ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដូងក្រអូបបាត់ដំបង ពេញនិយមសម្រាប់អ្នកទេសចរណ៍

57

បាត់ដំបង៖ អ្នកទេចរណ៍ដែលចូលទៅកំសាន្តនៅខេត្តបាត់ដំបង រមែងចង់ភ្លក់រសជាតិទឹកដូងក្រអូបគឺជាប្រភេទដូងម្យ៉ាងតូចៗល្មមមិនធំដូចដូងធម្មតាហើយមានរសជាតិផ្អែមក្រអូបប្រហើររស្រដៀងគ្នាទៅនឹងដូងតឹកកែ។ចំណោមដំណាំហូបផ្លែដែលប្រកបដោយឱជារសដូចជាក្រូចថ្លុង ក្រូចពោធិសត់និងស្វាយខ្ទិៈជាដើមដូងក្រអូបក៏អាចចាត់បញ្ចូលទៅក្នុងចំណោមផលិតផលសម្គាល់ភូមិសាស្ត្ររបស់ខេត្តបាត់ដំបង។

បច្ចុប្បន្ននេះមានអ្នកនិយមចូលចិត្តដាំប្រភេទដូងក្រអូបនេះច្រើនណាស់ស្ទើរគ្រប់ស្រុកព្រោះវាជាប្រភេទដូងមានដើមទាបតឿងាយស្រួលក្នុងការប្រមូលផលហើយមានតម្លៃថ្លៃជាងដូងធម្មតា ប្រការដែលសំខាន់គឺភ្ញៀវទេសចរចូលចិត្តទិញទទួលទាន នៅពេលណាបានទៅលេងបាត់ដំបង។ដូងក្រអូបអាចទទួលទានបានដោយយកទឹក កោសសាច់ឆៅធម្មតា ឬយកទៅកែច្នៃធ្វើជាចាហួយក៏បាន។

អ្នកស្រីដាំ សុផល រស់នៅភូមិកំពង់ពពិល ឃុំវត្តពាម ស្រុកសង្កែ ខេត្តបាត់ដំបងដែលជាអ្នកប្រមូលទិញដូងក្រអូបមកលក់បន្ត បានរៀបរាប់ឱ្យដឹងនៅថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ២០២៤ នេះថា៖ អ្នកស្រីប្រកបមុខរបរលក់ដូងក្រអូបនេះជាង ១០ឆ្នាំមកហើយ ពីព្រោះមុខរបរនេះជួយឲ្យអ្នកស្រីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារបាន។ ដោយសារវាជាទម្លាប់រកស៊ីរបស់ក្រុមគ្រួសារអ្នកស្រី កសិករជាច្រើនដែលដាំដូងក្រអូបតែងហៅអ្នកស្រីឲ្យទៅទិញដល់ចំការតែម្តង ។សព្វអ្នកស្រីដាំ សុផលនិងស្វាមីទៅទិញដូងពីកសិករដែលជាអ្នកដាំដល់ចំការតែម្តងហើយយកមកលក់រាយនៅក្រុងបាត់ដំបងសម្រាប់អ្នកនៅទីនេះផ្ទាល់ និងអ្នកមកពីខេត្តផ្សេងៗដែលគេមកលេងកំសាន្តនៅបាត់ដំបង។

អ្នកស្រីបានបន្តថា កាលពីឆ្នាំមុនៗគឺអ្នកស្រីទៅទិញដូងពីចម្ការផ្ទាល់នៅក្នុងស្រុកឯកភ្នំ ប៉ុន្តែដូងនៅទីនោះគឺទិញម្ដងបានត្រឹមតែ៥០០ផ្លែប៉ុណ្ណោះវាមិនគ្រប់គ្រាន់សម្រាប់លក់មួយថ្ងៃៗផងដោយសារតែចំការរបស់អ្នកស្រុកឯកភ្នំមានដីតូចៗ ដូច្នេះផ្លែដូងក្រអូបហ្នឹងក៏មិនសូវសម្បូរទើប ក្រោយៗមកអ្នកស្រីក៏បានសម្រេចចិត្តចុះទៅទិញដល់ស្រុករតនមណ្ឌក បាណន់និងមោងឬស្សីជាដើមដែលនៅទីនោះចម្ការដូងក្រអូបដែលគេដាំលើផ្ទៃដីធំទូលាយអាចធ្វើឲ្យអ្នកស្រីទិញម្ដងៗបាន ១០០០ទៅ២០០០ ផ្លែ ដើម្បីយកមកលក់រាយដោយមិនចាំបាច់ខាតជើងច្រើនសារ។
អ្នកស្រីដាំ សុផលនិយាយថាការប្រកបមុខរបរនេះកាក់កបនិងសល់ប្រាក់មិនច្រើនប៉ុន្មានដែរទេព្រោះលើកពីចម្ការមកមួយផ្លែ២០០០រៀល បើយកមកលក់រាយគឺបានត្រឹមមួយផ្លែ២៥០០រៀលទៅ៣០០០រៀលតាមរដូវកាល។ប៉ុន្តែបើអ្នកស្រីកាប់ដូងលក្ខណៈឆ្វៀលក្រឡឹងដោយយកសំបកនិងលលាដ៏ចេញនោះអ្នកស្រីអាចលក់បានមួយផ្លែ ៣៥០០រៀល ប៉ុន្តែនៅក្នុងចំណោមដូង ១០០ ផ្លែពេលកាប់លក់អាចជួបបញ្ហាខ្លះៗដោយសារមានដូងខែស៊ីពី ៥ ផ្លែទៅ ១០ផ្លែដែលយើងមើលនឹងភ្នែកពីសំបកក្រៅមិនអាចដឹងបានឡើយ។ បច្ចុប្បន្ននេះក្នុងមួយថ្ងៃអ្នកស្រីសុផលអាចលក់បានពី ៧០ផ្លែទៅ១០០ ផ្លែហើយមានថ្ងៃខ្លះអាចឈានដល់ ១៥០ ផ្លែប្រសិនបើរដូវបុណ្យទានអាចលក់បានច្រើនជាងនេះ។ដោយសារតែពេលនេះជារដូវក្តៅដូច្នេះអ្នកធ្វើដំណើរកំសាន្តក៏ដូចជាអ្នកស្រុកត្រូវការទឹកដូងដើម្បីជួយទ្រទ្រង់រាងកាយដូច្នេះអ្នកស្រីក៏អាចរកប្រាក់កម្រៃបានល្មមសមគួរសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ៕សំរិត

អត្ថបទដែលជាប់ទាក់ទង