ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតសមាជិកគណៈកម្មាធិការនាយក នៃអតីតគណបក្សសង្គ្រោះជាតិ ចូលរួមរស់ជាគណបក្សប្រជាជនកម្ពុជា

53

 

ភ្នំពេញ ៖ លោកសាន សាង អតីតអ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាសមាជិកគណៈកម្មាធិការនាយក នៃអតីតគណបក្សសង្គ្រោះជាតិ អតីតគណបក្សសង្គ្រោះជាតិ អតីតអនុប្រធានគណបក្សសមរង្ស៊ីខេត្តតាកែវ និងជាអតីតជាប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៤ បច្ចុប្បន្នជាអនុប្រធានសមាគមខ្មែរកម្ពុជាក្រោម ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននាព្រឹកថ្ងៃទី២១ កុម្ភៈ នៅមន្ទីរបក្សរាជធានីភ្នំពេញ លោកបានមានប្រសាសន៍លើកឡើងថា៖ គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយច្បាស់លាស់ មានចក្ខុវិស័យវែងឆ្ងាយមានការអភិវឌ្ឍពិតប្រាកដ ជាមួយនិងការបម្រើសង្គ្រោះប្រជាពលរដ្ឋ ។ ម្យ៉ាងទៀតដោយមើលឃើញពីការទទួលស្វាគមន៍ យ៉ាងកក់ក្តៅចំពោះអតីតគណបក្សប្រឆាំង និងមានការមើលថែពីសម្ដេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងការយកចិត្តទុកដាក់ខ្លាំង ពីសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត មកលើបងប្អូនយើងខ្ញុំដែលជាអតីតគណបក្សសង្គ្រោះជាតិ ឲ្យមករួមរស់ជាមហាគ្រួសារខ្មែរតែមួយ គ្មានការរើសអើង ទើបរូបលោកសម្រេចចិត្តប្ដូរនិន្នាការនយោបាយ ចូលមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ។

លោកបន្តថា សម្ដេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាពិតជាមានការសន្ដោសប្រណីណាស់សម្រាប់អតីត គណបក្សប្រឆាំង។ ជាក់ស្ដែងនៅពេលនេះ ខណៈលោកជួបជាមួយលោកឃួង ស្រេង ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ លោកពិតជាមានការស្វាគមន៍យ៉ាងខ្លាំងក្នុងនាមជាគ្រួសារខ្មែរតែមួយ គ្មានការរើសអើងនោះទេ។សម្ដេចតេជោហ៊ុន សែន មានបេះដូងល្អ មានមេត្តាធម៌ ជាមួយអតីតគណបក្សប្រឆាំង ក្នុងគោលបំណងបង្រួបបង្រួមជាតិឲ្យរស់នៅដោយភាពសុខដុមរមនាជាមហាគ្រួសារខ្មែរតែមួយ ក្រោមម្លប់សន្តិភាព។

លោកប្តេជ្ញាចិត្តចូលរួមអភិវឌ្ឍន៍ប្រទេសក្រោយការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ដើម្បីប្រទេសជាតិកម្ពុជាយើងឈានដល់គោលដៅ ជាប្រទេសប្រទេសជឿនលឿន មានចំណូលខ្ពស់ ឆ្នាំ២០៣០-២០៥០ ។

លោកសាន សាង ក៏បានសម្តែងនូវការគាំទ្រយ៉ាង ពេញទំហឹងចំពោះវិធានការដ៏ម៉ឺងម៉ាត់និងមុតស្រួច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួង ស្ថាប័ន និង រដ្ឋបាល ថ្នាក់ក្រោមជាតិ បើរកឃើញមានមន្ត្រី ណាមានសារធាតុញៀនក្នុងខ្លួននឹងត្រូវ បណ្តេញ ចេញពីក្របខណ្ឌ ដោយគ្មានការលើកលែង។

លោកក៏បានធ្វើការអំពាវនាវទៅដល់បងប្អូនមួយចំនួន ដែលបាននិងកំពុងដើរតាមការអូសទាញរបស់ទណ្ឌិតសមរង្ស៊ី សុំចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសម្ដេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ពិតជាមានការសន្ដោសប្រណីណាស់ សម្រាប់អតីតគណបក្សប្រឆាំង៕

អត្ថបទដែលជាប់ទាក់ទង