ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប៖ ទិដ្ឋភាពទូទៅនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មានសណ្តាប់ធ្នាប់ សន្តិសុខសុវត្ថិភាពល្អ ហើយស្ថិតក្រោមការឃ្លាំមើលពីអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ

60

ភ្នំពេញ ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ បានចាប់ពីម៉ោង៧ព្រឹក ការិយាល័យនៅទូទាំងប្រទេសបានបើកដំណើរការព្រមគ្នាទាំង ៣៣ការិយាល័យ នៅគ្រប់៨មណ្ឌលតែម្តង នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

លោកបានដឹងឱ្យថា អង្គបោះឆ្នោតដែលជាសមាជិកសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ បានអញ្ជើញមកមុនដើម្បីតម្រង់ជួរដើម្បីត្រៀមលក្ខណៈឆ្ពោះទៅរកការបោះឆ្នោត។

អ្នកនាំពាក្យ គ.ជ.ប បានបន្តថា ការបោះឆ្នោតនេះក្រោមការឃ្លាំមើលពីអ្នកសង្កេតការណ៍ជាតិប្រមាណ ៧៦០នាក់ និងអន្តរជាតិ ៣០នាក់ ក្នុងនោះក៏មានភ្ញៀវពិសេស ៣នាក់ផងដែរ។ ភ្នាក់ងារគណបក្សនយោបាយចំនួន ២២៨នាក់ បានដាក់គ្រប់ការិយាល័យទាំង៣៣។ អ្នកយកព័ត៌មានជាតិ ចំនួន ៣០៦នាក់ បានធ្វើការសង្កេតមើល។ អ្នកព័ត៌មានអន្តរជាតិមានចំនួន ២៥នាក់ តាមឃ្លាំមើលដំណើរប្រព្រឹត្តទៅនៃការបោះឆ្នោតនេះ។

លោកបានបញ្ជាក់ថា មួយម៉ោងដំបូងឃើញថា យ៉ាងហោចក៏មានការិយាល័យបោះឆ្នោតចំនួន២បានបិទ និងបានរាប់រួចហើយដែរ គឺនៅខាងមណ្ឌលគីរី និងកែប។

លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា នៅការិយាល័យបោះឆ្នោតនៃវិទ្យាល័យព្រះស៊ីសុវត្ថិ គឺមានអង្គបោះឆ្នោតចំនួន ៩១១នាក់ ចេញចែកជា ២ការិយាល័យ។

លោកបានបន្ថែមថា សម្រាប់ទិដ្ឋភាពទូទៅមានសណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាពល្អ និងមានកិច្ចសហការល្អរវាងអាជ្ញាធរដែនដី គណៈអចិន្ត្រៃយ៍សន្តិសុខសម្រាប់ការបោះឆ្នោត ព្រមទាំងមន្ត្រី គ.ជ.ប និងតំណាងគណបក្សនយោបាយ ក៏មានវត្តមានផងដែរ។ ការប្រព្រឹត្តទៅដោយរលូន។ លោកសង្ឃឹមថា រហូតដល់ចប់ការបោះឆ្នោតនេះក៏នឹងប្រព្រឹត្តទៅដោយល្អប្រសើរ៕

អត្ថបទដែលជាប់ទាក់ទង