ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងវប្បធម៌នឹងរៀបចំកម្មវិធី រាត្រីសមោសរ សំពត់បត់ខ្មែរ អមដោយ ពិព័រណ៍សិប្បកម្មខ្មែរ ជាលើកដំបូង ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣ខែមិនា

34

ភ្នំពេញ៖ ដើម្បីថែរក្សាប្រពៃណីទំនៀមទម្លាប់ និងអភិរក្ស ដែលជាកេរដំណែលដូនតាខ្មែរក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានត្រៀមរៀបចំកម្មវិធី «រាត្រីសមោសរសំពត់បត់ខ្មែរ » អមដោយ«ពិព័រណ៍សិប្បកម្មខ្មែរ»ជាលើកដំបូងនៅសាលសន្និសីទចតុម្មុខចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។

បញ្ជាក់ក្នុងកម្មវិធីសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២៤ លោកជំទាវឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ការរៀបចំ«រាត្រីសមោសរ សំពត់បត់ខ្មែរ »នេះមានគោលបំណងថែរក្សាប្រពៃណី កេរដំណែលអរូបីរបស់ដូនតាខ្មែរយើងដែលបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់។កម្មវិធីនេះជាការបំផុសស្មារតីកូនខ្មែរឱ្យស្រឡាញ់វប្បធម៌របស់ខ្លួនជាពិសេសជំរុញឱ្យស្ត្រីខ្មែរយល់ដឹងកាន់តែច្បាស់ពីគុណតម្លៃ ភាពស្រស់ស្អាតនៃសំពត់បត់ខ្មែរក្នុងសង្គមខ្មែរ។
លោកជំទាវរដ្ឋលេខាធិការបានថ្លែងបញ្ជាក់បន្ថែមថា គម្រោងរៀបចំកម្មវិធីនេះ ធ្វើឡើងក៏មានការចូលរួមសហការពីអ្នកពាក់ព័ន្ធជាបន្តបន្ទាប់។

លោកជំទាវបញ្ជាក់ថា៖«គោលបំណងរបស់ខ្ញុំក៏ដូចជាថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចង់ឱ្យប្អូនៗក្មួយៗជំនាន់ក្រោយបានដឹងថា សំពត់បត់នេះ គឺជាកេរដំណែលអរូបីរបស់ដូនតាខ្មែរយើងដែលបានបន្សល់ទុកមក ដូច្នេះក្នុងនាមយើងជាទំពាំងស្នងឫស្សី យើងជាយុវជនខ្មែរ គឺយើងត្រូវមានភារកិច្ចចូលរួមថែរក្សាលើកកម្ពស់វប្បធម៌ខ្មែរទាំងអស់គ្នា ព្រោះវប្បធម៌ខ្មែរនេះជារបស់យើងទាំងអស់គ្នា។

លោកជំទាវ ឡងឌី សាន់ណារ៉ា បានលើកឡើងថាដើម្បីឱ្យគេមើលឃើញអំពីគុណតម្លៃនៃសំពត់បត់ខ្មែរ និងដើម្បីចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់ ដែលជាកេរដំណែលដូនតាខ្មែរយើង ក្រសួងវប្បធម៌ បានត្រៀមរៀបចំនូវកម្មវិធីដ៏មានសារៈសំខាន់នេះ ដោយរួមចំណែកអភិរក្ស លើកតម្កើងតម្លៃនៃសំពត់បត់ខ្មែរយើង ឱ្យកាន់តែមានប្រជាប្រិយភាព ពេញនិយមក្នុងកម្រិតជាតិ និងឆ្ពោះទៅអន្តរជាតិ។

ក្រសួងវប្បធម៌បានបញ្ជាក់ដែរថាការរៀបចំ«រាត្រីសមោសរសំពត់បត់ខ្មែរ » អមដោយពិព័រណ៍សិប្បកម្មខ្មែរ» នឹងធ្វើឱ្យមហាជនកាន់តែច្រើនបានស្គាល់ពីតម្លៃវប្បធម៌ និងភាពស្រស់ស្អាតរបស់សំពត់បត់ខ្មែរ។ ហើយបើតាមការគ្រោងទុកកម្មវិធី«រាត្រីសមោសរសំពត់បត់ខ្មែរ»នឹងធ្វើឡើង នៅល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្នុងនោះដែរ ក្រៅពីកម្មវិធី«រាត្រីសមោសរសំពត់បត់ខ្មែរ» ក៏មាន «ពិព័រណ៍សិប្បកម្មខ្មែរ» ដែលនឹងប្រារព្ធធ្វើឡើងរយ:ពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ មីនា ឆ្នាំ២០២៤ នៅក្នុងបរិវេណសាលសន្និសីទចតុម្មុខ។ នៅក្នុងកម្មវិធីដ៏សំខាន់នេះ ក្រសួងវប្បធម៌បានលើកទឹកចិត្តដល់សាធារណជន សិស្ស និស្សិត ភ្ញៀវជាតិ និងអន្តរជាតិ អ្នកសារព័ត៌មាន អញ្ជើញចូលរួមទស្សនា និងផ្សព្វផ្សាយដោយសេរី ដើម្បីជាការលើកទឹកចិត្ត និងបន្តរួមគ្នាថែរក្សាវប្បធម៌ខ្មែរឱ្យបានគង់វង្ស៕ សំរិត

អត្ថបទដែលជាប់ទាក់ទង