ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនក្មេងទំនើង៣នាក់​ ជិះម៉ូតូដេញតាមវាយក្រុមជនរងគ្រោះ ធ្វើឲ្យម៉ូតូ១គ្រឿងបុកបង្គោលភ្លើងបណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់

25

 

កណ្ដាល៖ ដោយអនុវត្តតាមការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល
កម្លាំងជំនាញរបស់ស្នងការដ្ឋាននិងកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដោយមានការសហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ក្រាបករណី៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបណ្តាលឲ្យមរណភាពនៃជនរងគ្រោះ ដែលបានកើតហេតុនៅថ្ងៃទី២ខែមីនាឆ្នាំ២០២៤ ម៉ោង១និង៣៨នាទី ចំណុចផ្លូវកោងផ្លូវ២១Aមុខបេនត្រែ ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះ៣នាក់៖ ១-ឈ្មោះម៉ាត់ សាស់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់ដូរ (ស្លាប់)។ ២-ឈ្មោះ ម៉ាន ស្នាវី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់ដូរ (របួសធ្ងន់ត្រង់ក្បាលកំពុងព្យាបាលនៅប្រទេសវៀតណាម)។ ៣-ឈ្មោះ សាន់ សះម៉ាត់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់ដូរ (រងរបួសស្រាល)។

ជនសង្ស័យ៨នាក់ ឃាត់បាន៣នាក់ គេចខ្លួន៥នាក់ មានដូចខាងក្រោម៖ ១-ឈ្មោះ សំអាត សំផាត់ ភេទប្រុស ទីលំនៅភូមិស្វាយ ឃុំព្រាល ស្រុកកញ្ចៀក ខេត្តព្រៃវែង, មុខរបរកម្មកររោងចក្រ(ឃាត់ខ្លួន)។ ២-ឈ្មោះយឹម បញ្ញា ភេទប្រុស មានទីលំនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាធានីភ្នំពេញ,មុខរបរនៅផ្ទះ(ឃាត់ខ្លួន)។ ៣-ឈ្មោះ គុម សារិត ហៅបារាំង ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល,មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។ ជនសង្ស័យទាំង៣នាក់ គ្មានសារធាតុញៀនក្នុងទឹកនោម(-)។

សម្ភារខូចខាត៖ ម៉ូតូ១គ្រឿងម៉ាកសង់ស៊េរី២០២០ ពណ៌ខ្មៅ ផ្លាកលេខ កណ្តាល១AK៥៣៤៥(បែកកុងទ័រ បែកក្បាំង បែកចង្កៀងមុខ និងស្តុប)។
វត្ថុតាងចាប់យក៖ ១-ម៉ូតូ១គ្រឿងម៉ាកNEX ពណ៌ខៀវលាយស ស្លាកលេខរតនគិរី 1G-9923(ម៉ូតូរបស់ជនសង្ស័យឈ្មោះ សំអាតសំផាត់ជិះឌុបឈ្មោះយឹម បញ្ញា)។ ២-ម៉ូតូ១គ្រឿងម៉ាកHonda c125ពណ៌ខ្មៅស៊េរី២០២៣ ផ្លាកលេខភ្នំពេញ1KJ-4503 (របស់ជនសង្ស័យឈ្មោះគុមសារិត)។

កម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ពីសភាពរឿងហេតុថា មុនពេលកើតហេតុកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ម៉ោង២២និង១០នាទី ជនរងគ្រោះ៣នាក់ខាងលើ បានជិះម៉ូតូឌុបគ្នាទៅស៊ីផឹកនៅកោះពេជ្រ ដោយឈ្មោះម៉ាត់សាស់ ជាអ្នកបើកម៉ូតូ ឈ្មោះម៉ានស្នាវី អង្គុយកណ្តាល រីឯឈ្មោះ សាន់ សះម៉ាត់ អង្គុយខាងក្រោយ ដោយទៅជាមួយមិត្តភក្តិ៣នាក់ទៀត ជិះម៉ូតូមួយគ្រឿងទៀតម៉ាកសង់។ លុះផឹកដល់វេលាម៉ោង០០និង៣០នាទី ចូលថ្ងៃទី២ខែមីនាឆ្នាំ២០២៤ ជនរងគ្រោះទាំង៣នាក់ និងមិត្តភក្តិ៣នាក់ ទៀតក៏ឈប់ផឹក ហើយនាំគ្នាជិះទៅញ៉ាំអីនៅម្តុំព្រែកប្រា ខណ្ឌច្បាអំពៅ វិញម្តង។ លុះញ៉ាំអីនៅព្រែកប្រារួចហើយ ជនរងគ្រោះទាំង៣នាក់ និងមិត្តភក្តិ៣នាក់ទៀត បានជិះម៉ូតូត្រឡប់មកផ្ទះនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅវិញ ។ លុះជិះមកដល់ចំណុចរង្វង់មូលគល់ស្ពានវត្តព្រែកសំរោង ក៏ជួបក្រុមជនសង្ស័យខាងលើ ហើយមើលមុខគ្នា ពេលនោះក្រុមជនសង្ស័យបានជិះម៉ូតូដេញតាមដោយមានកាន់ដាវមួយជាប់ដៃ ហើយជនរងគ្រោះទាំងបីនាក់ បានបើកម៉ូតូយ៉ាងលឿនរត់គេច រួចហើយម៉ូតូជនរងគ្រោះបានជ្រុលទៅបុកនឹងបង្គោលភ្លើងជាប់ផ្លូវ២១A នៅចំណុចផ្លូវកោងមុខបេនត្រែ បណ្តាលឲ្យមានរបួសធ្ងន់២នាក់និងស្រាល១នាក់ ពេលនោះក៏មានប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានចេញមកមើល ចំណែកជនសង្ស័យទាំង៥នាក់ បានជិះគេចខ្លួនបាត់ទៅ។ ក្រោយកើតហេតុរួច ជនរងគ្រោះទាំង៣នាក់ត្រូវបានមិត្តភក្តិដឹកយកទៅព្យាបាលនៅមន្ទីពេទ្យរុស្សី ហើយជនរងគ្រោះ ឈ្មោះម៉ាត់សាស់ បានស្លាប់ដោយសារបែកថ្លើម រីឯជនរងគ្រោះម្នាក់ទៀតឈ្មោះម៉ានស្នាវី រងរបួសធ្ងន់ត្រង់ក្បាលត្រូវបានបញ្ជូនបន្តទៅព្យាបាលនៅប្រទេសវៀតណាម ចំណែកជនរងគ្រោះម្នាក់ទៀតរបួស្រាលឈ្មោះសាន់សះម៉ាត់ ត្រូវគ្រូពេទ្យអនុញ្ញាតឲ្យចេញទៅផ្ទះដើម្បីព្យាបាលបន្ត។

លុះមកដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចបានចុះស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ យកមកសាកសួរដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីតែម្តង។

តាមការសាកសួរក្រុមជនសង្ស័យបានឆ្លើយសារភាពថា ក្រុមរបស់ខ្លួនពិតជាបាននាំគ្នាជិះម៉ូតូ ដេញតាមវាយក្រុមជនរងគ្រោះចំនួន២ម៉ូតូមានគ្នា៦នាក់ ធ្វើឲ្យម៉ូតូ១គ្រឿងបុកបង្គោលភ្លើងបណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ ហើយម្នាក់ទៀតរងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ប្រាកដមែន តែក្រុមរបស់ខ្លួនគ្មានប្រើអាវុធ រឺដាវនោះទេ។

បច្ចុប្បន្នក្រុមជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីសាកសួរកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង