់អាជ្ញាធរ ថ្នាក់ក្រោមជាតិទាំងអស់ ដើម្បីមានមូលដ្ឋានក្នុងការចុះត្រួតពិនិត្យទីតាំងទាំងឡាយណា ដែលសង្ស័យលបលួចកែច្នៃផលិតគ្រឿងញៀន។

៣៖ ការងារអនុវត្តច្បាប់៖ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលកន្លងមកបានអនុវត្តយ៉ាងម៉ឺងម៉ាត់ ចំពោះមន្ត្រីអនុវត្តច្បាប់ណា ដែលពាក់ព័ន្ធទាំងបទល្មើស និងការប្រើប្រាស់គ្រឿងញៀន។ នេះ គឺជាការបន្តអនុវត្តមរតកអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់» របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។
ក្នុងនោះ «ការវះកាត់» គឺជាជម្រើសចុងក្រោយ ឈរលើអភិក្រមនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី ក៏បានដាក់ចេញនូវគោលការណ៍ដឹកនាំ «សម្អាតផ្ទះយើង» ដើម្បីឲ្យក្រសួង ស្ថាប័ន ពង្រឹងគុណភាពធនធាន មនុស្សប្រកបដោយភាពស្អាតស្អំ និងភាពជាគំរូ នៃការអនុវត្តច្បាប់។ មួយវិញទៀត ឯកឧត្តមក្រើនរំលឹក ដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវរក្សាភាពថ្លៃថ្នូរ និងប្រកាន់ខ្ជាប់នូវឥរិយាបថសមរម្យ ក្នុងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនជៀសវាងការអនុវត្តលើសបទបញ្ជា និងយកផលប្រយោជន៍បុគ្គលជាធំ។

៤៖ ការងារស្តារនីតិសម្បទា និងសមាហរណកម្ម៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មការទទួលបន្ទុក ការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ត្រូវខិតខំស្រាវជ្រាវវិធីសាស្ត្របន្សាប ព្យាបាលថ្មីៗបន្ថែមទៀត ដែលប្រទេសជឿនលឿន លើពិភពលោកបាននឹងកំពុងអនុវត្ត។ មួយវិញទៀត ត្រូវគិតគូរធ្វើយ៉ាងណាឲ្យមជ្ឈមណ្ឌលស្តារនីតិសម្បទា ទាំងរដ្ឋ និងឯកជន មានគុណភាពស្របតាមស្ដង់ដាត្រឹមត្រូវ ដែលអាចធានាឲ្យអ្នកញៀនគ្រឿងញៀនអាចសមាហរណកម្មចូលសង្គមបានឆាប់រហ័ស។
អភិបាលរាជធានី-ខេត្ត ធ្វើការណែនាំដល់ គណៈបញ្ជាការឯកភាព ក្រុង ស្រុក ឃុំ សង្កាត់ ភូមិ ទាំងអស់ ក្នុងការប្រមូលអ្នកញៀនគ្រឿងញៀនចេញពីសហគមន៍ ដើម្បីទទួលការព្យាបាល ស្តារនីតិសម្បទា ដើម្បីជាគោលដៅលុបបំបាត់គ្រឿងញៀន ក្នុងមូលដ្ឋានស្របទៅនឹងគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល។

៥៖ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មការទទួលបន្ទុកសហប្រតិបត្តិការអន្តរជាតិ ត្រូវពង្រឹង និងពង្រីកសកម្មភាពកិច្ចសហប្រតិបត្តិការ ឲ្យមានវិសាលភាពទូលំទូលាយ ដោយរួមមាន ការសហការផ្លាស់ប្តូរព័ត៌មាន, ផ្លាស់ប្ដូរប្រតិភូ, វេទិការតំបន់, និងលើសកលលោក ការកសាងសមត្ថភាពមន្រ្តី, និងការឧបត្ថម្ភសម្ភារៈបច្ចេកទេសជាដើម។

៦៖ ការងារផ្គត់ផ្គង់ហរិញ្ញវត្ថុ៖ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺតម្រូវឲ្យមានការចំណាយជាច្រើនដូចជា ការងារផលិតខ្លឹមសារ ផ្សព្វផ្សាយអប់រំ ការបណ្តុះបណ្តាលគ្រូពេទ្យជំនាញ ដើម្បីបន្យាបព្យាបាលអ្នកញៀន, ការផ្គត់ផ្គង់សម្ភារៈបច្ចេកទេស នៅតាមច្រកទ្វារអន្តរជាតិ, មធ្យោបាយបំពេញភារកិច្ចរបស់មន្ត្រីអនុវត្តច្បាប់ និងការងារដុតបំផ្លាញចោលគ្រឿងញៀន និងសារធាតុគីមីដែលរឹបអូសបានជាដើម ។ល។

ក្នុងន័យនេះ ឯកឧត្តមស្នើប្រធានគណៈកម្មការផ្គត់ផ្គង់ ជួយសម្របសម្រួល ពិនិត្យលើគម្រោងថវិការបស់គណៈកម្មការចំណុះគណៈបញ្ជាការយុទ្ធនាការទាំងអស់ ដើម្បីស្នើសុំកញ្ចប់ថវិកាសមស្របសម្រាប់ទ្រទ្រង់គណៈបញ្ជាការយើង ឲ្យដំណើរការទទួលបានជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង