ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផឹកសុីជាមួយឪពុកបង្កើត លុះពេលស្រវឹងក៏មានទំនាស់ជាមួយប្រពន្ធ, ឪពុកឃាត់កុំឱ្យវាយប្រពន្ធ បែរជាកូនប្រុសហ៊ានលើកដៃប្រល័យជីវិតឪពុកបង្កើតខ្លួនឯង

32

ខេត្តកណ្តាល៖ ជនសង្ស័យជាកូនប្រុសម្នាក់ប្រើប្រាស់គ្រឿងញៀន និងបានផឹកសុីជាមួយឪពុកបង្កើត លុះពេលស្រវឹងក៏មានទំនាស់ជាមួយប្រពន្ធទើបសម្រាលកូន រួចវាយប្រពន្ធ២ដៃ។ បន្ទាប់ពីបានឃើញដូច្នេះ បុរសជាឪពុករូបនោះបានចូលទៅឃាត់ ក៏ត្រូវជននោះធ្វើការប្រវាយប្រតប់គ្នាជាមួយគាត់ ហើយត្រូវបានកូនប្រុសម្នាក់ទៀតរួមទាំងអ្នកជិតខាងចូលទៅជួយឃាត់បំបែក ។ ប៉ុន្តែជនសង្ស័យជាកូនប្រុសរូបនោះមិនព្រមស្ងប់ចិត្តទេ បានរត់ទៅយកកាំបិតផ្គាក់រួចកាប់ឪពុកជាច្រើនកាំបិត រហូតដល់ដួលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង ប៉ុន្តែឈាមស្រែកស្បែកហៅ ជនសង្ស័យជាកូននោះក៏ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗផងដែរ។

ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី១០ ខែមិនា ឆ្នាំ២០២៤ នៅភូមិទន្លាប់ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ជនដៃដល់ជាកូនឈ្មោះ សួន រតនៈ ភេទបុ្រស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកើតហេតុខាងលើ ជននេះប្រើប្រាស់ថ្នាំញៀន ព្រោះសមត្ថកិច្ចពិនិត្យឃើញមានសារធាតុ ញៀនក្នុងទឹកនោម។ ដោយឡែកជនរងគ្រោះជាឪពុកដែលបាត់បង់ជីវិតឈ្មោះ សួន ផល្លីង អាយុ៥៩ឆ្នាំ មុខរបរជាមន្រ្តីយោធា រស់នៅភូមិក្នុងភូមិកើតហេតុនោះដែរ ។ សពជនរងគ្រោះមានស្លាកស្នាមរបួសលើថ្ងាសខាងស្ដាំ១កាំបិតទំហំ២សង្ទីម៉ែត្រ កណ្ដាលក្បាល១កាំបិតប្រវែង៧សង្ទីម៉ែត្រ និងកញ្ចឹងកខាងឆ្វេង១កាំបិតប្រវែង១០សង្ទីម៉ែត្រ។

តាមប្រភពពត៌មានពីបុរសម្នាក់ឈ្មោះយូ ថា អាយុ៣៧ឆ្នាំ មុខរបរកសិករ ស្នាក់នៅក្នុងភូមិកើតហេតុបានប្រាប់សមត្ថកិច្ចឱ្យដឹងថា នៅវេលារសៀលថ្ងៃកើតហេតុ ជនរងគ្រោះដែលជាឪពុករួមជាមួយជនដៃដល់ដែលជាកូន និងកូនប្រុសម្នាក់ទៀតឈ្មោះ សួន រតនា បាននាំគ្នាផឹកស្រាថ្នាំអស់កន្លះលីត្រ។ បន្ទាប់មកជនដៃដល់បានជិះម៉ូតូទៅទិញស្រាបៀរថែមកន្លះកេសទៀត និងបានផឹកសុីជុំគ្នាបន្ត លុះបានមួយសន្ទុះក្រោយមក ជនដៃដល់ជាកូនរូបនោះបានដើរចូលទៅក្នុងផ្ទះ ហើយមានការឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ព្រមទាំងវាយប្រពន្ធដែលទើបនឹងសម្រាលកូនចំនួន២ដៃទៀតផង។

តាមប្រភពដដែលបានប្រាប់សមត្ថកិច្ចទៀតថា បន្ទាប់ពីបានឃើញបែបនេះ ជនរងគ្រោះជាឪពុកបានចូលឃាត់ ហើយក៏ត្រូវជនដៃដល់ជាកូនក៏បានប្រវាយប្រតប់គ្នាជាមួយឪពុកទៅវិញទៅមក ខណៈនោះកូនប្រុសម្នាក់ទៀតឈ្មោះ សួន រតនា និងខ្លួន(ឈ្មោះយូ ថា)បានចូលឃាត់បំបែកគ្នាឱ្យចេញក្រៅផ្ទះរៀងៗខ្លួន។ ប៉ុន្តែបន្តិចក្រោយមក ស្រាប់តែជនដៃដល់ជាកូនបានរត់ចូលទៅក្នុងរោងបាយរួចទាញយកកាំបិតផ្គាក់អត់ដង១ដើមមកធ្វើសកម្មភាពកាប់ទៅលើឪពុករហូតដល់ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។

សាក្សីរូបនោះបាននិយាយទៀតថា ពេលឃើញជនដៃដល់កាន់កាំបិតក្នុងដៃបែបនេះ គាត់រួមជាមួយអ្នកផ្សេងៗទៀតព្រមទាំឈ្មោះសួន រតនា មិនហ៊ានចូលទៅជិតនោះទេ ខ្លាចជនដៃដល់រូបនោះកាប់ស្លាប់ ព្រោះសូម្បីតែឪពុកបង្កើតក៏ហ៊ានលើកដៃកាប់សម្លាប់បែបនេះទៅហើយនោះ។ បន្ទាប់មកគាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រៃពួចឱ្យជួយអន្តរាគមន៍ភ្លាមៗ ហើយនគរបាលប៉ុស្តិ៍ខាងលើបានចុះទៅធ្វើការឃាត់ខ្លួនជនដៃដល់រួចនាំទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីសាកសួរ និងចាត់ការតាមនិតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង