ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងរ៉ែនិងថាមពល ចេញសេចក្តីប្រកាសព័ត៌មានស្តីពីយុទ្ធនាការបង្ក្រាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ស្ថិតនៅភូមិសាស្ត្រតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី

35

 

ខេត្តមណ្ឌលគិរី ៖ ក្រសួងរ៉ែនិងថាមពល ថ្ងៃទី ២ ខែមីនា ឆ្នាំ២០២៤បានចេញសេចក្តីប្រកាសព័ត៌មានថា រយៈពេល៣ ថ្ងៃចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នេះ ក្រសួងរ៉ែនិងថាមពល ដែលមានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរីជាសេនាធិការ ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ក្រោមកិច្ចសម្របសម្រួលរបស់ស្ថាប័នអយ្យការខេត្តមណ្ឌលគិរី បានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំនៅលើ ទីតាំងអាជីវកម្មរ៉ែមាសអនាធិតេយ្យស្ថិតនៅក្នុងតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ក្នុងតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីនេះ គឺជាតំបន់អាជីវកម្មរ៉ែមាសបែបលក្ខណៈគ្រួសារតាំងពីអំឡុងឆ្នាំ១៩៨៧ ដែលមានប្រជាពលរដ្ឋប្រកបរបរជីកយកនិងរែងមាសដោយដៃតាមលក្ខណៈគ្រួសារ។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានការប្រែប្រួលពីលក្ខណៈគ្រួសារ ដែលធ្វើដោយដៃនិង ឧបករណ៍សាមញ្ញ ទៅជាប្រើគ្រឿងចក្រ រំសេវជាតិផ្ទុះ និងសារធាតុគីមី ដោយមានការជីករូងជាអណ្ដូងរ៉ែ ក្រោមដី។ សកម្មភាពអនាធិបតេយ្យដែលមានជាយូរមកហើយនេះ ក្រសួងរ៉ែនិងថាមពលធ្លាប់បានចុះ បង្ក្រាបកាលពីឆ្នាំ២០១៧ និងមានការផ្សព្វផ្សាយជាបន្តបន្ទាប់រួចមកហើយ ប៉ុន្តែសកម្មភាពទាំងអស់នេះនៅ តែកើតមាន ទោះបីជាមន្ទីររ៉ែនិងថាមពលខេត្តមណ្ឌលគិរី បានសហការជាមួយអាជ្ញាធរដែនដីចុះអប់រំ និង ទប់ស្កាត់ក៏ដោយ។ ជាក់ស្ដែងនាពេលថ្មីៗនេះ សកម្មភាពជីករ៉ែអនាធិបតេយ្យនៅក្នុងតំបន់នេះ នៅតែបន្តមានកាន់តែធ្ងន់ធ្ងរជាមួយនឹងការប្រើប្រាស់សារធាតុគីមី រំសេវជាតិផ្ទុះថ្មបំបែក និងជីករូងអណ្ដូងរ៉ែក្រោមដី ដែលអាចបង្កគ្រោះថ្នាក់បំផុត។ ក្រៅពីនេះសកម្មភាពអាជីវកម្មអនាធិបតេយ្យទាំងនេះ បន្តបង្កឱ្យមានការ បាត់បង់ទ្រព្យសម្បត្តិជាតិ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន បង្កជាហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាព របស់អ្នកធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យខ្លួនឯង ព្រមទាំងប្រជាពលរដ្ឋនៅក្នុងនិងក្រៅមូលដ្ឋាន។

ក្រសួងរ៉ែនិងថាមពលប្តេជ្ញាបញ្ចប់នូវសកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែ ដោយស្របច្បាប់ ដែលនាំមកនូវផលប្រយោជន៍ជាតិជាច្រើនមានជាអាទិ៍ ការបង្កើតឱ្យមានឱកាសការងារនៅនឹងកន្លែងនិងប្រយោល ការចូលរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម និងការបិទជានូវផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិងសង្គម ព្រមទាំងចូលរួមចំណែកអភិវឌ្ឍសហគមមូលដ្ឋានតាមរយៈ ការធ្វើអាជីវកម្មរ៉ែប្រកបដោយចីរភាព។

ឆ្លៀតឱកាសនេះ ក្រសួងរ៉ែនិងថាមពល សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យបញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ ហើយចូលរួមទប់ស្កាត់ដោយ ធ្វើការជូនដំណឹងអំពីសកម្មភាពរ៉ែអនាធិបតេយ្យមកក្រសួងរ៉ែនិងថាមពល ៕

 

អត្ថបទដែលជាប់ទាក់ទង