ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ស្នើសុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្របសម្រួលក្នុងការងារវិនិយោគ ធុរកិច្ច និងពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាមេរិក មកកម្ពុជា

54

 

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន(US-ASEAN Business Council) ដែលមានការចូលរួមពីបណ្ដាក្រុមហ៊ុននានារបស់សហរដ្ឋអាមេរិក ដឹកនាំដោយឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព របស់សហរដ្ឋអាមេរិកប្រចាំកម្ពុជា នាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារសៀលថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងជំនួបពិភាក្សាការងារនេះ គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន(US-ABC) បានស្នើសុំការសម្របសម្រួលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការងារវិនិយោគ ធុរកិច្ច និងពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាមេរិកមកកម្ពុជា ហើយជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបអំពីការត្រៀមខ្លួនរួចរាល់ជាស្រេចរបស់ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការសម្របសម្រួលកិច្ចការងារវិនិយោគរបស់ក្រុមហ៊ុន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី តាមរយៈជំនួបនេះក៏បានជម្រាបជូនគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន លើទិសដៅធ្វើពិពិធកម្មផលប័ត្រវិនិយោគពីបណ្ដាប្រទេសនានា ដោយហេតុថាកម្ពុជាមានច្បាប់វិនិយោគដែលបើកចំហរទូលាយជូនវិនិយោគិន ពីគ្រប់បណ្ដាប្រទេសទាំងអស់។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចឡើងអំពីផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុរភាកម្មកម្ពុជា ២០២៣-២០៣៣ ដែលក្នុងផែនការនេះមានគម្រោងវិនិយោគសរុបចំនួន ១៧៤គម្រោង គ្រោងប្រើប្រាស់ថវិកាវិនិយោគសរុបចំនួន ៣៦,៦ប៊ីលានដុល្លាអាមេរិក។

សូមជម្រាបជូនថា គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន(US-ABC) បានចូលជួបសម្ដែងការគួរសម សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ផងដែរកាលពីព្រឹកមិញនេះ ដោយក្រុមហ៊ុនវិនិយោគមានចំនួន ១៧ក្រុមហ៊ុន រួមមាន៖
១. ក្រុមហ៊ុន Abbott ប្រចាំកម្ពុជា ជាប្រភេទក្រុមហ៊ុនធ្វើអាជីវកម្មលើអាហារូប្ថម្ភ (Nutrition)
២. ក្រុមហ៊ុន ADM ដែលជាក្រុមហ៊ុនឈានមុខលើការផ្គត់ផ្គង់ផលិតផលអាហារ និងភេសជ្ជៈ
៣. ក្រុមហ៊ុន Chevron ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Caltex
៤. ក្រុមហ៊ុន ConocoPhilips ដែលជាក្រុមហ៊ុនឈានមុខមួយលើពិភពលោក ក្នុងផ្នែករុករក និងផលិត ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិ
៥. ក្រុមហ៊ុន Estée Lauder Companies ដែលជាក្រុមហ៊ុនផលិត ធ្វើទីផ្សារ និងចែកចាយផលិតផលគ្រឿងសម្អាង
៦. ក្រុមហ៊ុន FedEx Express គឺជាក្រុមហ៊ុនដែលផ្គត់ផ្គង់លើសេវាកម្មដឹកជញ្ជូន ពាណិជ្ជកម្មអេឡិចត្រូនិក (e-commerce) និងសេវាកម្មធុរកិច្ច
៧. ក្រុមហ៊ុន Ford ដែលជាក្រុមហ៊ុនផលិត និងតម្លើងរថយន្តដ៏ល្បីល្បាញរបស់អាមេរិក
៨. ក្រុមហ៊ុន Jhpiego ដែលជាក្រុមហ៊ុនធ្វើអាជីវកម្មលើវិស័យសុខាភិបាល
៩. ក្រុមហ៊ុនធានារ៉ាប់រង Manulife
១០. ក្រុមហ៊ុន Mastercard ដែលជាក្រុមហ៊ុនផ្តល់សេវាទូទាត់ហិរញ្ញវត្ថុទូទាំងសកលលោក
១១. ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់បណ្តាញសង្គម Facebook និង Instagram
១២. ក្រុមហ៊ុន Pfizer ប្រចាំប្រទេសថៃ និងឧបទ្វីបឥណ្ឌូចិន ។ Pfizer គឺជាក្រុមហ៊ុនផលិតឱសថ និងវ៉ាក់សាំងឈានមុខមួយរបស់អាមេរិក
១៣. ក្រុមហ៊ុន Philip Morris International
១៤. ក្រុមហ៊ុន RMA Group ដែលជាក្រុមហ៊ុនឈានមុខក្នុងការនាំចូល និងតំឡើងរថយន្ត, សម្ភារបរិក្ខារ, សេវាកម្ម និង franchises លើផ្នែកម្ហូបអាហារ
១៥. ក្រុមហ៊ុន Roche ដែលជាក្រុមហ៊ុនផ្តោតលើបរិវត្តកម្មបច្ចេកវិទ្យាលើវិស័យសុខាភិបាល
១៦. ក្រុមហ៊ុន Tilleke & Gibbins ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មមេធាវី
១៧. ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនផ្តល់សេវាទូទាត់ហិរញ្ញវត្ថុទូទាំងសកលលោក៕

អត្ថបទដែលជាប់ទាក់ទង