ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញដើម្បីពិនិត្យលើការងារឡើងវិញ សំដៅធ្វើយ៉ាងណាបំរើផលប្រយោជន៍ ជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរ

30

ភ្នំពេញ៖ ឯកឧត្តមឃួង ស្រេងអភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ បានដឹននាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តមឃួង ស្រេង បានថ្លែងអរគុណចំពោះអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធដែលបានលះបង់អស់កម្លាំងកាយចិត្តក្នុងការបំរើភាពសុខសាន្តជូនប្រជាពលរដ្ឋ រហូតទទួលបាននូវការគោរពស្រលាញ់និងការជឿទុកចិត្តមកលើរាជរដ្ឋាភិបាលរបស់យើងរហូតមកដល់ពេលនេះ។

ឯកឧត្តម បានបន្តទៀតថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញនេះ ធ្វើឡើងដើម្បីពិនិត្យលើការងាររបស់យើងឡើងវិញ ថាតើនៅខ្វះខាត ចន្លោះប្រហោងអ្វីខ្លះ ដើម្បីយើងយកមកបំពេញបន្ថែម សំដៅធ្វើយ៉ាងណាបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរទាំងការរក្សាសន្តិសុខ សុវត្ថិភាពនិងការផ្តល់សេវាសាធារណៈជូនពួកគាត់ជាដើម។

ឯកឧត្តមអភិបាលរាជធានីបានបញ្ជាក់យ៉ាងដូច្នេះថា ការដោះស្រាយចរាចរណ៍ជារឿងមួយដែលយើងបានដោះស្រាយ ចោរឆក់ត្រូវបានទប់ស្កាត់និងកាត់បន្ថយបានច្រើន តែយើងក៏នៅមានចំណុចចន្លោះប្រហោងខ្លះដែរ ដែលយើងរួមគ្នាដើម្បីអោយបានប្រសើរឡើង ដូចជាការទប់ស្កាត់បង្ក្រាបក្មេងទំនើង ការបង្ក្រាបគ្រឿងញៀននិងល្បែងស៊ីសងជាដើម។

លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងថា៖ នៅរាជធានីភ្នំពេញមានមណ្ឌលកំសាន្តចំនួន៣៦៣ទីតាំងអាជីវកម្ម ដែលមាន ការ៉ាអូខេចំនួន២៧២ទីតាំង ក្លឹបចំនួន៤៦ទីតាំងនិងប៊ៀហ្គាឌិនចំនួន៤៥ទីតាំង។

ចំពោះទីតាំងអាជីវកម្មខាងលើនេះ ឯកឧត្តមឃួង ស្រេង បានជម្រុញអោយមានផែនការទប់ស្កាត់បញ្ហាគ្រឿងញៀន ពិសេសអាជ្ញាធរខណ្ឌទាំង១៤ត្រូវចុះពិនិត្យមើលទីតាំងដែលមានហានិភ័យ ចំពោះគ្រឿងញៀននេះ ដើម្បីមានវិធានការលើការបង្ក្រាប លុបបំបាត់គ្រឿងញៀនអោយបាន។បញ្ហាគ្រឿងញៀនត្រូវតែមានវិធានការលុបបំបាត់ មិនថាទីតាំងអាជីវកម្មខាងលើ នៅតាមសាលារៀននិងទីតាំងផ្សេងៗទៀតឡើយ គឺត្រូវរួមគ្នាដើម្បីលុបបំបាត់។

ឯកឧត្តមអភិបាលមានប្រសាសន៍ថា កាមេរ៉ាសុវត្ថិភាពបានជួយលើការងារយើងសព្វបែបយ៉ាង ទាំងការងារសន្តិសុខ សុវត្ថិភាពនិងការងារបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋជាដើម។ ត្រូវបន្តទប់ស្កាត់ បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ជាមួយនិងការបំផុស ផ្សព្វផ្សាយប្រជាពលរដ្ឋអោយបង្ការទប់ស្កាត់គ្រោះអគ្គីភ័យ ដោយសារតែរដូវនេះជារដូវក្តៅ ងាយរងគ្រោះដោយអគ្គីភ័យបើយើងមិនមានការប្រុងប្រយ័ត្នខ្ពស់។

នៅពេលគោរពទង់ជាតិ នៅតាមសាលារៀនដែលធ្វើឡើង១សប្ដាហ៍២ដង អាជ្ញាធរខណ្ឌទាំង១៤ ត្រូវផ្សព្វផ្សាយ ពីផលប៉ះពាល់នៃគ្រឿងញៀន ដល់សិស្សានុសិស្ស ដើម្បីអោយពួកគាត់ ដើរអោយឆ្ងាយពីគ្រឿងញៀន ឆ្លើយថា ទេចំពោះគ្រឿងញៀន និងដើរអោយឆ្ងាយពីក្រុមបងតូច បងធំជាដើម។

បើតាមឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែង ជម្រុញអោយអាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ ក្រុមការងារ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បន្តសហការជាមួយកងពលតូចលេខ៧០ ក្នុងចុះបាញ់ថ្នាំមូសនៅសង្កាត់ទាំង១០៥ សំដៅធ្វើយ៉ាងណា លុបបំបាត់ឲ្យអស់មូសខ្លា និងគ្មានជំងឺគ្រុនឈាម។

សូមអោយអាជ្ញាធរខណ្ឌចុះមើលទីតាំង នៅមុខ សាលារៀន ភោជនីដ្ឋាន ឬកន្លែងអាជីវកម្មផ្សេងៗទៀត ខណៈអាណាព្យាបាល មកយកកូន ឬមកទទួលសេវាផ្សេងៗ បណ្តាលអោយមានការកកស្ទះចរាចរណ៍ ត្រូវចុះដោះស្រាយភ្លាមៗ កុំអោយកកស្ទះចរាចរណ៍៕

អត្ថបទដែលជាប់ទាក់ទង