ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ផ្ដើមបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសខ្លានៅទូទាំង៥ខណ្ឌដំបូងនេះ អោយរួចរាល់ រួចបន្តទៅខណ្ឌផ្សេងទៀតរហូតបញ្ចប់ទាំង១៤ខណ្ឌនិង១០៥សង្កាត់

82

ភ្នំពេញ៖អនុវត្តតាមការចង្អុលបង្ហាញពីសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លើការយកចិត្តទុកដាក់សុខុមាលភាពប្រជាពលរដ្ឋ និងដោយយោងទៅលើស្ថានភាពជាក់ស្ដែងនៃការរីករាលដាលជំងឺគ្រុនឈាមមានការកើនឡើងឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រជុំជាមួយអាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីចាត់វិធានជាបន្ទាន់ ដោយចាត់ ក្រុមការងារនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញនិងដោយមានកិច្ចសហការពីកងពលតូចលេខ៧០ ចុះបាញ់ថ្នាំមូសនៅសង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញសំដៅធ្វើយ៉ាងណា លុបបំបាត់ឱ្យអស់មូសខ្លា និងគ្មានជម្ងឺគ្រុនឈាម។

ក្រុមការងារ ដែលមានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យ អាជ្ញាធរខណ្ឌពាក់ព័ន្ធនិងកងពលតូចលេខ៧០ នារសៀលថ្ងៃទី ២៣កុម្ភៈឆ្នាំ២០២៤ បានជួបជុំគ្នានៅសាលារាជធានីភ្នំពេញ ដោយមានការណែនាំបន្ថែមពីឯកឧត្ដមឃួង ស្រេងអភិបាលរាជធានីភ្នំពេញផងដែរ នៅមុនពេលក្រុមការងារ ចុះយុទ្ធនាការបាញ់សម្លាប់មុខខ្លា នៅខណ្ឌចំនួន៥ដែលជាខណ្ឌមានបញ្ហាប្រឈម ជំងឺគ្រុនឈាមខ្លាំងជាងគេ។

នៅថ្ងៃទី១នៃយុទ្ធនាការបាញ់សម្លាប់មូសខ្លានេះ យើងប្រើប្រាស់ ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មូសចំនួន១៥គ្រឿង ប្រើប្រាស់កម្លាំងកងពលតូចលេខ៧០ ចំនួន២៥នាក់ សហការជាមួយក្រុមគ្រូពេទ្យ និងអាជ្ញាធរខណ្ឌពាក់ព័ន្ធទាំង៥ ដែលជាខណ្ឌមានបញ្ហាប្រឈមខ្លាំងជាងគេ ចំពោះការរីករាលដាលជម្ងឺគ្រុនឈាមនេះ ក្នុងនោះរួមមាន ខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខនិងខណ្ឌមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេងបានធ្វើការណែនាំទៅមន្ទីរសុខាភិបាលរាជធានីភ្នំពេញថា ជាជំហានដំបូងនេះ ក្រុមការងារត្រូវបាញ់ថ្នាំសម្លាប់មូសខ្លានៅទូទាំង៥ខណ្ឌនេះអោយបានរួចរាល់ ក្នុងរយៈពេលមួយសប្តាហ៍ រួចបន្តទៅខណ្ឌផ្សេងទៀតរហូតបញ្ចប់ទាំង១៤ខណ្ឌនិង១០៥សង្កាត់។ ក្រោយបញ្ចប់កិច្ចការងារទាំង១៤ខណ្ឌហើយ មន្ទីរសុខាភិបាលត្រូវបន្តការបាញ់ថ្នាំសម្លាប់មូសនៅតាមប្រឡាយ លូ នានា នៅក្នុងរាជធានីភ្នំពេញបន្តទៀតសំដៅធ្វើយ៉ាងណា លុបបំបាត់ឲ្យបាននូវជំងឺគ្រុនឈាម។

ក្នុងឱកាសនោះដែរ ក៏មានការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញចូលរួមលុបបំបាត់ជម្រកមូសខ្លា ដូចជាលុបបំបាត់ទឹកដក់ថ្លាជាជម្រកមូសខ្លា (ទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹកភ្លៀង ជាជម្រកមូសខ្លា)។ យើងរួមគ្នាលុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៏របស់យើង ដើម្បីរួមចំណែកទុបស្កាត់ការចម្លងជំងឺគ្រុនឈាម។ មូសខ្លាជាភ្នាក់ងារចំលងជំងឺគ្រុនឈាម រីឯមូសអង្កាមមិនមែនជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមទេ។

ការទុកដាក់សំបកកង់ឡាន ម៉ូតូហាលភ្លៀងនៅក្នុងសហគមន៏ គឹជាការបង្កើតជម្រកមូសខ្លាក្រោយពេលភ្លៀងធ្លាក់។ មូសខ្លាមិនពងដាក់ក្នុងទឹកស្អុយ លូ និងទឹកល្អក់ទេ។ មូសខ្លាពងដាក់ក្នុងទឹកដក់ថ្លា គ្មានក្លិនស្អុយ ទឹកក្នុងថូផ្កា ទឹកក្នុងទម្រជើងទូចាន ទឹកដក់នៅក្នុងចានស្នោនិងកែវជ័រដែលចោលហាលភ្លៀង ទឹកដក់លើថង់ប្លាស្ទិកចោលហាលភ្លៀង ។ល។ ការដាក់អាបែតក្នុងពាងនិងអាងទឹកដើម្បីសម្លាប់ដង្កូវទឹកជាការរួមចំណែកទុបស្កាត់ការកកើតមូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម៕

អត្ថបទដែលជាប់ទាក់ទង