ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មេងស្រីសិស្សសាលា៣នាក់ ជិះម៉ូតូឌុបគ្នាទៅរៀន ត្រូវរថយន្តដឹកទឹកសុទ្ធ កិនស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់ នៅផ្លូវជាតិលេខ៤

61

រាជធានីភ្នំពេញ ៖ រថយន្តដឹកទឹកបរិសុទ្ធរបស់ក្រុមហ៊ុនឪរ៉ាល់ បើកលឿនដូចហោះជាន់ហ្វ្រាំងមិនស៊ីជ្រុលទៅបុកក្មេងស្រីសិស្សសាលា ដែលកំពុងជិះដឹកគ្នាទៅសាលា បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ពីរនាក់ កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៍មាននៅទីតាំងកើតហេតុខាងលើបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញក្មេងស្រីទាំងបីនាក់ខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកគុបពណ៌ទឹកប៊ិចពាក់ផ្លាកលេខបន្ទាយមានជ័យ1S-0512 ជិះឌុបគ្នាចេញពីផ្ទះបម្រុងទៅសាលារៀនក្នុងទិសដៅពីលិចទៅកើត ខណ: មកដល់ចំណុចកើតហេតុក៏មានរថយន្តក្រុមហ៊ុនដឹកទឹកពិសាបរិសុទ្ធឪរ៉ាល់មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3E-2791 បើកបរដោយបុរសម្នាក់ក្នុងទិសដៅបញ្រ្ចាសគ្នា ពីកើតទៅលិចហើយបានវ៉ារថយន្តមួយគ្រឿងទៀត ក្នុងល្បឿនយ៉ាងលឿនបានរេចង្កូតបុកម៉ូតូក្មេងសិស្សសាលា ដែលកំពុងដឹកគ្នាពេញទំហឹងបណ្តាលឲ្យក្មេងស្រីអាយុ១០ម្នាក់ ធ្លាក់ពីលើម៉ូតូចូលក្រោមកង់រថយន្ត ត្រូវរថយន្តខាងលើកិនស្លាប់ភ្លាមៗតែម្តង ចំណែកក្មេងស្រីពីរនាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ដោយឡែកអ្នកបើកបររថយន្តបង្កខាងលើ បានព្យាយាមបើករត់គេចខ្លួន ប៉ុន្តែត្រូវបានអ្នកដំណើរ ដែលបានឃើញហេតុការណ៍ខាងលើនេះ បាននាំគ្នាដេញស្ទាក់ឃាត់ចាប់បាន ភ្លាមៗ រួចប្រគល់់ឲ្យសមត្ថកិច្ចចាត់ការបន្ត។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន រួមជាមួយនិងកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការរាជធានីភ្នំពេញ បានចុះទៅពិនិត្យកាម៉េរ៉ាសុវត្ថិភាព និងធ្វើការវាស់វែង នៅទីតាំងកើតហេតុខាងលើ និងយករថយន្តបង្ក និងម៉ូតូទៅរក្សាទុក ដើម្បីដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ រីឯសពក្មេងស្រីរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង