ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ

51

 

ប្រទេសម៉ាឡេស៊ី៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបជាមួយ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៊ីម (Dato’ Seri Anwar bin Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ព្រឹកថ្ងៃអង្គារ ទី២៧ កុម្ភៈ ២០២៤។

បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៊ីម នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅបំពេញ ទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

អញ្ជើញអមដំណើរ សម្ដេចធិបតី រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជននសភា ពាណិជ្ជកម្មកម្ពុជា។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនេះ សម្ដេចធិបតី នឹងចូលក្រាបបង្គំគាល់ ព្រះចៅ យ៉ាំង ឌី-ពើទាន់ អាហ្គុង ទី១៧ ស៊ុលតង់ អ៊ីប្រាហ៊ីម ស៊ុលតង់ ស៊ីកានដា ព្រះមហាក្សត្រ នៃប្រទេសម៉ាឡេស៊ីនៅ ព្រះបរមរាជវាំង Istana Negara។ សម្តេចធិបតី ក៏នឹងមានជំនួបជាមួយ ឯកឧត្តម ដាទុ ម៉ូតាំង តាហ្កាល់ ប្រធានព្រឹទ្ធសភា និង ឯកឧត្តមបណ្ឌិត ហ្សូហារី ប៊ីន អាប់ឌុល ប្រធានរដ្ឋសភាម៉ាឡេស៊ី នៅវិមានរដ្ឋសភាផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តមនាយករដ្ឋមន្ត្រី អាន់វ៉ា ស៊ីប្រាហ៊ីម នឹងមានកិច្ចប្រជុំ ទ្វេភាគីដើម្បីពិភាក្សាលើវិស័យនៃកិច្ចសហប្រតិបត្តិការជាច្រើន ដែលផ្តល់ប្រយោជន៍ទៅវិញទៅមកដល់ប្រទេស ទាំងពីររួមមាន នយោបាយ-សន្តិសុខ ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការងារ ឧស្សាហកម្មអាហារ ហាឡាល់ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាឌីជីថល និងសន្តិសុខថាមពល ។ បន្ទាប់មក នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាង ធនាគារជាតិ នៃកម្ពុជា និងធនាគារកណ្ដាលម៉ាឡេស៊ី ស្ដីពីកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និង ប្រព័ន្ធទូទាត់សងប្រាក់។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចធិបតី នឹងអញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-ម៉ាឡេស៊ី ដោយថ្លែងសុន្ទរកថាគន្លឹះ និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគ យល់គ្នា ចំនួន២ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ទៅកាន់ប្រទេសម៉ាឡេស៊ី នាពេលខាងមុខ នឹងរួមចំណែក ក្នុងការធ្វើឱ្យទំនាក់ទំនងដ៏យូរលង់រវាងកម្ពុជា និងម៉ាឡេស៊ីកាន់តែស៊ីជម្រៅថែមទៀត ទាំងក្នុងក្របខ័ណ្ឌ ទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ និងតំបន់៕

អត្ថបទដែលជាប់ទាក់ទង